មក​មើល​សមត្ថភាព U19 ​កម្ពុជា ​អស្ចារ្យ​កម្រិត​ណា ​ទើប​អាច​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​បាន​

  • 2019-11-30 15:00:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ក្រោម​អាយុ​១៩​ឆ្នាំ​របស់​កម្ពុជា ​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ AFC U19 Championship ​ក្រោយ​ពី​ក្រុម​គុយវ៉ែត ស្មើ​ប៉ាឡេស្ទីន ​៣-៣ ​ក្នុង​ពូល A​។

​ក្រុម U19 ​របស់​កម្ពុជា​នេះ ពិត​ជា​លេង​ល្អ ​កម្រ​រក​បាន​សម្រាប់​ក្រុម​ជម្រើស​ជាតិ​បាល់ទាត់​កម្ពុជា។ ពួកគេ​លេង​ដោយ​ទំនុក​ចិត្ត ​និង​យល់​ចិត្ត​គ្នា​ខ្លាំង​មែនទែន ​ទទួល​បាន​ការ​សរសើរ​គ្រប់​ៗ​គ្នា​ទូទាំង​ប្រទេស​កម្ពុជា។ ​ជាក់​ស្ដែង ការ​បាន​ឡើង​ទៅ​ជុំ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ AFC U19 Championship 2020 ​នេះ ​ក៏​មិន​មែន​ជា​សំណាង​ដែរ គឺ​កើត​ចេញ​ពី​ការ​ខិតខំ ​និង​សមត្ថភាព​របស់​ពួកគេ​ស្ដែង​ៗ​តែ​ម្ដង។

ការ​ប្រកួត​ក្នុង​ពូល ​ក្រុម​កម្ពុជា​បាន​ចំណាត់​ថ្នាក់​លេខ​២ ​ដោយ​គ្រា​នោះ​ស្ថិត​នៅ​ជាមួយ​ក្រុម U19 ​ថៃ​ទៀត ប៉ុន្តែ​ក្រុម​កម្ពុជា​នៅ​តែ​ធ្វើ​បាន​ល្អ ​និង​អាច​បំបាក់​ក្រុម​ថៃ​បាន​ថែម​ទៀត​ផង។ ​គ្រា​នោះ​កម្ពុជា ​ឈ្នះ​ថៃ ២-១ ​ក្រោម​ក្រសែ​ភ្នែក​អ្នក​គាំទ្រ​រាប់​រយ​នាក់។ វា​មិន​មែន​ជា​លើក​ទី​១​ទេ ដែល​កម្ពុជា​បំបាក់​ថៃ​នេះ ​ដោយ​ប៉ះ​គ្នា​នៅ​ប្រទេស​វៀតណាម​​ពាន AFF ​ឯ​ណោះ ​ក្រុម​កម្ពុជា​នេះ ក៏​ហូប​ក្រុម​ថៃ បាន​ផង​ដែរ ​គ្រា​នោះ​ឈ្នះ ៤-៣ ​ផ្អើល​ម្ដង​ហើយ។

មិន​ត្រឹម​តែ​លេង​ល្អ​ឈ្នះ​ថៃ​ទេ ​ក្រុម U19 ​កម្ពុជា​នេះ​ទៀត​សោត ​ក៏​ញ៉ាំ​ក្រុម​វៀតណាម​បាន​ដែរ​​កាល​នោះ​ឈ្នះ ២-១ ​រញ្ជួយ​ទឹក​ដី​វៀតណាម​តែ​ម្ដង។ ​សមត្ថភាព​ឈ្នះ​ក្រុម​ប្រទេស​ជិត​ខាង​អស់​នេះ​ហើយ គឺ​អាច​បញ្ជាក់​បាន​យ៉ាង​ច្បាស់​ថា​ក្រុម U19 ​កម្ពុជា​នេះ ​មាន​សមត្ថភាព​គ្រប់គ្រាន់​សម្រាប់​ប្រជែង​ជាមួយ​ក្រុម​ខ្លាំង​ៗ​ដទៃ​ទៀត​បាន នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់​កម្រិត​អាស៊ី​មួយ​នេះ៕

អត្ថបទ៖ ប្រុស យុទ្ធ