ក្រោយវាយតប់គ្នាច្រើនករណី និងរហូតដល់ស្លាប់ តើក្រសួងអប់រំមានចំណាត់ការបែបណា?
- 2020-01-20 02:34:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយវាយតប់គ្នាច្រើនករណី និងរហូតដល់ស្លាប់ តើក្រសួងអប់រំមានចំណាត់ការបែបណា?
ចន្លោះមិនឃើញ
ចូលឆ្នាំ២០២០ ពោលគឺគ្រាន់តែខែមករាមួយ កើតមានករណីវាយតប់គ្នាជាច្រើនករណី ហើយករណីចុងក្រោយបង្អស់គឺ កើតឡើងកាលពីចុងសប្ដាហ៍មុន និងបានបណ្ដាលឱ្យសិស្សសាលាឯកជនមួយបាត់បង់ជីវិត។ ករណីនេះធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមផ្ទុះការព្រួយបារម្ភយ៉ាងខ្លាំង ដោយហេតុថា មានករណីស្លាប់ ហើយករណីខ្លះជនបង្កហិង្សាជាផ្ដើមចេញពីក្មេងស្រីវ័យជំទង់។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡាបានមានប្រសាសន៍តាមរយៈបណ្ដាញសង្គម Telegram ថា ក្រសួងអប់រំ យុវជន និងកីឡា បាននឹងកំពុងមានការណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត ដើម្បីចូលរួមពង្រឹងណែនាំដល់លោកគ្រូ-អ្នកគ្រូ ប្រចាំថ្នាក់ឲ្យបន្តការណែនំាសិស្សានុសិស្ស និងការពង្រឹងក្រុមប្រឹក្សាយុវជន និងក្រុមប្រឹក្សាកុមារ ដើម្បីចូលរួមទប់ស្កាត់បាតុភូតនានា។ លោកបានអំពាវនាវឲ្យបន្តមានការចូលរួមវិជ្ជមានពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសពីសំណាក់មាតាបិតា សហគមន៍អាជ្ញាធរ ដើម្បីទប់ស្កាត់ករណីទាំងអស់នេះ ហើយថ្ងៃទី២០ ខែមករា ឆ្នាំ ២០២០ ក្រសួងអប់រំ យុវជន និងកីឡា នឹងចេញផ្សាយសេចក្ដីជូនដំណឹងមួយជុំវិញករណីនេះ។ "ខ្ញុំសូមចូលរួមមរណទុក្ខជាមួយក្រុមគ្រួសារនៃសព សូមវិញ្ញាណក្ខន្ធប្អូនបានទៅកាន់សុគតិភព”។
យុវជនម្នាក់ឈ្មោះ សំ សន្ធិវង្ស អាយុ១៤ឆ្នាំ រៀនថ្នាក់ទី៩ ឃ នៅសាលាអន្តរទ្វីបអាមេរិកាំង (AIS) ត្រូវយុវជនម្នាក់ទៀតមានឈ្មោះ នី លីស៊ាង វាយសម្លាប់កាលថ្ងៃសៅរ៍ទី១៨ ខែមករា ចុងសប្ដាហ៍មុន ខណៈយុវតីបួននាក់ផ្សេងទៀតរៀននៅវិទ្យាល័យផ្សារដើមថ្កូវ បានរងការចោទប្រកាន់ពីអាណាព្យាបាលយុវតីរងគ្រោះម្នាក់ឈ្មោះ ស្រ៊ុន កែវមរកត អាយុ១៦ឆ្នាំ ព្រួតគ្នាវាយយ៉ាងសាហាវ ក្នុងថ្នាក់រៀន។ ហេតុការណ៍នេះ បានកើតមានឡើងតាំងពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ប៉ុន្តែបានផ្ទុះឡើងក្រោយបែកធ្លាយវីដេអូគ្លីបកាលពីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ហើយករណីនេះនៅមិនទាន់ដាច់ស្រេចនៅឡើយទេ ពោលគឺអាចនឹងមានការប្ដឹងទៅតុលាការទៀតផង។
ករណីហិង្សាដូចគ្នានេះក៏បានកើតឡើងលើយុវតីសិស្សសាលា ក្នុងស្រុកមេសាង ខេត្តព្រៃវែងផងដែរ។ យុវតីបង្កមានឈ្មោះ ចាន់រី ជាសិស្សថ្នាក់ទី១១ នៅវិទ្យាល័យមេសាង កើតហេតុតាំងពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ និងត្រូវបានសមត្ថកិច្ចវាយខ្នោះកាលពីថ្ងៃទី ១៣ ខែមករា ក្រោយបែកធ្លាយវីដេអូចែកចាយ ក្នុងបណ្ដាញសង្គម។ យុវតី ចាន់រី មានបក្ខពួកជាច្រើននាក់ បានស្ទាក់ម៉ូតូរបស់យុវតីចំនួន ៤នាក់ផ្សេងទៀត មកពីស្រុកផ្សេង ដោយបានទះកំផ្លៀង និងបានប្រើប្រាស់ពាក្យសំដីមិនសមរម្យ។ យុវតីខាងលើនេះត្រូវបានសមត្ថកិច្ចឱ្យវិលទៅកាន់លំនៅឋានវិញក្រោយធ្វើការអប់រំរួច៕