សន្ដាន​ចិត្ត​ល្អ​​បរទេស​៣រូប​ រត់​ពី​ភ្នំពេញ​ទៅ​​សៀមរាប ប្រ​មូល​ថវិកា​២០ម៉ឺន​ដុល្លារ​ជួយ​ប្រជាជន​កម្ពុជា​

  • 2019-12-02 09:08:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បរទេស​ចិត្ត​ល្អ​៣រូប ​មក​ពី​អង់គ្លេស​ និង​ស្កុតឡែន​ ហេតុ​តែ​ឃើញ​ប្រជាជន​នៅ​ស្រុក​ជីក្រែង​ជួប​ការ​លំបាក​ក្នុង​ជីវភាព​រស់នៅ​បច្ចុប្បន្ន​ សុខចិត្ត​បបួល​គ្នា​បង្កើត​កម្មវិធី​ប្រណាំង​ពី​ភ្នំពេញ​ទៅ​សៀមរាប​ដើម្បី​ប្រមូល​ថវិកា​ ២០ម៉ឺន​ដុល្លារ​ ជួយ​ប្រជាជន​នៅទីនោះ។​

Jonathan(ឆ្វេង) Mark(កណ្ដាល) Alex Reinert(ស្ដាំ)

លោក​ Mark Ferguson​ តំណាង​ក្រុម​អ្នក​រត់​ចម្ងាយឆ្ងាយនេះ​បាន​ឲ្យ​ដឹង​ថា​ លោក​រួម​និង​មិត្តភ័ក្ដិ​២នាក់​ទៀត​នឹង​រត់ពី​ភ្នំពេញ​រហូត​ទៅ​ដល់​សៀមរាប​ គិត​ពី​ចម្ងាយ​ផ្លូវ​ប្រហែល​ជាង​៣០០​គីឡូម៉ែត្រ។​ ការ​រត់​នេះ​នឹង​ត្រូវ​ឈប់​សម្រាក​តាម​ខេត្ត​មួយ​ចំនួន​ដែល​បាន​គ្រោង​ទុក​ទៅ​តាម​ផែនការ។​

គោល​បំណង​ធំ​នៃ​ការ​រត់​នេះ​ គឺ​ដើម្បី​ស្វែង​រក​ថវិកា​យក​ទៅ​បរិច្ចាគ​ដល់​អង្គការ Temple Garden Foundation​ ដែល​នឹង​យក​ជួយ​ប្រជាជន​ក្នុង​ស្រុក​ជីក្រែង​ ខេត្ត​សៀមរាប។​ បុរស​ជនជាតិ​ ស្កុតឡែន​ រូប​នេះ​បន្ត​ថា​ ដោយ​សារ​តែ​ឃើញ​ប្រជាជន​នៅ​ទីនោះ​មាន​ការ​លំបាក​ ដូច​ជា​រស់នៅ​គ្មាន​អនាម័យ​ ធ្វើ​កសិកម្ម​តាម​បែប​បុរាណ​ និង​មិន​សូវ​មាន​ចំណេះដឹង។​

ទិដ្ឋភាពរត់ព្រឹកមិញ

ក្រុម​សប្បុរសជន​ខាង​លើ​នេះ​ បន្ត​ថា​ថវិកា​ដែល​បាន​ប្រមូល​នេះ​នឹង​ជួយ​លើ​កិច្ចការ​អនាម័យ​ ដូច​ជា​ធ្វើ​បង្គន់​ បង្កើត​វគ្គ​បណ្ដុះបណ្ដាល​ផ្សេងៗ​ និង​ជួយ​ទ្រទ្រង់​លើ​ផ្នែក​មួយ​ចំនួន​ទៀត។ ​បច្ចុប្បន្ន​នេះ​អ្នក​ទាំង​៣​ប្រមូល​ថវិកា​បាន​ជាង​១០​ម៉ឺន​ដុល្លារ​ហើយ​ បើ​តាម​គម្រោង​នឹង​ប្រមូល​ឲ្យ​បាន​ ២០ម៉ឺន​ និង​បន្ត​ប្រមូល​រហូត ​២-៣​ សប្ដាហ៍​ទៀត។​

ទិដ្ឋភាពរត់ព្រឹកមិញ

កីឡាករ​ទាំង​៣នាក់​ដែល​រត់​ចម្ងាយឆ្ងាយនេះ​រួម​មាន​ លោក​ Mark Ferguson​ ជនជាតិ​​ស្កុតឡែន​ លោក​ Alex Reinert​ និង​លោក​ Jonathan Gordon ​ជនជាតិអង់គ្លេស។​ ពួកគេជា​អ្នក​ធម្មតា​ទេ មិន​មែន​តំណាង​អង្គការណា​មួយនោះ​ឡើយ​ ដោយ​សារ​ស្រឡាញ់​ការ​រត់​ និង​ចង់​ជួយ​ប្រជាជន​កម្ពុជាប៉ុណ្ណោះ។​ អ្នក​ទាំង៣ក៏​អរគុណ​ដល់ក្រុមហ៊ុន​ Manulife​ ផង​ដែរ​ ដែល​បាន​ជួយ​សហការ​ក្នុង​ការ​រត់​ចម្ងាយ​ឆ្ងាយ​នេះ​ ដូច​ជា​ផ្ដល់​ក្រុម​ការងារ​ចាំ​ជួយ​តាម​ផ្លូវ​ ការ​ស្នាក់​នៅ​ និង​ហូបចុក​ជា​ដើម​ បើ​មិន​មាន​ការ​ជួយ​ទាំង​អស់​នេះ​ទេ​ ពួក​លោក​នឹង​ពិបាក​ហើយ។​

ទិដ្ឋភាពរត់ព្រឹកមិញ

ប្រសិន​បើ​សប្បុរសជន​ដែល​ចង់​ចូលរួម​បរិច្ចាគ​អាច​ចូល​ទៅ​កាន់​គេហទំព័រ​ thecambodiarun.com ឬ​អាច​តាមដាន​តាម​ Instagram Cambodia run។​ ពួកគេ​ចាប់​ផ្ដើម​រត់​ពី​ភ្នំពេញ​នា​ព្រឹក​មិញ​នេះ​ហើយ​ ខណៈ​ការ​រត់​ចម្ងាយ​ឆ្ងាយ​នេះ​នឹង​ដល់​សៀមរាប​នៅ​ថ្ងៃ​សៅរ៍​ ទី៧​ ខែ​ធ្នូ​ ២០១៩។ អ្នកទាំង៣នាក់នេះនឹងចូលរួមក្នុងព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅអង្គវត្ត លើក​ទី២៤​​ នៅខេត្តសៀមរាបថ្ងៃទី៨ ខែ​ធ្នូ បន្តទៀត៕

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​