ឆ្នាំមុនពឹងឈើច្រត់ ឆ្នាំនេះ យូប៊ីន ត្រៀមដើរកម្រលព្រំក្រហមទីក្រុងកានដោយភាពជឿជាក់

  • 2024-05-02 10:10:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិតដូចអ្វីដែល កញ្ញា ស៊ីន យូប៊ីន ធ្លាប់បានបង្ហើបប្រាប់ឱ្យអ្នកសារព័ត៌មានក្នុងស្រុកដឹងក្នុងពិធីជំនួបតារារឿង «ដឹកបេះដូងរកស្នេហ៍» ថា នាងនឹងចូលរួមកម្មវិធីលំដាប់អន្តរជាតិធំមួយនៅអំឡុងខែឧសភា ឆ្នាំ២០២៤។

កម្មវិធីអន្តរជាតិដែលតារាសម្តែងឆ្នើម ស៊ីន យូប៊ីន ត្រៀមបង្ហាញខ្លួននោះគឺ Cannes Film Festival 2024 នៅប្រទេសបារាំង។ នេះបើយោងតាមការបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់ យូប៊ីន កាលពីពេលថ្មីៗ។

ក្រោយឃើញការបង្ហោះនេះ គេស្រាប់តែនឹករលឹកដល់ឆ្នាំមុន ជាឆ្នាំដំបូងដែលសិល្បករកម្ពុជារូបនេះមានឱកាសដើរលើកម្រាលព្រំក្រហមទីក្រុងកាន តែដោយសារមានបញ្ហាត្រង់ជើងធ្វើឱ្យ យូប៊ីន បានត្រឹមបង្អួតសម្រស់ជាមួយឈើច្រត់ ដោយមានក្រុមការងារនៅចាំជួយគ្រប់ពេលវេលា។

ទោះជាយ៉ាងនេះក្តី ក៏តារាស្រីខ្មែររូបនេះនៅតែអាចបង្អួតសម្រស់ដ៏ចែងចាំដូចគ្រាប់ពេជ្រកម្ពុជាក្នុងកម្មវិធីអន្តរជាតិ ថែមទាំងបានទាក់ទាញក្រសែភ្នែក និងចំណាប់អារម្មណ៍សារព័ត៌មានអន្តរជាតិជាច្រើនឱ្យចុះផ្សាយពីនាងយ៉ាងព្រោងព្រាតទៀតផង។

ឆ្នាំនេះមិនដូចឆ្នាំមុនឡើយ តារាស្រីពោរពេញមហិច្ឆិតាក្នុងការផ្សព្វផ្សាយពីសិល្បៈវប្បធម៌ដ៏មានតម្លៃរបស់កម្ពុជា កញ្ញា ស៊ីន យូប៊ីន ត្រៀមបោះជំហានដើរលើកម្រលព្រំក្រហមកម្មវិធី Cannes Film Festival 2024 ដោយភាពជឿជាក់បំផុត ជាមួយឈុតសម្លៀកបំពាក់ច្នៃឡើងយ៉ាងប្រណីតបំផុសពីគុណតម្លៃនៃទម្រង់សិល្បៈរបស់ខ្មែរយើង។

បើទោះបីជា តារាសម្តែងប្រចាំស្ថានីយ៍ទូរទស្សន៍ភីអិនអិន មិនទាន់បង្ហើបពីអ្វីដែលនាងត្រៀមនាំយកទៅបង្ហាញលើឆាកអន្តរជាតិក៏ពិតមែន តែអ្នកគាំទ្រនាងជឿជាក់ថា យូប៊ីន ពិតជាមានអ្វីពញ្ញាក់អារម្មណ៍អ្នកគាំទ្រមិនខានឡើយ ព្រោះនាងជាតារាស្រីដែលមិនបណ្តោយឱ្យឱកាសកម្រក្នុងការផ្សព្វផ្សាយពីឥទ្ធិពលកម្ពុជារំលងទៅដោយងាយនោះឡើយ។ ដែលសំខាន់ គឺនាងជាមនុស្សដែលមិនចេះអួតទុកមុន តែចូលចិត្តបង្ហាញឱ្យឃើញតាមសកម្មភាពផ្ទាល់ៗតែម្តង។

រឹតតែអស្ចារ្យ និងមោទនភាពខ្លាំងសម្រាប់ តួឯកស្រីរឿង «ដឹកបេះដូងរកស្នេហ៍» ដែលនាងបានបើកទ្វារទីផ្សារអន្តរជាតិសម្រាប់កម្ពុជា ដោយឆ្នាំ២០២៤នេះ យូប៊ីន មិនលេចវត្តមានដើរកម្រាលព្រំក្រហមទីក្រុងកានតែម្នាក់ឯងទៀតទេ ប៉ុន្តែមានបុគ្គលមានឥទ្ធិពល ៦ រូបទៀតរួមទាំងនាង នឹងពួតដៃគ្នាបញ្ចេញពន្លឺនៃសិល្បៈវប្បធម៌ខ្មែរនៅលើឆាកអន្តរជាតិនាពេលឆាប់ៗខាងមុខនេះ៕

រូបភាព៖ ហ្វេសប៊ុក Shin Yubin ស៊ីន យូប៊ីន

អត្ថបទ៖ Ah Mouy