យុវជន​ ណាង​ សុវណ្ណ​ ក្មេង​ទេ​តែ​ទម្រង់​វ៉ៃ​ល្អ​ណាស់​ ក្ដី​បំណង​ចង់​ស្នង​គុន​ល្បុក្កតោ​ខ្មែរ​

  • 2019-12-30 03:39:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​វ័យ​ក្មេង​ ណាង​ សុវណ្ណ​ បើ​ទោះ​ជា​វ័យ​ត្រឹម​១៤​ឆ្នាំ​ប៉ុណ្ណោះ​ ប៉ុន្តែ​ការ​ប្រកួត​របស់​គេ​ពិត​ជា​ល្អ​ និង​មាន​ក្បាច់​ស្នៀត​ល្អ​ច្បាស់​ៗ​តែ​ម្ដង​ នៅ​ថ្ងៃ​អនាគត​ចង់​ក្លាយ​ជា​អ្នក​ស្នង​គុន​ល្បុក្កតោ​ល្បី​ឈ្មោះ​ម្នាក់​របស់​កម្ពុជា។​

កីឡាករ ណាង សុវណ្ណ

ណាង​ សុវណ្ណ​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ការ​ប្រកួត​ម្សិលមិញ​ក្នុង​កម្មវិធី​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០១៩​ នេះ​គឺ​គ្រាន់​តែ​ជា​ការ​ប្រកួត​មិត្តភាព​ធម្មតា​នោះ​ទេ​ ដោយ​មិន​មាន​មេដាយ​មាស​ ឬ​ប្រាក់​នោះ​ឡើយ។​ ដោយ​សារ​តែ​ទម្ងន់​ ៣២​-៣៥​គីឡូក្រាម​ មិន​មាន​កីឡាករ​គ្រប់​អាច​ដាក់​ជា​វិញ្ញាសា​ប្រកួត​បាន​ ដូច្នេះ​គឺ​ត្រឹម​មិត្តភាព​ធម្មតា​។​

ណាង​ សុវណ្ណ (ក្បិន​ខៀវ​ )

ការ​ប្រកួត​ទៀត​សោធ​ប៉ះ​អ្នក​ថ្មី​ផង​ និង​គេ​សុំ​វ៉ៃ​ល្មម​ៗ​ផង​នោះ​ ទើប​កីឡាករ​វ័យ​ ណាង​ សុវណ្ណ​ មិន​ទាន់​បញ្ចេញ​ស្នៀត​អស់​ ឬ​ប្រឹង​ប្រកួត​អស់​ពី​សមត្ថភាព​នោះ​ឡើយ។​ តែ​យ៉ាង​ណា​ក៏​អ្នក​លេង​ក្បាច់​គុន​រូប​នេះ​ ក៏​បាន​ឆ្លៀត​បង្ហាញ​ទម្រង់​វ៉ៃ​ល្អ​ច្បាស់​ៗ​ ទាត់​ ជង្គង់​ហោះ​មួយ​ចំនួន​ផង​ដែរ​ ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ​ក្បាច់​ឌឺដង​ដាក់​ដៃគូ​ឲ្យ​ខំប្រឹង​វ៉ៃ​ ឬ​ទាត់​មក​ខ្លួន​បើក​ឲ្យ​ទាត់។​

ណាង សុវណ្ណ (ខៀវ) និង​ដៃគូ

សិស្ស​គុន​មក​ពី​ក្លឹប​ល្បុក្កតោ​ស​រូប​នេះ​បញ្ជាក់​ទៀត​ថា​ ការ​ប្រកួត​នេះ​គឺ​ផ្ដោត​ចង់​ឲ្យ​អ្នក​មក​ទស្សនា​បាន​ស្គាល់​ និង​ចាប់​អារម្មណ៍​គាំទ្រ​ក្បាច់​គុន​ល្បុក្កតោ​ខ្មែរ។​ នៅ​ពេល​អនាគត​ សុវណ្ណ​ ចង់​ក្លាយ​ជា​អ្នកស្នង​មរតក​ក្បាច់គុន​ល្បុក្កតោ​ដើម្បី​រួម​ចំណែក​ផ្សព្វផ្សាយ។​

រំលឹក​ដែរ​ថា​ សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​បាន​បិទ​បញ្ចប់​ការ​ប្រកួត​ជើង​ឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០១៩​ នេះ​ហើយ​កាល​ពី​ល្ងាច​ម្សិលមិញ​​នៅ​ឯ​សាល​ដំបូល​ទូក​ នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ក្រោយ​ធ្វើ​ឡើង​អស់​រយៈពេល​៣កន្លង​ទៅ៕​

អត្ថបទ៖ នួន ស៊ីណា​