មើលចុះ! នេះហើយរូបរាង Galaxy S11+ (វីដេអូ)

  • 2019-11-27 01:34:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​​រូបរាង​ទាំង​ស្រុង​របស់​ Galaxy S11 និង Galaxy S11e ត្រូវ​បាន​ Steve Hemmerstoffer ​បង្ហាញ​ចេញ ​ដែល​គាត់​ជា​បុរស​តែង​ចែក​ចាយ​ព័ត៌មាន​ចំ​ៗ​ជា​ច្រើន​អំពី​ស្មាតហ្វូន​ជំនាន់​ថ្មី ។ នៅ​ពេល​នេះ​ប្រភព​ដដែល​នេះ​បាន​បង្ហាញ​រូបភាព​មួយ​ឈុត​ធំ​ទៀត​ ដែល​ជា​រូបភាព Render នៃ​រូបរាង​ចុង​ក្រោយ​របស់ Galaxy S11+។

រូបរាង​ខាង​មុខ​របស់​វា​មាន​លក្ខណៈ​ដូច​នឹង Galaxy S11 និង S11e ដែរ។ ប៉ុន្តែ​ដង្គុំ​កាមេរ៉ា​ខាង​ក្រោយ​របស់​វា​មាន​រៀប​ចំ​ខុស​ប្លែក​ពី​ម៉ូដែល​ពីរ​ទៀត។ S11 និង S11e មាន​ការ​រៀប​ចំ​កាមេរ៉ា​រាង​អក្សរ L ប៉ុន្តែ​នៅ​លើ S11+ វិញ កាមេរ៉ា​តម្រៀប​ដោយ​មិន​មាន​សណ្ដាប់​ធ្នាប់​នោះ​​ឡើយ។

កាមេរ៉ា​មេ​លើ S11+ រំពឹង​ថា​នឹង​មាន​កម្រិត​១០៨ MP អម​ដោយ​កាមេរ៉ា Telephoto ចំនួន​ពីរ​ដែល​មួយ​មាន​អាច​ Zoom បាន​ 2X និង​មួយ​ទៀត​ Zoom បាន 5X, មាន​ប្រព័ន្ធ Laser Autofocus និង​កាមេរ៉ា​វាស់​ជម្រៅ​ 3D Time-of-Flight។

Galaxy S11+ មាន​វិមាត្រ​ ១៦៦,៩ x ៧៦ x ៨,៨ ម.ម ដែល​​ Galaxy S10+ គឺ​មាន​វិមាត្រ​ ១៤៩,៩ x ៧០,៤ x ៧,៨ ម.ម និង​ Note 10+ មាន​វិមាត្រ​ ១៦២,៣ x ៧៧,២ x ៧,៩ ម.ម។ ដូច​នេះ​មាន​ន័យ​ថា​ S11+ នឹង​ជា​ Flagship ធំ​ជាង​គេ​របស់ Samsung។

S11+ នេះ​ដែរ​រំពឹង​ថា​នឹង​ប្រើ​ប្រាស់​ឈីប​ Exynos 990 ផលិត​ដោយ Samsung ផ្ទាល់ និង​ឈីប​ Snapdragon 865 សម្រាប់​លក់​នៅ​អាមេរិក។​ ឈីប​ទាំង​ពីរ​ទំនង​ជា​ភ្ជាប់​នឹង​ RAM ទំហំ ១២ GB និង​អង្គ​ផ្ទុក ២៥៦ GB មក​ជា​មួយ។

មុខងារ​ផ្សេង​ទៀត​មាន​ដូច​ជា​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android 10 និង One UI 2.1 ចេញ​ពី​ប្រអប់, មាន​ថ្ម​ទំហំ ៤៨០០ mAh, ទ្រាំទ្រ​នឹង​ការ​សាក​ថ្ម​កម្លាំង​​ ៤៥ វ៉ាត់ និង​ទ្រាំទ្រ​សេវា​ 5G ជា​ស្តង់ដារ​តែ​ម្ដង៕​​

ចុចអាន ៖​ Huawei Nova 6SE ​ខ្នង​កាត់ iPhone មុខ​កាត់ Samsung ​ត្រៀម​ប្រកាស​សប្ដាហ៍​ក្រោយ

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង