អ្នកជំនាញបកស្រាយហេតុផលដែលការប្រកួតរវាង Ford F-150 និង Cybertruck មិនស្មើភាព

  • 2019-11-28 03:56:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​សមត្ថភាព​អូសទាញ​រវាង​ភីកអាប់​ Ford F-150 និង​ភីកអាប់​អគ្គិសនី Cybertruck របស់ Tesla ត្រូវ​បាន​មនុស្ស​មួយ​ចំនួន​យល់​ថា​វា​ជា​ការ​ប្រកួត​មិន​ស្មើ​ភាព​។ នៅ​ពេល​នេះ​ Jason Fenske ដែល​ជា​អ្នក​ជំនាញ​ម្នាក់​ខាង​ផ្នែក​យានយន្ត​ បាន​បក​ស្រាយ​ថា​ការ​​បង្ហាញ​សមត្ថភាព​របស់ Tesla មិន​បាន​បញ្ជាក់​អំពី​សមត្ថភាព​របស់ Cybertruck នោះ​ឡើយ។

Jason បាន​បក​ស្រាយ​ថា​​ទម្ងន់​ស្រាល​ជាង​គឺ​ជា​ចំណុច​ខ្សោយ​របស់​រថយន្ត​នៅ​ពេល​ប្រកួត​ការ​អូស​ទាញ។ ជាក់​ស្ដែង​រថយន្ត​ F-150 ដំណើរ​ការ​ដោយ​ប្រេង​ឥន្ធនៈ មាន​តួ​ខ្លួន​ផលិត​ពី​អាលុយមីញ៉ូម​ ហើយ​វា​ត្រូវ​ប្រកួត​នឹង​រថយន្ត​ភីកអាប់​អគ្គិសនី​មាន​បំពាក់​អាគុយ និង​តួ​ខ្លួន​ធ្វើ​ពី​​ដែក​អ៊ីណុក។ គេ​មិន​ទាន់​ដឹង​អំពី​ទម្ងន់​ជាក់​លាក់​របស់ Cybertruck នៅ​ឡើយ​ទេ ប៉ុន្តែ​អាច​សន្និដ្ឋាន​បាន​ថា​វា​មាន​ទម្ងន់​​ធ្ងន់​ជាង​ Ford F-150។

ត្បិត​ថា​ទម្ងន់​ដូច​គ្នា​មែន ប៉ុន្តែ​ច្បាស់​ណាស់​គឺ Tesla លេង​ខូច។ រថយន្ត​ F-150 ​គេ​សង្កេត​ឃើញ​ថា​វា​អាច​វិល​តែ​កង់​ក្រោយ​ប៉ុណ្ណោះ ដោយ​កង់​ខាង​មុខ​វិល​បញ្ច្រាស​ទិស​ ដែល​សន្និដ្ឋាន​ថា​វា​មិន​មែន​ជា​ Ford F-150 ដែល​វិល​កង់​បួន​នោះ​ឡើយ។

ដោយ​គ្មាន​ប្រព័ន្ធ​បើកបរ​វិល​កង់​ទាំង​បួន Fenske បញ្ជាក់​ថា​ F-150 កាន់​តែ​ថយ​​កម្លាំង​ថែម​ទៀត បន្ថែម​ពី​លើ​ការ​មាន​ទម្ងន់​ស្រាល។ មួយ​ទៀត​គេ​ឃើញ​ថា​ Ford F-150 ត្រូវ​បាន​អូស​ឡើង​​ចំណោត​ ដែល​វា​ជា​​ចំណុច​ខ្សោយ​មួយ​ទៀត ដោយ​សារ​ទម្ងន់​របស់​ F-150 គឺ​ទ្រាំទ្រ​ដោយ​កង់​ខាង​ក្រោយ​។

ដូច​នេះ ការ​ប្រកួត​នេះ​មិន​បាន​បញ្ជាក់​អំពី​សមត្ថភាព​របស់ Cybertruck នោះ​ទេ ហើយ​អ្វី​ដែល Tesla បាន​បញ្ជាក់​គឺ​ថា​រថយន្ត​ភីកអាប់​របស់​ខ្លួន​មាន​ទម្ងន់​ធ្ងន់​តែ​ប៉ុណ្ណោះ៕​​​​​

ប្រភព៖ MSN   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម