សំអាង ឌុន ជើង​ឯក​ពាន Grand Prix របស់​ One FC រង​ការ​រិះ​គន់​ចាស់​ដៃ

  • 2014-09-15 21:24:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

អ្នក​ប្រដាល់​ក្នុង​ទ្រុង​ សំអាង ឌុន រង​ការ​រិះ​គន់​យ៉ាង​ខ្លាំង​​រយៈ​ពេល​ពីរ​បី​ថ្ងៃ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​រូប​គេ​ត្រូវ​បាន​ឲ្យ​ឈ្នះ​ពាន​រង្វាន់ Grand Prix របស់​ព្រឹត្តិការណ៍​ប្រដាល់​គុន​ចម្រុះ​អន្តរជាតិ One FC: Rise of the Kingdom កាល​ពី​រាត្រី​ថ្ងៃ​សុក្រ​សប្ដាហ៍​កន្លង​ទៅ​នេះ​នៅ​សាល​មហោស្រព​កោះ​ពេជ្រ បន្ទាប់​ពី​ដៃ​គូ ចាន់ រតនា​វាយ​ខុស​បច្ចេកទេស។

សំអាង ឌុន លើក​ពាន

 

ប្រភព​អ្នក​ស្និទ្ធ​នឹង​កីឡាករ​ម្នាក់​និយាយ​​ដោយ​មិន​បញ្ចេញ​ឈ្មោះ​​កាល​ពី​ថ្ងៃ​ម្សិល​មិញ​បាន​ឲ្យ​ដឹង​ថា តាម​ពិត​ប្រសិន​បើ​ សំអាង ឌុន​​ក្រោក​ឡើង​ប្រកួត​វិញ​ក៏​អាច​ងើប​បាន​ដែរ ប៉ុន្តែ​កីឡាករ​រូប​នេះ​ធ្វើ​ពុត​ជា​មិន​អាច​ក្រោក​រួច​ដើម្បី​ចង់​ឈ្នះ​តែ​ម្តង ពី​ព្រោះ​ប្រហែល​ជា​គាត់​គិត​ថា​មិន​អាច​យក​ឈ្នះ ចាន់ រតនា​បាន។

 

 

ប្រភព​ដដែល​ខាង​លើ​បញ្ជាក់​ថា ៖«ការ​ធ្វើ​បែប​នេះ​មិន​ស័ក្ដិសម​ជា​កីឡាករ​ឡើយ។ ប្រកួត​ទៅ​ ទោះ​ឈ្នះ ឬ​ចាញ់​គឺ​បង្ហាញ​ពី​ភាព​ខ្លាំង​ពិត​ប្រាកដ​របស់​កីឡាករ​ខ្មែរ​យើង។ កីឡាករ​ខ្មែរ​មួយ​ចំនួន​នៅ​តែ​មិន​ចោល​ទម្លាប់​ធ្វើ​ពុត​ជា​ឈ្នះ។ ខ្ញុំ​សូម​សរសើរ​កីឡាករ​ខ្មែរ​មក​ពី​ប្រទេស​អូស្ត្រាលី Suasday Chau ត្រូវ​បាន​ដៃ​គូ​កីឡាករ​បារាំង​ជាន់​លើ​មុខ​ឡើង​សន្លប់​យ៉ាង​យូរ ប៉ុន្តែ​គាត់​នៅ​តែ​តស៊ូ​ក្រោក​ឡើង​ប្រកួត​​បាន​ដើម្បី​ឲ្យ​ដឹង​ច្បាស់​ពី​ឈ្នះ​ចាញ់»។

 

 

ចំណែក​លោក សេរី ណាថាន់ ពិធីករ​នៅ​ទូរទស្សន៍​ស៊ីធីអិន​ដែល​ជា​ពិធីករ​ក្នុង​ព្រឹត្តិការណ៍ One FC ​នារា​ត្រី​នោះ​ក៏​បាន​សរសេរ​នៅ​លើ​ទំព័រ Facebook របស់​លោក​មួយ​ថ្ងៃ​បន្ទាប់​ពី​ការ​ប្រកួត​ថា ៖«​សំអាង ឌុន​ គួរ​តែ​បន្ត​ការ​ប្រកួត​របស់​ខ្លួន។ ទោះ​ឈ្នះ​ ឬ​ចាញ់​ វា​នឹង​ស្ថិត​ក្នុង​រូប​ភាព​ជា​អ្នក​ប្រដាល់​អាជីព»។

ចាន់ រតនា បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ចំពោះ សំអាង ឌុន

 

លើស​ពី​នេះ​ទៀត​មាន​អ្នក​លេង Facebook ជា​ច្រើន​បាន​រិះ​គន់​សំអាង ឌុន​ថា​មិន​សម​ជា​កីឡាករ។ អ្នក​ស្នេហា​ប្រដាល់​ទាំង​នោះ​បែរ​ជា​ទៅ​កោត​សរសើរ​ចំពោះ កីឡាករ ចាន់ រតនា​ថា​ពិត​ជា​ជើង​ខ្លាំង។

 

ការ​ប្រកាស​លទ្ធផល​ឲ្យ​ឈ្នះ​បែប​នេះ​ហាក់​ខុស​ប្លែក​ពី​ធម្មតា​ដែល​តាម​ទម្លាប់​របស់ One FC ប្រសិន​បើ​មាន​ការ​ប្រកួត​ខុស​ពី​ប្រក្រតី​គឺ​មិន​ប្រកាស​លទ្ធផល​ទេ។ ជាក់​ស្តែង​នាគ​ខ្មៅ​កម្ពុជា ឃីម ឌីម៉ា​ ត្រូវ​បាន​ចាត់​ទុក​ជា​មោឃៈ បន្ទាប់​ពី​វាយ​កីឡាករ​​ហ្វីលីពីន​ដោយ​ខុស​បច្ចេកទេស ហើយ​កាល​ពី​ខែ​មិថុនា​នៅ​ប្រទេស​សិង្ហបុរី​កីឡាករ​តៃវ៉ាន់​ម្នាក់​ត្រូវ​បាន​ដៃ​គូ​ឡើង​ជង្គង់​ចំ​ប្រដាប់​ភេទ​រហូត​មិន​អាច​បន្ត​ការ​ប្រកួត​ក៏​ចាត់​ទុក​ជា​មោឃៈ​ដែរ។

 

សំអាង ឌុន​ត្រូវ​បាន​ប្រកាស​ឲ្យ​ឈ្នះ​ពាន​រង្វាន់ Grand Prix នេះ​ បន្ទាប់​ពី ចាន់ រតនា​ទាត់​បក​ក្រោយ​ហើយ​ជាន់​ត្រូវ​បំពង​ក​ធ្វើ​ឲ្យ​រូប​គេ​ដេក​ដួល​មិន​អាច​បន្ត​ការ​ប្រកួត​បាន។ ប៉ុន្តែ​​កីឡាករ​រូប​នេះ​អាច​បាន​និយាយ​ធម្មតា​តាម​រយៈ​បទ​សម្ភាសន៍​របស់​ពិធីករ។ ពេល​នោះ​លោក​ ហុន ចាន់រាជ​គ្រូ​បង្វឹក​របស់ សំអាង ឌុន ​បាន​បង្ហាញ​សកម្មភាព​ឡាំ​ប៉ា​មួយ​ប្រាវ។

 

ពាក់​ព័ន្ធ​នឹង​ករណី​នេះ​តំណាង One FC មិន​បាន​បញ្ជាក់​លំអិត​ទេ​គ្រាន់​តែ​ប្រាប់​ខ្លី​ថា ផ្ដល់​លទ្ធផល​ទៅ​ឲ្យ​ សំអាង ឌុន ពី​ព្រោះ ចាន់ រតនា​វាយ​ខុស​បច្ចេកទេស។

ចាន់ រតនា និង សំអាង​ ឌុន

 

ការ​ឈ្នះ​បាន​ពាន​រង្វាន់ One FC: Grand Prix នេះ សំអាង ឌុន​នឹង​ត្រូវ​បាន​ណាហ្គាវើល​ឧបត្ថម្ភ​ទាំង​ស្រុង​សម្រាប់​ការ​ចេញ​ទៅ​ហ្វឹក​ហាត់​នៅ​​ក្លិប​មួយ​ដ៏​ល្បី​នៅ​ក្នុង​ប្រទេស​ថៃ។

លោក​អ្នក​គិត​យ៉ាង​ម៉េច​ដែរ​ចំពោះ​លទ្ធផល​នេះ?

អត្ថបទ៖ ជាន ចាន់រ៉ា