Digital Cambodia ត្រឡប់​មក​វិញ​ជា​មួយ​ប្រធាន​បទ​ថ្មី Digital Talents

  • 2019-12-19 03:13:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ព្រឹត្តិការណ៍ Digital Cambodia 2020 បាន​ត្រឡប់​មក​វិញ​ជា​មួយ​ប្រធាន​បទ​ទាក់​ទង់​និង​វិស័យ​បច្ចេកវិទ្យា​នាពេល​បច្ចុប្បន្ន នឹងត្រូវបានរៀបចំចាប់ពីថ្ងៃទី ២០ ដល់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ នៅសាលពិព័រណ៍កោះពេជ្រ ដែលមានវិទ្យាស្ថានជាតិ NIPTICT ជាម្ចាស់ព្រឹត្តិការណ៍។

Digital Cambodia ឆ្នាំ​នេះ​ក៏​មាន​ការ​គាំទ្រ​ដោយ​ក្រសួង​ចំនួន ០៦ រួមមាន ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ក្រសួងពាណិជ្ជកម្ម និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និង​ទទួល​បាន​ការ​សហការ​ឧបត្ថម្ភដោយមូលនិធិ ស.អ.​ ដែលក្នុងនោះចំណែកវិភាគទានធំពី ក្រុមហ៊ុន Smart Axiata, ក្រុមហ៊ុន Viettel (Cambodia) និង ICT Division។

លោក ជីសិលា នាយ​កប្រតិបត្តិ ក្រុមហ៊ុន Sabay Digital

ព្រឹត្តិការណ៍​នេះ​ត្រូវបានសហការរៀបចំដោយក្រុមហ៊ុន Sabay Digital និងក្រុមហ៊ុន COMPASS Advertising។ Digital Cambodia 2020 ជា​ព្រឹត្តិការណ៍​ឈាន​មុខ​ប្រចាំ​ឆ្នាំ​លើក​ទី២ របស់​ព្រះរាជាណាចក្រកម្ពុជា​លើវិស័ បច្ចេកវិទ្យា ឌីជីថល ដែលមានគោលបំណងបង្កើត Platform ថ្នាក់​ជាតិដើម្បី​បង្ហាញ​អំពី៖

១. បង្ហាញអំពីបរិយាកាស និង Ecosystem ប្រកបដោយអំណោយផល និង​ភាព​ទាក់ទាញ​សម្រាប់​ការវិនិយោគវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៅកម្ពុជា។

២. បង្ហាញ​អំពី​វឌ្ឍនភាព​នៃ​ការអភិវឌ្ឍ​ក្របខ័ណ្ឌគោលនយោបាយនិងគតិយុត្ត និង​ផលិត​ផល​និង​សេវា​ពាក់ព័ន្ធនឹងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។

៣. បញ្ជ្រាប​អំពី​សារៈសំខាន់​និងភាព​មិនអាច​ខ្វះបាន​នៃវិស័យ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ដល់​គ្រប់​មជ្ឈដ្ឋាន ជាពិសេសយុវជននិងស្ត្រី ក្នុងន័យធ្វើឱ្យប្រសើរឡើងនៃការអប់រំសម្រាប់សិស្ស-និស្សិត និងជំនាញបច្ចេកទេស បង្កើនប្រសិទ្ធភាពការងារនិងផលិតភាព និង​ពង្រឹង​ភាព​ប្រកួត​ប្រជែង​សហគ្រាសធុនតូចបំផុត ធុនតូច និងមធ្យមរបស់កម្ពុជាលើឆាកតំបន់និងអន្តរ ជាតិ។

៤. កៀរគរគ្រប់តួអង្គពាក់ព័ន្ធក្នុងវិស័យឧស្សាហកម្មបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន រួមមាន ស្ថាប័ន​រាជរដ្ឋាភិបាល អ្នកវិនិយោគជាតិនិងអន្តរជាតិ អាជីវកម្មបង្កើតថ្មី (Tech Startup) អ្នកវិជ្ជាជីវៈ​ និង​គ្រឹះស្ថានសិក្សាស្រាវជ្រាវ ព្រមទាំងសង្គមស៊ីវិល ដើម្បីផ្លាស់ប្តូរបទពិសោធន៍និងឧត្តមានុវត្តន៍ និង​ពិភាក្សាយោបល់អំពីនិន្នាការថ្មីៗ ក៏​ដូច​ជា​អំពី​បញ្ហា​ប្រឈម​នានា​លើវិស័យ​ឧស្សាហកម្ម​បច្ចេកវិទ្យា​គមនាគមន៍​និងព័ត៌មានក្នុងក្របខ័ណ្ឌជាតិនិងអន្តរជាត។

៥. ជំរុញលើសហគ្រិនភាព និងនវានុវត្តន៍ថ្មីៗ។

៦. អភិវឌ្ឍបណ្តាញអាជីវកម្មរវាងអាជីវកម្មបង្កើតថ្មី (Startup) ជាមួយសហគ្រាសធុនតូចបំផុត ធុន​តូច និងមធ្យម។

គួរបញ្ជាក់ផងដែរថា កម្មវិធីធំៗក្នុងព្រឹត្តិការណ៍ Digital Cambodia 2020 មានដូចជា៖

១. វេទិកាថ្នាក់រដ្ឋមន្ត្រីទូរគមនាគមន៍និងព័ត៌មានវិទ្យាអាស៊ាន និង​កិច្ច​សន្ទនា​រវាង​រដ្ឋមន្ត្រី​ទូរគមនាគមន៍​និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន អាស៊ាន ជា​មួយ​នឹង​វិស័យ​ឯកជន​មក​ពីថ្នាក់​តំបន់ និងពិភពលោក

២. វេទិកាសម្រាប់ Tech Startup

៣. វេទិកាសម្រាប់អ្នកអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថល

៤. សន្និសីទ និង​សិក្ខា​សាលា​សម្រាប់​ថ្នាក់​ដឹក​នាំ​និង​អ្នក​ជំនាញ​ដើម្បី​ចែក​រំលែក​អំពី​បច្ចុប្បន្ន​ភាព និងអនាគតនៃ  បច្ចេកវិទ្យាឌីជីថល

៥. ពិព័រណ៍ឌីជីថលទាំងថ្នាក់ជាតិនិងថ្នាក់តំបន់

៦. ការប្រគល់ពានរង្វាន់ Cambodia ICT Awards, Women in Tech Awards, USO and CBRD Funds Awards, and Young Entrepreneur Awards

៧. សម្រាប់ផលិតផលបច្ចេកវិទ្យាដែលមានលក្ខណៈច្នៃប្រឌិត​​ និងនវានុវត្តន៍​។

ឯកឧត្ដម​បណ្ឌិត សេង សុភាព ប្រធានវិទ្យាស្ថានជាតិ ​NIPTICT

ឯកឧត្ដម​បណ្ឌិត សេង សុភាព ប្រធានវិទ្យាស្ថានជាតិ ​NIPTICT បាន​មាន​ប្រសាសន៍​ថា “ព្រឹត្តិការណ៍ Digital Cambodia 2020 ​នេះ គឺជាលើកទី២ហើយដែលវិទ្យាស្ថានជាតិ NIPTICT ធ្វើជាម្ចាស់ព្រឹត្តិការណ៍។

Digital Cambodia 2020 ត្រូវបានរៀបចំឡើងក្រោមប្រធានបទ Digital Talents។ ក្នុង​នាម​ជា​ប្រធាន​វិទ្យាស្ថាន​ជាតិ NIPTICT ដែលជាគ្រឹះស្ថានអប់រំ និងស្រាវជ្រាវលើវិស័យបច្ចេកវិទ្យាឌីជីថល​និង​ជំនាញ​ដល់​យុវជន លោក ជឿជាក់ថា ព្រឹត្តិការណ៍ Digital Cambodia 2020 នឹង​ក្លាយ​ជាវេទិកា​មួយ​ដែល​ប្រមូល​ផ្តុំយុវជនឱ្យមកចាប់អារម្មណ៍លើវិស័យបច្ចេកវិទ្យាឌីជីថល ដែល​ជាវិស័យ​អាទិភាព​និង​ជា​ឆ្អឹង​ខ្នងសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។

ឯកឧត្ដម​បណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការ​ក្រសួងប្រៃសណីយ៍និង​ទូរគមនាគមន៍ និង​ជា​អនុប្រធាន​ទី១ នៃ​ក្រុម​ប្រឹក្សា​មូលនិធិ ស.អ.

ឯកឧត្ដម​បណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការ​ក្រសួងប្រៃសណីយ៍និង​ទូរគមនាគមន៍ និង​ជា​អនុប្រធាន​ទី១ នៃ​ក្រុម​ប្រឹក្សា​មូលនិធិ ស.អ. បានមាន​ប្រសាសន៍​ថា ព្រឹត្តិការណ៍ Digital Cambodia 2020 ជា​ផ្នែក​មួយ​ការ​ចូល​រួមចំណែកឱ្យសម្រេចបាននូវផែនការកសាងសមត្ថភាព និង​ការ​ស្រាវជ្រាវ​និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ឆ្នាំ២០១៩ និង​២០២០ ដែលបានដាក់ចេញដោយក្រុមប្រឹក្សាមូលនិធិ ស.អ. ពោលគឺដើម្បី ១. ជំរុញ​ការ​អភិវឌ្ឍ​ធនធានមនុស្សខាងផ្នែកបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ២. ជំរុញការស្រាវជ្រាវ និងអភិវឌ្ឍន៍ នវានុវត្តន៍ ខាងផ្នែក ប.គ.ព. និង៣. ជំរុញការអភិវឌ្ឍ Tech Startup Ecosystem ។

ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បាន​ផ្តល់​ចំណាប់​អារម្មណ៍​ចំពោះ​ព្រឹត្តិការណ៍ Digital Cambodia 2020 ថា “Digital Cambodia 2020 គឺ​ជា​សរសរ​ស្តម្ភ​មួយ​ដើម្បី​សម្រេច​បាន​គោលនយោបាយដែលរាជរដ្ឋាភិបាលកំពុងរៀបចំ ពោល​គឺ​គោល​នយោបាយ​សេដ្ឋកិច្ច​ឌីជីថល និងរដ្ឋាភិបាលឌីជីថល។ ឯកឧត្តមជឿជាក់ថា ការ​អភិវឌ្ឍ​យុវជន​ប្រកប​ដោយ​ទេព​កោសល្យ នឹង​ចូលរួមចំណែកសម្រេចបាននូវយុទ្ធសាស្ត្រ-ចតុកោណតំណាក់កាលទី៤ សម្រាប់​រាជ​រដ្ឋា​ភិបាល​អាណត្តិទី៦ ជា​ពិសេស​ដើម្បី​ត្រៀម​ខ្លួន​ចាប់​យក​សេដ្ឋកិច្ច​ឌីជីថល និង​បដិវត្តន៍​ឧស្សា​ហកម្ម​ទី៤។

គួរបញ្ជាក់ផងដែរថា Digital Cambodia 2020 នឹង​មាន​ការ​ចូល​រួម​ពី​រដ្ឋមន្ត្រី​ទូរគមនាគមន៍ និង​ព័ត៌​មាន​វិទ្យា​អាស៊ាន និងវាគ្មិនដែលបានចូលរួមជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលប្រមាណ ១២០ រូប។ ព្រឹត្តិការណ៍​នេះក៏មានការតាំងពិព័ណ៌ប្រមាណ ១៧០ ស្តង់ និង​សង្ឈឹម​ថា​នឹង​មាន​អ្នក​ចូល​រួម​លើស​ពី ៣០ ០០០ នាក់ មក​ពីស្ថាប័នជាតិ និងអន្តរជាតិ រួមមាន ស្ថាប័នរាជរដ្ឋាភិបាល ទូត ប្រតិបត្តិករ​ទូរគមនាគមន៍ ក្រុម​ហ៊ុនផ្តល់សេវាកម្មបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ក្រុម​ហ៊ុន​អភិវឌ្ឍ​បច្ចេក​វិទ្យា ធនាគារ មីក្រូហិរញ្ញវត្ថុ អាជីវកម្មបង្កើតថ្មី (Tech Startup)   អង្គការក្រៅរដ្ឋាភិបាល គ្រឹះ​ស្ថាន​អប់រំ និង​ដៃគូអភិវឌ្ឍន៍៕

អត្ថបទ៖ ម៉េងងី