One FC ញាក់​សាច់​កក្រើក​កោះ​ពេជ្រ​យប់​មិញ

  • 2014-09-13 15:37:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ប្រដាល់​ក្នុង​ទ្រុង​អន្តរជាតិ​ Rise of the Kingdom កាល​ពី​យប់​មិញ​បាន​ធ្វើ​ឲ្យ​កក្រើក​សាល​មហោស្រព​​កោះ​ពេជ្រ​ដោយ​ទាំង​គូ​មិត្តភាព​ជាតិ និង​អន្តរជាតិ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​មហាជន​ពេញ​សាល។

គូ​ប្រកួត​មិត្តភាព​ជាតិ​​៤​គូ​ដំបូង​សុទ្ធ​តែ​ឆ្លង​មិន​ដល់​ទឹក​ទី​២​គឺ​កីឡាការិនី​ សំ ថារ័ត្ន បាន​ផ្តួល​​កីឡា​ការិនី វី ស្រីឆាយ​ក្នុង​ទឹក​ទី​១​តាម​រយៈ​កាច​ដៃ​ឲ្យ​អាជ្ញា​កណ្តាល​បញ្ឈប់។ គូ​ទី​២ សំអាង ឌុន ផ្តួល​ ជិន ហេង ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​១ ហើយ​ ចាន់ រតនា​បាន​ផ្តួល​ជើង​ឯក​នៅ​ស៊ីធីអិន ប្រាក់ ចាន់ ស៊ីន​តាម​រយៈ​ជិះ​ពី​លើ​ ហើយ​វាយ​កណ្តាប់​ដៃ ខណៈ​មាស ម៉ើ​ចំណាយ​ពេល​ដល់​៤:០៧ ​នាទី​ទើប​បំបាក់​ ចាន់ ហេង​​បាន​​តាម​រយៈ​លោក​អាជ្ញា​កណ្តាល​បញ្ឈប់។

គូ​ទី​៥​ដែល​ជា​គូ​អន្តរជាតិ អ្នក​ប្រដាល់​ម៉ាឡេស៊ី​​ Jian Kai Chee ត្រូវ​បាន​ជើង​ខ្លាំង​សិង្ហបូរី Amir Khan ផ្តួល​ក្នុង​ទឹក​ទី​១​ដោយ​ជង្គង់​ និង​កណ្តាប់​ដៃ។ ចំណែក​អ្នក​មក​ពី​ដែន​កោះ​តៃវ៉ាន់ Sung Ming Yen ប្រើ​បច្ចេកទេស​ និង​វាយ​កណ្ដាប់​ដៃ​បាន​យ៉ាង​ល្អ​ដើម្បី​​ទទួល​បាន​ជ័យជម្នះ​ដាច់​លើ​ជើង​ខ្លាំង​លេខ​១​ប្រចាំ​ប្រទេស​សិង្ហបុរី Redem Rahman បន្ទាប់​ពី​តស៊ូ​គ្នា​៣​ទឹក។

ចំពោះ​ជើង​ខ្លាំង​កម្ពុជា Suasday Chau ​ដែល​ទទួល​បាន​​សំឡេង​គាំទ្រ​ច្រើន​ជាង​គេ​ប្រចាំ​ព្រឹត្តិការណ៍​តស៊ូ​បាន​ត្រឹម​តែ​មួយ​ទឹក​ប៉ុណ្ណោះ​ក៏​ត្រូវ​លោក​អាជ្ញា​កណ្ដាល​បញ្ឈប់ បន្ទាប់​ពី​ត្រូវ​​បាន​កីឡាករ​បារាំង Arnaud Lepont វាយ​សន្ធាប់​មិន​ឲ្យ​ត​ដៃ​រួច។

សម្រាប់​ការ​ប្រកួត​ដណ្តើម​ពាន​វគ្គ​ផ្តាច់​ព្រ័ត្រ​ លទ្ធផល​បាន​ទៅ​លើ​ជើង​ខ្លាំង សំអា ឌុន បន្ទាប់​ពី ចាន់ រតនា​វាយ​ខុស​បច្ចេកទេស ហើយ​គណៈកម្មការ​ប្រកួត​សម្រេស​ផ្តល់​លទ្ធផល​ទៅ​កូន​សិស្ស​លោក​គ្រូ ចាន់រាជ។
ដោយ​ឡែក​​គូ​ឯក​​រង​ជើង​ខ្លាំង​មក​ពី​សហរដ្ឋ​អាមេរិក Caros Fodor បាន​ផ្តួល​អ្នក​លេង​គុន​ចម្រុះ​មក​ពី​ប្រទេស​ហុល្លង់​ Vincent Latoel ក្នុង​ទឹក​ទី​២។ គូ​ឯក​ដណ្តើម​ខ្សែ​វាត់​បាន​ចំណាយ​ពេល​ត្រឹម​តែ​២​ទឹក​ប៉ុណ្ណោះ បន្ទាប់​ពី​ជើង​ខ្លាំង​ប្រេស៊ីល Adriano Moraes ឃ្លេ​ក​ជើង​ខ្លាំង​ហ្វីលីពីន Geje Eustaquio ឲ្យ​គោះ​ដៃ​សំ​ចុះ​ចាញ់​​ដើម្បី​គ្រង​ខ្សែ​ក្រវាត់​អន្តរជាតិ​គុន​ចម្រុះ​នៅ​ស្រុក​ខ្មែរ៕

 

អត្ថបទ៖ ជាន ចាន់រ៉ា