នារី​ល្បុក្កតោ សំ ថារ័ត្ន ​​ប៉ះ​ម្ចាស់​ផ្ទះ​ហ្វីលីពីន ​​​ក្នុង​ទ្រុង​ ONE FC នា​ថ្ងៃ​ទី​៥ ធ្នូ

  • 2014-11-14 13:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាការិនី​​​​ល្បុក្កតោ​ខ្មែរ សំ ថារ័ត្ន នឹង​លេច​មុខ​​ប្រឈម​នឹង​ជើង​ខ្លាំង​​ម្ចាស់​ផ្ទះ​ហ្វីលីពីន​ក្នុង​​ព្រឹត្តិការណ៍​អន្តរជាតិ​ One FC: WARRIOR’S WAY នា​ថ្ងៃ​ទី​៥​ ខែ​ធ្នូ ឆ្នាំ​២០១៤​ខាង​មុខ​នេះ នៅ​ទី​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន។

 បន្ទាប់​បាន​ផ្តួល​មិត្ត​រួម​ជាតិ​ វី ស្រីឆាយ ក្នុង​ទឹក​ទី​១ នៅ​ព្រឹត្តិការណ៍​ One FC: Rise of the Kingdom កាល​ពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៤ នៅ​មណ្ឌល​កោះ​ពេជ្រ ​រាជ​ធានី​ភ្នំពេញ សំ ថារ័ត្ន​ ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​អ្នក​គ្រប់​គ្រង​ស្ថាប័ន One FC ដែល​កំពុង​តែ​ស្វែង​រក​អ្នក​ប្រដាល់​នារី​ចូល​រួម​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ។

ពេល​នេះ One FC ​បាន​ផ្តល់​ឱកាស​ឲ្យ សំ ថារ័ត្ន​ចូល​ខ្លួន​ប្រកួត​ជា​លើក​ទី​ពីរ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​​អន្តរជាតិ​ក្នុង​ទ្រុង​ដ៏​ធំ​របស់​ខ្លួន​ដោយ​ត្រូវ​ប្រឈម​នឹង​ជើង​ខ្លាំង​ Jujeath Nagaowa ដែល​ជា​កីឡា​ការិនី​ម្ចាស់​ផ្ទះ។ កីឡា​ការិនី​ហ្វីលីពីន​រូប​នេះ​ជា​អតីត​ម្ចាស់​ខ្សែ​ក្រវាត់​ប្រដាល់​សាកល​ WBC Asia Atomweight Champion ដែល​ធ្លាប់​ល្បី​ឈ្មោះ​នៅ​ ONE FC ហើយ​ បន្ទាប់​ពី​បាន​ផ្តួល​កីឡា​ការិនី​ឥណ្ឌា Jeet Toshi នៅ​ទី​ក្រុង​ម៉ានីល​កាល​ពី​ដើម​ឆ្នាំ​២០១៤។ សម្រាប់​អាជីព​ប្រដាល់​សាកល នាង​ធ្លាប់​ទទួល​បាន​ជ័យជម្នះ​១២​ដង​ជាប់​គ្នា។

កីឡាការិនី​ហ្វីលីពីន Jujeath Nagaowa

ក្នុង​ព្រឹត្តិការណ៍ FC: WARRIOR’S WAY នៅ​មាន​ជើង​ខ្លាំង​ជា​ច្រើន​ទៀត​ដែល​នឹង​បង្ហាញ​ខ្លួន​ដូច​ជា អ្នក​លេង​ល្បី​ឈ្មោះ Eduard Folayang កីឡា​ការិនី​អតីត​ម្ចាស់​ខ្សែ​ក្រវាត់​ប្រដាល់​សាកល WBO និង IBA នាង Ana Julaton ដែល​ប្រឈម​នឹង​កីឡា​ការិនី​អេហ្ស៊ីប Walaa Abas។ ចំណែក​ Rene Catalan ត្រូវ​ប្រកួត​នឹង​ជើង​ខ្លាំង​ Muay Thai កីឡាករ​ Dejdamrong Sor Amnuaysirichoke ព្រម​ទាំង​មាន​គូ​ប្រកួត​ជា​ច្រើន​ទៀត៕

ប្រែ​សម្រួល៖ ជាន ចាន់រ៉ា