Taylor Swift រកលុយបាន ៨២៥លានដុល្លារនៅទសវត្សនេះ ប៉ុន្តែនៅចាញ់តារារ៉េបម្នាក់

  • 2019-12-25 03:09:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​តាម​បញ្ជី​ថ្មី​ដែល​ចេញ​ផ្សាយ​ដោយ​ទស្សនាវដ្ដី​ Forbes បាន​ឲ្យ​ដឹង​ថា​ ក្នុង​រយៈពេល​ ១០ ឆ្នាំ​មក​នេះ (២០១០-២០១៩) Taylor Swift អាច​រក​ចំណូល​បាន​សរុប​​រហូត​ដល់ ៨២៥ លាន​ដុល្លារ​ឯណោះ។

យ៉ាងណាក្ដី​ចំណូល​ដែល​នាង​រក​បាន​ អាច​ត្រឹម​ឲ្យ​ឈរ​ចំណាត់​ថ្នាក់​លេខ​ពីរ ក្នុង​បញ្ជី​តន្ត្រីករ​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ប្រចាំ​ទសវត្ស​ ២០១០ នេះ។ តំណែង​លេខ​មួយ​គឺ​បាន​លើ​​តារា​រ៉េប​ Dr. Dre។ ត្បិត​ថា​បាន​បញ្ចេញ​អាល់ប៊ុម​ចម្រៀង​ត្រឹម​មួយ និង​មិន​សូវ​ធ្វើ​ការ​ប្រគំ​តន្ត្រី ប៉ុន្តែ​មុខ​ជំនួញ​របស់​ Dr. Dre ជួយ​ឲ្យ​លោក​រក​ចំណូល​បាន​ដល់ ៩២៥ ដុល្លារ។ នេះ​ក៏​ដោយ​សារ​តែ​កុងត្រា​ទិញ​លក់​​តម្លៃ​ខ្ទង់​ពាន់​លាន​ដុល្លារ​ជា​មួយ Apple ដែល​ Apple បាន​ទិញ​ក្រុមហ៊ុន Beats របស់​តារា​រ៉េប​វ័យ ៥៤ ឆ្នាំ​នេះ។

ងាក​មក Taylor Swift ឯណេះ​វិញ ចំណូល​ភាគ​ច្រើន​គឺ​បាន​ពី​ការ​លក់​អាល់ប៊ុម​ចម្រៀង និង​ការ​ប្រគំ​តន្ត្រី។ Taylor បាន​បញ្ចេញ​អាល់ប៊ុម​ចម្រៀង​ចំនួន​ ៥ ក្នុង​រង្វង់​ ១០ ឆ្នាំ ដែល​រួម​មាន "Speak Now” (២០១០), “Red” (២០១២), “1989” (២០១៤), “Reputation” (២០១៧) និង "Lover” (២០១៩)។ ជា​មួយ​គ្នា​នោះ​នាង​បាន​ធ្វើ​ការ​ប្រគំ​តន្ត្រី ៣៣៤ លើក ដែល​រក​ចំណូល​បាន​ជាង ៧០០ លាន​ដុល្លារ​ឯណោះ។

ខាង​ក្រោម​ជា​ឈ្មោះ​តន្ត្រី​ករ​ផ្សេង​ទៀត​ដែល​មាន​ក្នុង​បញ្ជី​​ប្រចាំ​ទសវត្ស​របស់ Forbes ៖​

  • Beyonce Knowles - ៦៨៥ លាន​ដុល្លារ​

  • U2 - ៦៧៥ លាន​ដុល្លារ​

  • Diddy - ៦០៥ លាន​ដុល្លារ​

  • Elton John - ៥៦៥ លាន​ដុល្លារ​

  • Jay-Z - ៥៦០ លាន​ដុល្លារ​

  • Paul McCartney - ៥៣៥ លាន​ដុល្លារ​

  • Katy Perry - ៥៣០ លាន​ដុល្លារ​

  • Lady Gaga - ៥០០ លាន​ដុល្លារ

ចុចអាន ៖ មាន​ឈ្មោះ​ជា​តារា​ល្បី​ តើ​​ចំណូល​ចិត្ត​របស់ Taylor Swift បែប​ណា​ខ្លះ?

ប្រភព៖ ibtimes   ប្រែ​សម្រួល៖ សុខហេង