ពេជ្រ សូលីកា ចេញ​សារ​លើក​ដំបូង​ទៅ​គ្រួសារ​ជន​រងគ្រោះ ក្រោយ​ម្ដាយ​នាង​មាន​រឿង​ជាប់​សង្ស័យ​ហ្នឹង​ករណី​ឃាតកម្ម

  • 2020-01-14 09:50:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ប្រមាណ​១​ម៉ោង​មុន​នេះ តារា​ចម្រៀង ពេជ្រ សូលីកា បាន​ចេញ​សារ​ទី​១ ចាប់​តាំង​ពី​ម្ដាយ​របស់​នាង ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​ដោយ​មាន​ជាប់​សង្ស័យ​នឹង​ការ​ស្លាប់​របស់​អ្នក​លក់​កាហ្វេ​នៅ​ផ្សារ​ដេប៉ូ​ម្នាក់​កាល​ពី​ថ្ងៃ​ទី ១១ មករា ២០២០។

នៅ​ឃ្លា​ដំបូង​នៃ​សារ​របស់​នាង សូលីកា បាន​ទទួល​ស្គាល់​ថា អ្នក​ស្រី ស៊ិន ស្រី​នាង ភេទស្រីអាយុ៤៥ឆ្នាំជនជាតិខ្មែរ មាន​ទី​លំនៅ​ផ្ទះលេខL42A ផ្លូវលេខV16A ( បុរីវីឡាថោន) ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌ គឺ​ជា​ម្ដាយ​បង្កើត​របស់​នាង ដែល​បច្ចុប្បន្ន​បាន និង​កំពុង​ជាប់​ជា​ជន​សង្ស័យ​លើ​ការ​ស្លាប់​របស់​ជន​រងគ្រោះ​ឈ្មោះ ងិន សុខលី ភេទ​ស្រី​អាយុ ៥០​ឆ្នាំ​ជនជាតិ​ខ្មែរ មាន​ទីលំ​នៅ​ផ្ទះ​លេខ59 ផ្លូវលេខ134 សង្កាត់​ផ្សារ​ដេប៉ូ2 កាល​ពី​២​ថ្ងៃ​មុន។

ដូច្នេះ​ហើយ នាម​ជា​កូន​ស្រី​បង្កើត តារា​ចម្រៀង បាន​ ដោយ​នាង​ធ្វើ​សុំ​ទោស​ទៅ​គ្រួសារ​នៃ​សព និង​ចូល​រួម​សោក​ស្ដាយ​ចំពោះ​ការ​បាត់​បង់​ដ៏​ធំ​ធេង​មួយ​នេះ។ នាង​បន្ត​ថា នាង​យល់​ពី​អារម្មណ៍​របស់​ក្រុម​គ្រួសារ​អ្នក​រងគ្រោះ​នាង និង​ក៏​ដឹង​ថា ពួក​គេ​កំពុង​មាន​ការ​ឈឺ​ចាប់ ក្នុង​ពេល​ដែល​មនុស្ស​ជា​ទី​ស្រឡាញ់​ម្នាក់ ស្រាប់​តែ​ជួប​រឿង​បែប​នេះ។ ដូច្នេះ​ហើយ នាង​មាន​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​រឿង​ដែល​កើត​ឡើង និង​សុំទោស​គ្រប់​យ៉ាង។

សូលីកា បញ្ជាក់​ថា នៅ​ពេល​នេះ ក្នុង​ពេល​ដែល​ម្ដាយ​នាង​មាន​កំហុស ក្រុម​គ្រួសារ​នាង ក៏​មាន​ទុក្ខ​មិន​តិច​ដែរ។ "ពាក្យ​សុំទោស​ប៉ុន្មាន​ម៉ាត់​របស់​ខ្ញុំ វា​មិន​ស្មើ​នឹង​ការ​ឈឺ​ចាប់​ដែល​បាន​បាត់​បង់​មនុស្ស​ជា​ទី​ស្រលាញ់​របស់​គ្រួសារ​សព​ឡើយ ប៉ុន្តែ​ម្ដាយ​របស់​នាង​ខ្ញុំ គាត់​បាន​ទទួល​នូវ​ទង្វើ​ដែល​គាត់​បាន​ធ្វើ​ហើយ ខ្ញុំ​សុំ​ការ អហោសិកម្ម​ពី​គ្រួសារ​សព ជំនួស​ម្ដាយ​របស់​ខ្ញុំ​ផង"។

រំលឹក​ថា កាល​ពី​ថ្ងៃ​ទី​១១ ខែ​មករា​ឆ្នាំ​២០២០ វេលាម៉ោង១១ ជន​រងគ្រោះ​ឈ្មោះ ងិន សុខលី បាន​ជិះ​ម៉ូតូ ១គ្រឿង​ម៉ាក​សេ១២៥ ពណ៌​ខ្មៅ​ម្នាក់​ឯង​មក​លេង​ផ្ទះ​របស់​ជនសង្ស័យ​ឈ្មោះ ស៊ិន ស្រី​នាង (មាន​ទំនាក់​ទំនង​ស្រឡាញ់​ស្រី​ដូច​គ្នា)នៅ​ចំណុច​ផ្ទះ​លេខ L42A ផ្លូវ​លេខV16A (បុរីវីឡា​ថោន) ភូមិ​ទួល​រកា សង្កាត់ ចាក់អង្រែក្រោម ខណ្ឌ​មានជ័យ ដែល​ជា​ចំណុច​កើត​ហេតុ។

ក្រោយ​មក ពួក​គេ​ទាំង​ពីរ​បាន​មាន​ទំនាស់​នឹង​គ្នា​ដោយ​មិន​ទាន់​មាន​មូលហេតុ​ជាក់​លាក់​ត្រូវ​បាន​កំណត់​ដោយ​សមត្ថកិច្ច​នៅ​ឡើយ។ ប៉ុន្តែ​ព័ត៌មាន​ខ្លះ​ថា ដោយ​សារ​ការ​ប្រចណ្ឌ ព្រោះ​មាន​ព័ត៌មាន​ជា​ច្រើន​ថា ជន​រងគ្រោះ​មាន​ទំនាក់ទំនង​នឹង​នារី​ច្រើន​នាក់។ នៅ​ក្នុង​ការ​ប្រតាយ​ប្រតប់​គ្នា ដែល​ដំបូង​ឡើយ មិន​ដឹង​ថា​អ្វី​កើត​ឡើង​ច្បាស់​លាស់​នោះ បាន​បណ្ដាល​ឲ្យ ងិន សុខលី បាន​បាត់​បង់​ជីវិត។

លុះ​ដល់ថ្ងៃទី១២ ខែ​មករា ឆ្នាំ​២០២០ វេលាម៉ោង២៖៤០នាទី ទើប​ជន​សង្ស័យ ស៊ិន ស្រី​នាង បាន​ឲ្យ​ក្រុម​គ្រួសារ​មក​រាយការណ៍​ប្រាប់​នគរបាល​ប៉ុស្តិ៍​ចាក់​អង្រែ​ក្រោម​ពី​រឿង​ជន​រងគ្រោះ​បាន​ស្លាប់​ក្នុង​ផ្ទះ​របស់​ខ្លួន។ បន្ទាប់​ពី​ទទួល​បាន​ដំណឹង​នេះ កម្លាំង​ការិយាល័យ​នគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ នៃ​ស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​លោក នង សុវណ្ណ​រ័ត្ន គ្រូពេទ្យ​កោសល្យវិច័យ​រាជធានី​ភ្នំពេញ បាន​ចុះ​មក​ពិនិត្យ​ធ្វើ​កោសល្យ​វិច័យ​លើ​សាកសព​ជន​រង​គ្រោះ​ឈ្មោះ ងិន សុខ​លី ឃើញ​មាន​ស្នាម​ចង​ដៃ​ទាំង​សង​ខាង​បណ្ដាល​ឲ្យ​ដាច់​រលាត់​ស្បែក និង មាន​ស្នាម​ដាច់​រលាត់​ស្បែក​ក្រោម​ភ្នែក​ទាំង​សងខាង ហើយ​សព​ស្លាប់​ដោយ​សារ​ខ្ទប់​ផ្លូវ​ដង្ហើម (ពាក់ព័ន្ធ​ករណី​ឃាតកម្ម)។

ដូច្នេះ ក្នុង​ពេល​នោះ​សមត្ថកិច្ច​​មាន​ការ​សង្ស័យ​ទៅ​លើ​ឈ្មោះ ស៊ិន ស្រីនាង (ជា​ម្ចាស់​ផ្ទះ​ដែល​ជន​រងគ្រោះ​បាន​ដេក​ស្លាប់) ក៏​បាន​នាំ​ខ្លួន​យក​ទៅ​សាក​សួរ​នៅ​ស្នាក់​ការ​នគរបាល​ប៉ុស្តិ៍​ចាក់​អង្រែ​ក្រោម តែ​ជន​សង្ស័យ​ឈ្មោះ ស៊ិន ស្រីនាង បាន​ព្យាយាម​ឆ្លើយ​ភូត​កុហក​អស់​រយៈពេល​យ៉ាង​យូរ​ទើប​ជនសង្ស័យ​ព្រម​ឆ្លើយ​សារភាព​ថា​ ខ្លួន​ពិត​ជា​បាន​សម្លាប់​ជន​រងគ្រោះ​ឈ្មោះ ងិន សុខលី ពិត​ប្រាកដ​មែន៕ ​

អត្ថបទ៖ ទារិកា