ប្រធាន​សហព័ន្ធ​កីឡា​វ៉ូវីណាម​ថ្មី ​ប្ដេជ្ញា​ដឹកនាំ​កីឡា​មួយ​នេះ​ឲ្យ​រឹតតែ​រីកចម្រើន​តៀម​ស៊ីហ្គេម​ ២០២៣​

  • 2019-12-15 08:10:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឯកឧត្ដម​ ស៊ូម​ សារឿន​ ប្រធាន​សហព័ន្ធ​កីឡា​វ៉ូវីណាម​ថ្មី​ ប្ដេជ្ញា​នឹង​ខំប្រឹង​ប្រែង​ដឹកនាំ​កីឡា​មួយ​នេះ​ឲ្យ​រឹតតែ​រីកចម្រើន​ និង​ពោរពេញ​ដោយ​សមត្ថភាព​ដើម្បី​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​ស៊ីហ្គេម​ ២០២៣​ នៅ​ពេល​ខាង​មុខ​នេះ។​

ទិដ្ឋភាពថ្ងៃធ្វើមហាសន្និបាត​

ប្រធាន​ថ្មី​នៃ​សហព័ន្ធ​កីឡា​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ ក្នុង​នាម​ជា​ថ្នាក់​ដឹកនាំ​ថ្មី​នឹង​ប្រើ​ប្រាជ្ញា​ស្មារតី​ កម្លាំង​កាយ​ចិត្ត​ដែល​ខ្លួន​មាន​ទាំង​អស់​ដើម្បី​ជំរុញ​ និង​អភិវឌ្ឍន៍​កីឡា​វ៉ូវីណាម​កម្ពុជា​ឲ្យ​មាន​ភាព​រីកចម្រើន​បន្ត​ទៅ​ទៀត។​ ទន្ទឹម​និង​នេះ​ឯកឧត្ដម​នឹង​ហ៊ាន​ពុះពារ​ ជម្នះ​គ្រប់​ឧបសគ្គ​ទាំង​អស់​ដើម្បី​ឲ្យ​កីឡា​មួយ​នេះ​ទទួល​ភាព​ជោគជ័យ​តទៅ​មុខ​ទៀត​ ជា​ពិសេស​នៅ​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ស៊ីហ្គេម។​

ទិដ្ឋភាពថ្ងៃធ្វើមហាសន្និបាត​

ឯកឧត្ដម​បន្ត​ទៀត​ថា​ នឹង​ព្យាយាម​ពង្រីក​ផ្សព្វផ្សាយ​ និង​ជំរុញ​ឲ្យ​មាន​ការ​កកើត​នៅ​ក្លឹប​ក៏​ដូច​ជា​កីឡាករ​ កីឡា​ការិនី​បន្ថែម​ទៀត​មិន​ថា​នៅ​រាជធានី​ភ្នំពេញ​ ឬ​តាម​បណ្ដា​ខេត្ត​នានា​នោះ​ទេ។​ ក្រៅ​ពី​នេះ​ប្រធាន​សហព័ន្ធ​រូប​នេះ​ សូម​ឲ្យ​កីឡាករ​ កីឡា​ការិនី​ ថ្នាក់​ដឹកនាំ​ទាំង​អស់​រក្សា​ឲ្យ​បាន​នូវ​សាមគ្គីភាព​ជា​ធ្លុង​មួយ​ រួម​គ្នា​បំពេញ​ភារកិច្ច​ទៅ​តាម​តួនាទី​ និង​មិន​ឲ្យ​មាន​ជំងឺ​តួឯក​នោះ​ទេ។​

ទិដ្ឋភាពថ្ងៃធ្វើមហាសន្និបាត​

រំលឹក​ដែរ​ថា​ សហព័ន្ធ​កីឡា​វ៉ូវីណាម​កម្ពុជា​ បាន​ធ្វើ​ពិធី​មហាសន្និបាត​វិសាមញ្ញ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​សុក្រ​ ទី១៣​ ខែ​ធ្នូ​ ២០១៩​ នៅ​វិមាន​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​ ដើម្បី​បោះឆ្នោត​ជ្រើសរើស​ប្រធាន​ និង​គណៈកម្មការ​ប្រតិបត្តិ​ថ្មី​ បន្ទាប់​ពី​ឧកញ៉ា​ រ័ត្ន​ សាខន​ សុំ​ឈប់​ដោយ​សារ​តែ​មាន​បញ្ហា​សុខភាព។​ ឯកឧត្ដម​ ស៊ូម​ សារឿន​ ជាប្រធាន​ថ្មី ឯកឧត្ដម​ អ៊ូ​ រតនា​ អគ្គលេខាធិការ​ លោក​ កៅ​ មករា​ អគ្គហេរញ្ញិក៕ ​

អត្ថបទ៖ នួន ស៊ីណា​