YG ឆ្លើយតបភ្លាមៗ ក្រោយត្រូវអ្នកគាំទ្រ BLACKPINK ធ្វើបាតុកម្ម

  • 2019-12-16 09:51:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ ១៦ ខែ​ធ្នូ​នេះ អ្នក​គាំទ្រ​ BLACKPINK បាន​ធ្វើ​បាតុកម្ម​បង្ហាញ​ការ​ទាមទារ​ដែល​ពួក​គេ​ចង់​បាន​ ដោយ​យក​រថយន្ត​ដែល​មាន​ផ្ទាំង​ផ្សាយ បើក​ជុំវិញ​អគារ​ផលិតកម្ម YG នៅ​សង្កាត់​ Mapo ទីក្រុង​សេអ៊ូល។

​ផ្ទាំង​ផ្សាយ​ LED នៅ​លើ​រថយន្ត​បាន​បង្ហាញ​អំពី​វីដេអូ ដែល​មាន​នូវ​ការ​ទាមទារ​របស់​អ្នក​គាំទ្រ។ ក្នុង​នោះ​មាន​ការ​ទាមទារ​ឲ្យ​ BLACKPINK ធ្វើ​ការ​ Comeback ពីរ​ដង​ក្នុង​មួយ​ឆ្នាំ, អនុវត្តន៍​គម្រោង​ចេញ​បទ​ចម្រៀង​ទោល (Solo) សម្រាប់​សមាជិក​​ដទៃ​ទៀត​ដូច​ដែល​បាន​សន្យា​ពី​មុន និង​ការ​​បង្ហាញ​មុខ​បន្ថែម​ទៀត​ក្នុង​កម្មវិធី​ទូរទស្សន៍ និង​ចូល​រួម​កម្មវិធី​ពាន​រង្វាន់​នៅ​ចុង​ឆ្នាំ ជា​ដើម។

ការ​ Comeback ​ចុង​ក្រោយ​បង្អស់​របស់​​ BLACKPINK គឺ​នៅ​ខែ​មេសា ជា​មួយ​នឹង​អាល់ប៊ុម​ចម្រៀង​តូច "Kill This Love” ហើយ​ក្រោយ​មក​ក្រុម​បាន​ផ្ដោត​លើ​ការ​ប្រគំ​តន្ត្រី​ជុំវិញ​ពិភពលោក។ Jennie គឺ​ជា​សមាជិក​តែ​ម្នាក់​គត់​ដែល​បាន​ចូល​ប្រឡូក​ជា​តារា​ទោល​ជា​មួយ​បទ "SOLO” នៅ​ឆ្នាំ ២០១៨។

ក្រោយ​មក​ផលិតកម្ម​ YG បាន​​បញ្ចេញ​នូវ​សេចក្ដី​ថ្លែងការណ៍ ដែល​មាន​ដូច​ខាង​ក្រោម ៖

“YG គឺ​បាន​ស្ដាប់​នូវ​គ្រប់​ពាក្យ​ ពេល​អ្នក​គាំទ្រ​បង្ហាញ​ការ​ខ្វាយខ្វល់​ជុំវិញ​សកម្មភាព​​សកម្មភាព​របស់​តារា​ពួក​យើង រួម​មាន​ BLACKPINK។

BLACKPINK បាន​បិទ​បញ្ចប់​ការ​ប្រគំ​តន្ត្រី​បាន​ដោយ​ជោគជ័យ​នៅ​ឆ្នាំ​នេះ ដែល​មាន​ការ​ប្រគំ​តន្រ្តី​ ៣២ លើក នៅ​ទ្វីប​ចំនួន ៤ និង​នៅ​ទីក្រុង​ចំនួន​ ២៣ ហើយ​ពេល​នេះ​ពួក​គេ​កំពុង​នៅ​ប្រគំ​តន្ត្រី​នៅ​ជប៉ុន​បន្ថែម​ទៀត។ ក្នុង​ពេល​ជា​មួយ​គ្នា​នោះ​ ពួក​គេ​​ក៏​កំពុង​ថត​បទ​ចម្រៀង​ថ្មី​មួយ​ចំនួន​នៅ​ស្ទូឌីយោ។

យើង​សុំ​ឲ្យ​អ្នក​ផ្ញើ​ការ​គាំទ្រ និង​ពាក្យ​កក់​ក្ដៅ​ដល់​ BLACKPINK ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​ខិតខំ ត្រៀម​សម្រាប់​អាល់ប៊ុម​ថ្មី ដែល​បាន​ដាក់​គោលដៅ​ថា​ចេញ​ផ្សាយ​នៅ​​ឆ្នាំ ២០២០។

ពួក​យើង​គ្រប់​គ្នា​នៅ​ YG ​​ចង់​​បង្ហាញ​អារម្មណ៍​​ដ៏​ជ្រាលជ្រៅ​ទៅ​កាន់​អ្នក​គាំទ្រ សម្រាប់​មតិ​យោបល់ និង​ការ​គាំទ្រ ហើយ​ពួក​យើង​នឹង​បន្ត​ខិតខំ​ដើម្បី​ផ្ដល់​ជូន​នូវ​បទ​ចម្រៀង​ល្អ​បំផុត​ចេញ​ពី YG៕​​”​​

ចុចអាន ៖ តារា​កូរ៉េ​ ៧​រូប ​ចែក​រំលែក​វិធី​ថែ​រក្សា​រាង​ងាយៗ​ អ្នក​ណាៗ​ក៏​អាច​ធ្វើ​បាន

ប្រភព៖ Soompi   ប្រែ​សម្រួល៖ សុខហេង