រឿងពិតគ្រប់រសជាតិពី Hyoyeon សមាជិក​ក្រមិចក្រមើមជាងគេប្រចាំ SNSD

  • 2019-12-11 03:33:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Hyoyeon គឺ​ជា​តារា​ចម្រៀង​ប្រចាំក្រុម​ចម្រៀង​ដ៏​ល្បី Girls' Generation ដែល​បាន​ចូល​ក្នុង​ពិភពសិល្បៈ​តាំងពី​ឆ្នាំ ២០០៧។

ប្រឡូក​ចូល​ក្នុង​ K-Pop ជា​ច្រើន​ឆ្នាំ Hyoyeon បាន​សាង​ស្នាដៃ​ជាច្រើន​មិនថា​រួម​ជាមួយ​ក្រុម និង​ការងារ​ទោល​ឡើយ។ ងាក​មក​ជីវិត​ឯកជន​វិញ​ តារា​ស្រី​រូប​នេះ​ត្រូវ​បាន​អ្នក​គាំទ្រ​ស្គាល់​ច្បាស់​ថា​ជា​ សមាជិក​ដែល​ពូកែ​រាំ​ជាងគេ​ក្នុង​ក្រុម ហើយ​និយាយ​ពីចរិត​វិញ​ នាង​ជា​មនុស្ស​រួសរាយ​ ពូកែលេងសើច និង​មើល​ថែ​បងប្អូន​រួម​ក្រុម​ណាស់។ ជាក់ស្ដែង​នៅ​ថ្ងៃ​ទី ១៤ ខែធ្នូ​ ឆ្នាំ ២០១៩​នេះ​នាង​នឹង​ត្រូវ​មក​សម្ដែង​នៅ​ប្រទេស​កម្ពុជា​ ប៉ុន្តែ​ក្នុង​នាម​ជា​ DJ។ ដូចនេះ​មុន​ការ​មក​ដល់​ Sabay សូម​បង្ហាញ​រឿង​រ៉ាវ​ពិត​មួយ​ចំនួន​ ពី​តារា​ស្រី​រូបនេះ៖

១. Hyoyeon មាន​ឈ្មោះ​ពេញ​ Kim Hyoyeon កើត​នៅ​ថ្ងៃ​ទី ២២ ខែកញ្ញា ឆ្នាំ ១៩៨៩ នៅ​ទីក្រុង​ Incheon ប្រទេស​កូរ៉េខាងត្បូង។ ក្នុង​គ្រួសារ​នាង​មាន​បងប្អូន ២នាក់ នាង​ជាកូន​ច្បង និង​មាន​ប្អូន​ប្រុស​ម្នាក់​ឈ្មោះ​ Kim Min Gu។

២. Hyoyeon ចាប់​ផ្ដើម​ចូល​ហាត់​សិល្បៈ​នៅ​ក្នុង​ផលិតកម្ម​ SM តាំង​ពី​អាយុ​ ១១ឆ្នាំ។ បើ​តាម​អ្វី​ដែល​នាង​ធ្លាប់​បាន​និយាយ តាមពិត​ទៅ​ពេល​នោះ​ម្ដាយ​នាង​​នាំកូន​ទៅ​ក្រុមហ៊ុន​ SM ក៏​ដើម្បី​តែជួប​ក្រុម​ចម្រៀង​ H.O.T ប៉ុណ្ណោះ។

៣. Hyoyeon មាន​ក្រវិល​ចោះ​ចំនួន ១៤កន្លែង​ ក្នុង​នោះ​មាន​ទាំង​នៅ​លើ​អណ្ដាត​ផង​ដែរ។

៤. សមត្ថភាពរបស់នាង​ដែល​អស្ចារ្យ​ដាច់គេ​ប្រចាំ​ក្រុម​គឺ រាំ។ សូម្បី​តែ​មើល​វីដេអូ​រាំ​ប្លែក​ តែ១ដង​ ទៅ២ដង ក៏នាង​អាច​ចាំ និង​រាំ​តាម​បាន​ត្រូវ​គ្រប់​ចង្វាក់​ដែរ។

៥. ពេល​មាន​បញ្ហា​ផ្ទាល់​ខ្លួន​ នាង​តែង​លាក់​ទុក​តែ​ខ្លួន​ឯង​ មិន​ហ៊ាន​និយាយ​ប្រាប់​អ្នកណា​ទេ ព្រោះ​បារម្ភ​ខ្លាច​រំខានអារម្មណ៍​គេឯង ដូចនេះ​នាង​តែង​ជំនួស​វិញ​ដោយ​ការ​និយាយ​លេង​ជា​រឿង​កំប្លែង។

៦. ផ្អែក​តាម​សមាជិក​រួម​ក្រុម​ទាំង​អស់ Hyoyeon ត្រូវ​បាន​គេ​លើក​ថា​ជា​អ្នកដែល​ពូកែ​លេង​សើច​ជាងគេ ទីណា​មាន​ Hyoyeon ទីនោះ​ប្រាកដ​ជា​មាន​សំឡេងផ្ទុះ​សំណើច។

៧. Hyoyeon ជា​មនុស្ស​ពូកែ​ពុល​ឡាន អ៊ីចឹង​ហើយ​ទើប​ពេល​ដែល​ត្រូវ ជិះឡាន​រួម​គ្នាពេល​ទៅណា​មក​ណា នាង​តែ​ទៅ អង្គុយ​បាំង​មុខ ជាមួយ​តៃកុង​ឡាន ដើម្បីចៀសវាង​ពុលក្អួត។ ៨. Hyoyeon ជា​សមាជិក​ SNSD ដំបូង​គេ​ដែល​ចេញ​សៀវភៅ​ Style មានឈ្មោះ​ថា​ "Hyo Style” ដែល​ក្នុង​សៀវភៅ​នេះ​មាន​បង្ហាញ​តាំង​ពី​គន្លឹះ​ក្នុង​ការ​ជ្រើស​ម៉ូដ​ស្លៀកពាក់ វិធី​ថែរក្សាសម្រស់​ និង​បែប​បទ​រស់នៅផ្សេងៗ។

៩. បុរស​ក្នុង​ក្ដី​ស្រម៉ៃ​របស់​ Hyoyeon គឺ​ជា​មនុស្ស​ប្រុស​ដែល​មាន​ត្របក​ភ្នែក​ ២ជាន់ មាន​ស្នាមញញឹម​ចុងមាត់​ដ៏​ទាក់ទាញ​ ពិសេស​ម្នាក់​នោះ​ត្រូវ​តែ​មាន​ការគិត​ដូចគ្នា​នឹងនាង។

១០. បើសិន​នាង​ជាប្រុស សមាជិក​ SNSD ដែល​នាង​ចង់​ទាក់ទង​គឺ Tiffany, Sunny និង​នាង​ខ្លួនឯង៕

អត្ថបទ៖ យី សុធារី