គួរទៅឲ្យស្គាល់ម្ដង! ទឹកធ្លាក់ឱម៉ាល់ ទេសភាព​ស្អាតខ្លាំង បង្កប់​ខ្លួន​ក្នុង​ជ្រលង​ភ្នំក្នុង​ខេត្ត​កំពត

  • 2019-12-30 03:18:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទឹកធ្លាក់ឱម៉ាល់ ស្ថិតនៅប៉ែកខាងកើតនៃជម្រាលភ្នំបូកគោ ឬឧទ្យានជាតិព្រះមុនីវង្ស តាមបណ្ដោយផ្លូវទៅកាន់រមណីយដ្ឋានទឹកឈូ ខេត្តកំពត។ ដើម្បីទៅកាន់ទឹកធ្លាក់ឱម៉ាល់ ភ្ញៀវទេសចរណ៍អាចធ្វើដំណើរតាមផ្លូវលំ ទល់មុខក្លោងទ្វារវត្តស្នំប្រាំ៧ រួចបន្តដំណើរតាមជម្រាលភ្នំជាង៤គីឡូម៉ែត្រ ដែលមានក្រាលបេតុងដោយអន្លើរ តាមមធ្យោបាយម៉ូតូ ឬថ្មើរជើងកាន់តែល្អ ព្រោះសភាពផ្លូវមានលក្ខណៈតូច បត់បែន និងចោតបន្តិច។

ក្នុងដំណើរឡើងទៅកាន់ទឹកធ្លាក់ឱម៉ាល់ យើងអាចស្ដាប់ឮសន្ធឹកខ្សែទឹកហូរតាំងពីជើងភ្នំ អមជាមួយដោយសំឡេងសត្វយំល្វើយៗ ព្រមទាំងបានគយគន់រុក្ខជាតិខៀវខ្ចី និងចម្ការដំណាំហូបផ្លែជាច្រើនប្រភេទ។ នៅតាមផ្លូវ ជាញឹកញាប់យើងតែងប្រទះគ្នាជាមួយអ្នកចំការដឹកចេកចុះពីភ្នំសួរស្វាគមន៍ភ្ញៀវទេសចរណ៍ជាមួយទឹកមុខរួសរាយរាក់ទាក់។ បន្តដំណើរសរសៀរតាមចង្កេះភ្នំ យើងក៏អាចមើលឃើញទឹកធ្លាក់នៅខាងឆ្វេងដៃហូររណ្ដំជាមួយដុំថ្មតូចធំ តម្រៀមគ្នាក្នុងជ្រលងអូរ។ ទាំងអស់នេះប្រៀបបីដូចជាថាមពលជំនួយដល់អ្នកដំណើរឲ្យបាត់អស់ភាពនឿយហត់។

មិនគ្រាន់តែជាទស្សនីយភាពធម្មជាតិដែលបង្អួតរាងក្នុងជ្រលងបុព្វតា ទឹកធ្លាក់ឱម៉ាល់ប្រៀបបីដូចបណ្ដូលជីវិតនៃដំណាំគ្រប់ប្រភេទនៅតាមជម្រាលភ្នំ ហើយក៏ជាបង្អែកដែលមិនអាចខ្វះបានសម្រាប់ភាវៈមានជីវិតដែលអាស្រ័យនឹងទឹកដងអូនេះ។ ខ្សែទឹកហូរកាត់ជ្រលងភ្នំ ខណ្ឌចែកចំការដំណាំជាពីរផ្នែក ម្ខាងខាងត្បូង និងម្ខាងទៀតខាងជើង។ បន្ទាប់មកទឹកដែលមានប្រភពពីកំពូលភ្នំបូកគោប្រឹងហូរជំនះឧបសគ្គសព្វបែបយ៉ាង ទម្លាក់ខ្លួនយ៉ាងទន់ភ្លន់ចូលទៅក្នុងដងព្រែកកំពត មុននឹងរំលាយខ្លួនចូលទៅកាន់លំហសមុទ្រដ៏ធំធេង៕

សូមទស្សនា​វីដេអូ "ផ្លូវទៅស្រុក វគ្គ៣" ដូចខាងក្រោមនេះ៖

ផ្លូវទៅស្រុក វគ្គ៣ នាំមកជូនដោយធនាគារអេស៊ីលីដា ភីអិលស៊ី សហការដោយ Asian Kitchen, ហាងនំប៉័ង TOUS les JOURS, Lotteria និង Domino's Pizza និងគាំទ្រដោយក្រសួងទេសចរណ៍៕

ចុចអាន៖

ប្រែសម្រួល៖ ឈិន មិថុនា