គិតត្រឹមឆ្នាំ២០២០ គម្រោងលំនៅឋាន សម្រាប់មន្ត្រីរាជការ និងអ្នកចំណូលទាបមានប៉ុន្មានគម្រោងហើយ?
- 2020-01-13 02:30:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គិតត្រឹមឆ្នាំ២០២០ គម្រោងលំនៅឋាន សម្រាប់មន្ត្រីរាជការ និងអ្នកចំណូលទាបមានប៉ុន្មានគម្រោងហើយ?
ចន្លោះមិនឃើញ
គិតត្រឹមដើមឆ្នាំ២០២០ នេះគម្រោងលំនៅឋានសាធារណៈ និងតម្លៃទាប សម្រាប់គ្រួសារមន្ត្រីរាជការការមានចំនួន ៥ គម្រោង។ នេះបើតាមរបាយការណ៍ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ដែលគេហទំព័រ sabay ទទួលបានកាលពីចុងសប្ដាហ៍មុន។
គម្រោងលំនៅឋានតម្លៃសមរម្យសម្រាប់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ត្រីចូលនិវត្តន៍ និងជនពិការមានចំណូលទាប និងមធ្យម ដែលអាចបង់រំលោះត្រឹម១ខែ៨០ដុល្លារ ក្នុងឆ្នាំ២០២០គឺទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិសេសបងប្អូនមន្ត្រីរាជការតែម្ដង។
របាយការណ៍ក្រសួងរៀបចំដែនដី ដែលបានចេញផ្សាយចុងសប្ដាហ៍មុនឱ្យដឹងថា គិតត្រឹមដើមឆ្នាំ២០២០ គម្រោងអភិវឌ្ឍលំនៅឋានតម្លៃសមរម្យមានចំនួន ៥ គម្រោង។ គម្រោងទី១ គម្រោងអភិវឌ្ឍ"លំនៅឋានទីក្រុងរណបសិរីមង្គល” របស់ក្រុម worldbridge Home Co,Ltd មានទីតាំងនៅភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាត ខេត្តកណ្ដាល បច្ចុប្បន្នសម្រេចបាន ៩០%។ គម្រោងនេះបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ៧ ខែមករា ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ជា សុផារ៉ា និងលោកឧកញ៉ា សៀ រិទ្ធី អគ្គនាយកក្រុមហ៊ុន។
ទី២ គម្រោងអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ "បុរីសែនមនោរម្យ ព្រែកតាទែន” អភិវឌ្ឍដោយក្រុមហ៊ុន B&BM Development Co,Ltd. មានទីតាំងស្ថិតនៅភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល បច្ចុប្បន្នសម្រេចបាន៥០%។ គម្រោងនេះសាងសង់លំនៅឋានចំនួន ៥៣៤០ ខ្នង។ ទី៣ គម្រោងអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ "លំនៅឋានអារ៉ាខារ៉ា” ចំនួន២៩៦០ចំណែកឯកជន មានទីតាំងស្ថិតនៅភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ បច្ចុប្បន្នសម្រេចបាន ៥១% ។
ទី៤ គម្រោងអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ "ហ្រ្គេនផាក” ដំណាក់កាលទី១ មានទីតាំងស្ថិតនៅភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ បច្ចុប្បន្នសម្រេចបាន៦៧%។
ទី៥ គម្រោងអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ "សុខារេស៊ីដិន” ចំនួន៤២៩៦ ចំណែកឯកជន មានទីតាំងស្ថិតនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៩ថ្មីៗនេះ។ ដូច្នេះសរុបទាំង ៥ គម្រោងមានលំនៅឋានចំនួន ៨៣៣១ ខ្នង និង ៧២៥៦ ចំណែកឯកជន។
ក្នុងឱកាសបើកការដ្ឋានសាងសង់លំនៅឋានរបស់ក្រុមហ៊ុន worldbridge Home Co,Ltd កាលពីឆ្នាំ២០១៧ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា បានមានប្រសាសន៍ថា ផ្ទះដែលចាប់ផ្ដើម សាងសង់នេះមិនមែន ធ្វើឲ្យចេះតែបាន ធ្វើខ្វះគុណភាព តំបន់នៃការអភិវឌ្ឍគម្រោង គិតតែពីផ្ទះជាប់គ្នារហូត ដូចសម្បុកចាបនោះ គឺមិនមែនទេ គឺមានផ្លូវហេដ្ឋា រចនាសម្ព័ន្ធស្រប មានសួនច្បារ មានសាលារៀន និងមន្ទីរពេទ្យជាដើម ព្រោះផ្ទះនេះធ្វើជាលក្ខណៈសហគមន៍ ។
លោកបានបន្តថា “ខ្ញុំក៏ទទួលបានរួមចំណែក នៅក្នុងការការពារបរិស្ថាន និងការប្រែប្រួលអាកាសធាតុ ឲ្យមានផ្ទៃបៃតងនេះ ៥,១ភាគរយយ៉ាងតិច មានទុកទីធ្លា មានទីសាធារណៈ ដើម្បីជួបជុំគ្នានៅក្នុងតំបន់នេះ នេះជាគោលបំណងរបស់យើង” ។ លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា បានសង្កត់ធ្ងន់ថា ការលក់គម្រោងនេះ មិនត្រូវមានបក្ខពួក និយមនោះទេ។
ក្រសួងរៀបចំដែនដី ក៏នឹងបន្តជំរុញសាងសង់លំនៅឋានតម្លៃសមរម្យ និងលំនៅឋានបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ សម្រាប់គ្រួសារដែលមានប្រាក់ចំណូលមធ្យម ប្រាក់ចំណូលទាប និងគ្រួសារងាយរងគ្រោះ៕