ស្ទឹង​ត្រែង​រៀប​ចំ​ចុះ​បញ្ជី​ទួល​ប្រាសាទ​​​ និង​ស្រះ​ទឹក​បុរាណ​បន្ថែម​ទៀត​នៅ​ឆ្នាំ​ក្រោយ​

  • 2019-12-02 04:49:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ


​មន្ទីរ​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ​ខេត្ត​ស្ទឹង​ត្រែង​រៀប​ចំ​ចុះ​បញ្ជី​​ទួល​ប្រាសាទ​កំណប់​និង​ស្រះ​ទឹក​បុរាណ​បន្ថែម​ទៀត ​ដើម្បី​អភិរក្ស​មរតក​នេះ​ទុក​ឱ្យ​កូន​ចៅ​ជំនាន់​ក្រោយ​បាន​ស្គាល់​ និង​ឈាន​ទៅ​បង្កើត​ជា​រមណីយដ្ឋាន​វប្បធម៌​ទេសចរណ៍ ​នៅ​ឆ្នាំ​២០២០​ ខាង​មុខ​នេះ​។​

លោក​ស្រី​ ញើត ​សារឿន ​ប្រធាន​មន្ទីរ​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ខេត្ត​បាន​បញ្ជាក់​ថា​ នៅ​លើ​ទឹក​ដី​ខេត្ត​នេះ​ មាន​តំបន់​ប្រាសាទ​ចំនួន​៧​កន្លែង​ បាន​ចុះ​បញ្ជី​​ជា​ផ្លូវ​ ការ​រួច​រាល់​ហើយ ​ដូច​ជា​ប្រាសាទ​បា​ ដើម-​ ប្រាសាទ​បាចុង​- ​ប្រាសាទ​៩ល្វែង​- ​ប្រាសាទ​គូ-​ ​ប្រាសាទ​ភ្នំ​ធាតុ ​-​ប្រាសាទ​ព្រះ​គោ​ និង​ប្រាសាទ​ទួល​ប្រាសាទ​ជា​ដើម​​។

លោក​ស្រី​បន្ត​ថា​ ក្រុម​ការងារ​ពាក់ព័ន្ធ​បាន​ឯក​ភាព​គ្នា​ចុះ​បញ្ជី​ប្រាសាទ​ទួល​កំណប់​​មួយ​ទៀត​ដើម្បី ​អភិរក្ស​ទុក​ ​ព្រោះ​​​ជា​មរតក​ដូន​តា​​​នៅ​សេស​សល់​ពី​សម័យ​ដើម​ ។ដូច្នេះ​មន្ទីរ​វប្បធម៌​​បាន​​សហការ​ជាមួយ​​អភិបាល​ស្រុក​ដើម្បី​កំណត់ ​តំបន់​ចំណុច​និយាម​ការ​ ​ឱ្យ​បាន​ជាក់​លាក់ ​​ចុះបញ្ជី និង​សំណូម​ពរ​ ឱ្យ​លោក​អភិបាល​ស្រុក​ទាំង​អស់​ជួយ​ដោះ​ស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​ដើម្បី​ផល​ប្រយោជន៍​ជាតិ​ទាំង​អស់​គ្នា​។​

លោក​ សុវណ្ណ ពិសេដ្ឋ ​អភិបាល​ស្រុក​សេសាន បាន​គាំទ្រ​ចំពោះ​កិច្ច​សហការ​នេះ ​ព្រោះ​​ការ​​ អភិរក្ស​​បាន​ផ្ដល់​នូវ​សក្ដានុពល​ថ្មី​មួយ​ទៀត​ ដោយ​បង្ក​លក្ខណៈ​ឱ្យ​ផ្នែក​ជំនាញ​រៀប​ចំ​ជា​តំបន់ រមណីយដ្ឋាន​ទេសចរណ៍​បែប ​វប្បធម៌ ​សម្រាប់​ភ្ញៀវ​មក​ទស្សនា​នៅ​ក្នុង​ភូមិ​នេះ​។​អាជ្ញាធរ​បាន​ពិគ្រោះ​ជាមួយ​ម្ចាស់​ដី​នៅ​ជាប់​តំបន់​មួយ​ចំនួន​រួច​ហើយ ​ដើម្បី​ឱ្យ​ពួក​គាត់​បរិច្ចាគ​ផ្ទៃ​ដី​មួយ​ចំនួន​ធ្វើ​ជា​តំបន់​អភិរក្ស​ប្រាសាទ​​បាន​កំណត់​ថា​ អាជ្ញាធរ​នឹង​ស្នើ​សុំ​ដី​ទំហំ​៥០​ម៉ែត្រ​៤​ជ្រុង​ចេញ​ពី​ចំណុច​អាក់​ប្រាសាទ​។​

លោក​ សំចាន់ ​ថន​ ប្រជាពលរដ្ឋ​រស់​ភូមិ​ ហាង​ សាវ៉ាត​ ក្នុង​​ស្រុក​សេសាន​ ខេត្ត​ស្ទឹង​ត្រែង​​បាន​ឱ្យ​ដឹង​ថា​ ​លោក​មិន​ជំទាស់​និង​ការ​ស្នើ​សុំ​នេះ​ទេ ​តែ​ចង់​ស្នើ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​ដោះ​ស្រាយ​ផ្នែក​កម្លាំង​ពលកម្ម​ណា​មួយ​ឱ្យ​សម​ស្រប​ជូន​មក​គាត់​ជា​កសិករ​ផង​។​

ចំណែក​លោក​ ខៅ ​ម៉ន​ មេភូមិ​ហាងសាវ៉ាត​ បាន​គាំទ្រ​ការ​ស្នើ​សុំ​​ពី​អាជ្ញាធរ​ និង​ស្នើ​ឱ្យ​ពលរដ្ឋ​​គិត​ដល់​ផល​ប្រយោជន៍​​ឱ្យ​បាន​​ច្រើន​ ព្រោះ​​បើ​មាន​​ការ​​រៀប​ចំ​ជា​រមណីយដ្ឋាន​ទេសចរណ៍​វប្បធម៌​ មាន​ភ្ញៀវ​មក​ទស្សនា​ច្រើន ​បង​ប្អូន​អាច​រក​ប្រាក់​ចំណូល​បាន​ជា​អចិន្ត្រៃយ៍​ពី​ការ​លក់​ដូរ​​ ហើយ​នៅ​ភូមិ​ក៏​មាន​​ភាព​អភិវឌ្ឍ​រីក​ចម្រើន​បន្ថែម​ទៀត​៕

អត្ថបទ៖ សុផល