ការប្រកួតប្រជែងស្នាដៃសិល្បៈ White Canvas Cambodia រកឃើញជ័យលាភីឆ្នើម ម្ចាស់ពានរង្វាន់មាស

  • 2025-01-22 07:18:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីប្រកាសលទ្ធផលប្រគល់ពានរង្វាន់ជូនដល់ម្ចាស់ជយលាភី នៃកម្មវិធីគំនូរវ៉ាយខេនវ៉ាសកម្ពុជា ប្រចាំឆ្នាំ២០២៤ រដូវកាលទី៥ បានប្រព្រឹត្តទៅជោគជ័យ កាលពីល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ កន្លងទៅនេះ ក្រោមវត្តមានរបស់ឯកឧត្តម Ueono Atushi ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា , ឯកឧត្តម ឯក ប៊ុនថា អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ , លោក Nakano Yoshihisa នាយកតំណាងមូលនិធិគាំទ្រវប្បធម៌បូព៌ា , លោក.Isogaya Hiroyuki នាយកមូលនិធិជប៉ុនការិយាល័យ ប្រចាំរាជធានីភ្នំពេញ , លោក Kimura Esuke ប្រធានគ្រប់គ្រងទូទៅ របស់ផ្សារទំនើប អ៊ីអនម៉ល មានជ័យ រួមទាំងវត្តមានរបស់សិល្បករ-សិល្បការិនី និងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។

ឆ្លងកាត់ការវាយតម្លៃ និងការដាក់ពិន្ទុយ៉ាងយកចិត្តទុកដាក់ ពីសិល្បករជំនាញ ទីបំផុត បានស្វែងរកម្ចាស់ជយលាភីពានរង្វាន់មាស ពានរង្វាន់ប្រាក់ និងពានរង្វាន់សំរិទ្ធ រួមទាំងពានរង្វាន់តាមផ្នែកជាច្រើនទៀតពីការប្រកួតប្រជែងស្នាដៃសិល្បៈ White Canvas Cambodia រដូវកាលទី៥។ ក្នុងនោះ ជយលាភីពានរង្វាន់មាសផ្នែកមនុស្សពេញវ័យបានទៅលើ លោក ភី ផន ចំណងជើងស្នាដៃ «ព្រះច័ន្ទក្រហម រះលើមាតុភូមិខ្ញុំ» ខណៈដែលជយលាភីពានរង្វាន់មាសផ្នែកកុមារ បានទៅលើ កុមារី ឈួត អ៊ីឈិ ចំណងជើងស្នាដៃ «ក្តីស្រមៃ»។

លោក ភី ផន ម្ចាស់ជយលាភីពានរង្វាន់មាសផ្នែកមនុស្សពេញវ័យ បានឱ្យដឹងថា ស្នាដៃ «ព្រះច័ន្ទក្រហម រះលើមាតុភូមិខ្ញុំ» ឆ្លុះបញ្ចាំងពីមនុស្ស និងសង្គ្រាម ដែលជះផលអវិជ្ជមានយ៉ាងធ្ងន់ធ្ងរ ដល់ការអភិវឌ្ឍប្រទេសជាតិ និង សិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋផងដែរ។ ជាក់ស្តែង កម្ពុជាយើងក៏ធ្លាប់ជួបប្រទះបញ្ហាសង្គ្រាម ដូច្នេះទើបលោកចំណាយពេលសិក្សាស្រាវជ្រាវពីប្រវត្តិសាស្ត្រយ៉ាងលម្អិត ដើម្បីបង្កើតស្នាដៃសិល្បៈ «ព្រះច័ន្ទក្រហម រះលើមាតុភូមិខ្ញុំ» នេះឡើងមក ជាគំនិតបំផុសសម្រាប់យុវជនជំនាន់ក្រោយឱ្យខិតខំប្រឹងប្រែងក្រេបជញ្ជក់ចំណេះដឹង និងស្វែងយល់ពីនយោបាយ ដើម្បីក្លាយជាទំពាំងស្នងឬស្សី ដ៏រឹងមាំសម្រាប់ការពារប្រទេសជាតិឱ្យបានគង់វង្ស។

ក្រោយឈ្នះជ័យលាភីពានរង្វាន់មាសនេះ សិល្បករគំនូរ ភី ផន នឹងបន្តអភិវឌ្ឍស្នាដៃសិល្បៈរបស់ខ្លួនឯងឱ្យកាន់តែល្អប្រសើរ ក្នុងបំណងបញ្ជ្រាបចំណេះដឹង និងភាពវិជ្ជមានតាមរយៈស្នាដៃសិល្បៈទាំងនោះទៅកាន់មនុស្សជុំវិញខ្លួន។

ក្រឡេកទៅមើល កុមារី ឈួត អ៊ីឈិ ចំណងជើងស្នាដៃ «ក្តីស្រមៃ» ដែលពានរង្វាន់មាសផ្នែកកុមារក្នុងការប្រកួតប្រជែងស្នាដៃសិល្បៈ White Canvas Cambodia រដូវកាលទី៥ ប្តេជ្ញាបន្តពង្រឹងស្នាដៃរបស់ខ្លួនក្រោយឈ្នះពានរង្វាន់មាស និងព្យាយាមបង្កើតស្នាដៃសិល្បៈគំនូរថ្មី ដើម្បីដាក់ប្រកួតនៅឆ្នាំក្រោយៗទៀត៕

អត្ថបទ ៖ គីម ណារ៉ាក់