Hacker ជើងចាស់ថា FBI អាចដោះកូដ iPhone របស់ឧក្រិដ្ឋជនបាន ដោយមិនបាច់ពឹង Apple

  • 2020-01-15 06:48:43
  • ចំនួនមតិ 26 | ចំនួនចែករំលែក 442

ចន្លោះមិនឃើញ


​​FBI កំពុង​ដាក់​សម្ពាធ Apple ឲ្យ​ជួយ​បំបែក​កូដ​លើ iPhone របស់​ឧក្រិដ្ឋជន​នៃ​ហេតុការណ៍​បាញ់​បោះ​ម្នាក់ ប៉ុន្តែ​រដ្ឋាភិបាល​អាច​ Hack ចូល iPhone បាន​ដោយ​មិន​ចាំ​បាច់​ឲ្យ​ក្រុមហ៊ុន Apple ជួយ។ នេះ​បើ​តាម​អ្នក​ជំនាញ​​ក្នុង​ផ្នែក​សុវត្ថិភាព​អ៊ីនធឺណិត។

ភ្នាក់ងារ​ស៊ើបអង្កេត​អាច​​វាយ​ទម្លុះ​​ជញ្ជាំង​សុវត្ថិភាព iPhone បាន​ ដោយ​ប្រើ​ប្រាស់​ឧបករណ៍​​​របស់​ក្រុមហ៊ុន​ដូច​ជា​ Cellebrite និង Grayshift។ គួរ​ដឹង​ថា iPhone របស់​ឧក្រិដ្ឋជន​ឈ្មោះ Mohammed Saeed Alshamrani គឺ​មាន​ iPhone 5 និង iPhone 7 ដែល​ចេញ​ឆ្នាំ ២០១២ និង ២០១៦។ Alshamrani បាន​ស្លាប់​ ហើយ​ទូរសព្ទ​នៅ​ជាប់​កូដ​ ទើប​បាន​ជា FBI រិះរក​វិធី​ចូល​ក្នុង​ទូរសព្ទ​​ទាំង​ពីរ​ដើម្បី​ស៊ើបអង្កេត​ឲ្យ​ស៊ី​ជម្រៅ។

លោក Will Strafach ជា​​អ្នក Hack iPhone ជើង​ចាស់​មួយ​រូប ហើយ​បច្ចុប្បន្ន​​គ្រប់គ្រង​ក្រុមហ៊ុន​សុវត្ថិភាព​ Guardian Firewall នោះ បាន​​លើក​ឡើង​ដូច​នេះ​ថា​ ៖ "iPhone 5 និង iPhone 7? អ្នក​ពិត​ជា​អាច​ចូល​​ក្នុង​វា​បាន។ ខ្ញុំ​មិន​ថា​វា​ស្រួល​ដូច​បក​ចេក​នោះ​ទេ ប៉ុន្តែ​វា​មិន​ពិបាក​ខ្លាំង​នោះ​ទេ។”

ដោយ​ឡែក​លោក Niel Broom ដែល​ធ្វើ​ការ​ជា​មួយ​​ភ្នាក់ងារ​​អនុវត្តន៍​ច្បាប់​ដើម្បី​ដោះ​កូដ​ឧបករណ៍​នោះ បាន​លើក​ឡើង​ដែរ​ថា​ ប្រព័ន្ធ​ប្រតិបត្តិការ​ដែល​ដំណើរ​ការ​លើ iPhone 5 និង iPhone 7 អាច​ធ្វើ​ឲ្យ​វា​កាន់​តែ​ពិបាក​វាយ​លុក​ចូល ប៉ុន្តែ​វា​នៅ​តែ​អាច​ធ្វើ​ទៅ​បាន។

លោក​បាន​និយាយ​ថា​ FBI ទំនង​ជា​ត្រូវ​ការ​​ឧបករណ៍​​មួយ​ចំនួន​សម្រាប់​ដោះ​កូដ iPhone ក្នុង​នោះ​មាន​ UFED Physical Analyser, Tablet ឈ្មោះ Touch2 និង​កម្មវិធី​កុំព្យូទ័រ 4PC របស់​ក្រុម​ហ៊ុន​អ៊ីស្រាអែល​ Cellebrite ដែល​មាន​តម្លៃ​សរុប​ ១៥ ០០០ ដុល្លារ។ ឧបករណ៍​ ២ ​ទៀត​គឺ GrayKey របស់ Grayshift ឬ​ឧបករណ៍​ Cellebrite Premium ដែល​វា​មាន​តម្លៃ​ចន្លោះ​ពី ១០​ ម៉ឺន​ដុល្លារ ទៅ ១៥ ម៉ឺន​ដុល្លារ៕​​​

ចុចអាន ៖ Apple ប្រកែកមិនព្រមជួយ FBI ពេលនេះលោក ត្រាំ ចេញមុខស្នើសុំដោយផ្ទាល់

​​​

ប្រភព៖ Straits Times   ប្រែ​សម្រួល៖ សុខហេង