សុទ្ធតែអ្នកជំនាញ រួមគ្នារៀបចំ​សិក្ខាសាលា​ដ៏មានប្រយោជន៍ ទាក់ទង​នឹងជំងឺបេះដូង និងសរសៃឈាម

  • 2020-02-02 01:23:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនអាលីយ៉ង់ហ្វាម៉ាកាំបូដ ឡាបូ សាណូហ្វី បានសហការជាមួយសមាគមគ្រូពេទ្យបេះដូងកម្ពុជា រៀបចំសិក្ខាសាលាក្រោមប្រធានបទ៖ "ទស្សនវិស័យលើការថែទាំព្យាបាលជំងឺបេះដូងនិងសរសៃឈាម” នៅសណ្ឋាគារភ្នំពេញ ដោយមានការចូលរួមពីសំណាក់គ្រូពេទ្យឯកទេសជំងឺបេះដូងសរសៃឈាម គ្រូពេទ្យឯកទេសផ្សេងៗទៀត និងគ្រូពេទ្យព្យាបាលជំងឺទូទៅ ដែលភាគច្រើនជាសមាជិក សមាជិការបស់សមាគមគ្រូពេទ្យបេះដូងកម្ពុជា។

លោកសាស្ត្រាចារ្យមហាបរិញ្ញា វេជ្ជបណ្ឌិត សុខ ជួរ ប្រធានផ្នែកអគារបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែត្រ និងជាប្រធានសមាគមគ្រូពេទ្យបេះដូងកម្ពុជាបានមានប្រសាសន៍ថា៖ “ប្រព័ន្ធសុខាភិបាលរបស់ព្រះរាជាណាចក្រកម្ពុជាមានការជឿនលឿនគួរឲ្យកត់សម្គាល់នៅទស្សវត្យចុងក្រោយនេះជាមួយនឹងការបង្កើនថវិកាចំណាយរបស់រាជរដ្ឋាភិបាលដើម្បីគាំទ្រសេចក្តីត្រូវការរបស់ប្រជាជនកម្ពុជា និងធ្វើឲ្យប្រសើរឡើងនូវសុខុមាលភាពរបស់ប្រជាពលរដ្ឋ”។ មួយវិញទៀតលោកសាស្ត្រាចារ្យក៏បានបញ្ជាក់បន្ថែមទៀតថា សិក្ខាសាលាជំងឺបេះដូង និងសរសៃឈាម គឺជាការដុះខាត់នៅចំណេះដឹងដើម្បីយកមកអនុវត្តក្នុងវិស័យវេជ្ជសាស្ត្រនៅក្នុងការព្យាបាល និងនែនាំការថែទាំសុខភាពអ្នកជំងឺប្រកបដោប្រសិទ្ធភាព។

លោកវេជ្ជបណ្ឌិត ថេង យូដាលីន ឯកទេសជំងឺបេះដូងនៃមន្ទីពេទ្យកាលម៉ែត្របានមានប្រសាសន៍ថា៖

តួលេខជាផ្លូវការបានឲ្យដឹងថា នៅឆ្នាំ២០១០ចំនួនអ្នកកើតជំងឺលើសម្ពាធឈាម (លើសឈាម) កើនដល់ ១៣ភាគរយនៃប្រជាជនទូទាំងប្រទេស ហើយមកដល់ពេលបច្ចុប្បន្នចំនួនអ្នកលើសសម្ពាធឈាមនឹងមានការកើនឡើងបន្តទៀត។ លោកវេជ្ជបណ្ឌិតបានបញ្ជាក់ទៀតថា ដើម្បីកាត់បន្ថយជំងឺប្រភេទនេះសំរាប់អ្នកមិនទាន់កើត និងអ្នកកើតគឺត្រូវកាត់បន្ថយការបរិភោគជាតិប្រៃ អាហារដែលសម្បូរជាតិខ្លាញ់ ការឈប់ជក់បារី និងការកាត់បន្ថយទទួលទានគ្រឿងស្រវឹង ហើយបែរមកលេងកីឡាវិញ។ ទាំងនេះហើយទើបអាចជួយកាត់បន្ថយជំងឺនេះមួយភាគធំ និងទទួលទានថ្នាំយូអង្វែងអស់មួយជីវិតសំរាប់អ្នកដែលកើតជំងឺលើសសម្ពាធឈាម។

លោកវេជ្ជបណ្ឌិត លីវ ឈីញ ឯកទេសជំងឺបេះដូងនៃមន្ទីពេទ្យកាលម៉ែត្របានមានប្រសាសន៍ដែរថា៖

ចំពោះអ្នកកើតជំងឺលើសសម្ពាធឈាមអាចប្រឈមទៅនឹងជំងឺបេះដូងនៅពេលក្រោយ ដែលអាចបង្ករឲ្យមានអាការៈចុកដើមទ្រូងខ្លាំងនឹងអាចឈានទៅដល់ការស្ទះសរសៃឈាមក្នុងបេះដូងឈានទៅដល់ការប៉ះពាល់ដល់អាយុជីវិត។

ក្រសួងសុខាភិបាលនៅតែបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាជំងឺមិនឆ្លងដែលក្នុងនោះរួមមានជំងឺបេះដូងនិងសរសៃឈាម។ ទោះជាយ៉ាងណាក៏ដោយ ជំងឺបេះដូងនិងសរសៃឈាមនៅតែមានចំនួនអ្នកស្លាប់យ៉ាងច្រើននៅកម្ពុជា។ ជំងឺលើសសម្ពាធឈាមនិងជំងឺស្ទះសរសៃឈាមបេះដូងគឺជាជំងឺកើតមានជាញឹកញាប់បំផុតក្នុងចំណោមជំងឺបេះដូងនិងសរសៃឈាម និងមានអត្រាស្លាប់ច្រើនជាងគេ។ ការស្ទង់មតិថ្នាក់ជាតិឆ្នាំ២០១០បានបង្ហាញថា ជំងឺលើសសម្ពាធឈាមមានអត្រាប្រេវ៉ាឡង់១២,៣%។

បន្ទុកដ៏ធំមួយនៃជំងឺលើសសម្ពាធឈាមនៅតែមិនទាន់បានដឹងច្បាស់នៅឡើយ៖ មានតែ៤៥,៤%នៃអ្នកជំងឺលើសសម្ពាធឈាមទាំងអស់ត្រូវបានគ្រូពេទ្យរកឃើញថាមានជំងឺលើសសម្ពាធឈាម។ លើសពីនេះទៅទៀតមានអ្នកជំងឺតិចតួចប៉ុណ្ណោះក្នុងចំណោមអ្នកជំងឺដែលដឹងថាកើតជំងឺលើសសម្ពាធឈាមដែលគ្រប់គ្រងសម្ពាធឈាមបានត្រឹមត្រូវដល់គោលដៅដែលគ្រូពេទ្យបានកំណត់ (២៨,៦%)។ នេះជាក្តីបារម្ភសម្រាប់ប្រជាជនកម្ពុជា ព្រោះយើងអាចនឹងមើលឃើញពីចំនួនប្រជាជនវ័យចំណាស់កាន់តែច្រើនឡើងៗ ដែលរស់នៅជាមួយបញ្ហាសុខភាពនិងពិការភាពដែលបណ្តាលមកពីជំងឺបេះដូងនិងសរសៃឈាម។ ដូចនេះវាមានសារសំខាន់ណាស់ក្នុងការបញ្ឈប់បញ្ហានេះឲ្យបានឆាប់។ ចូរចងចាំថា ការជឿនលឿនខាងវេជ្ជសាស្ត្រនិងបច្ចេកវិទ្យាតែឯងមិនគ្រប់គ្រាន់ដើម្បីដោះស្រាយបញ្ហាដែលបណ្តាលមកពីជំងឺបេះដូងនិងសរសៃឈាមទេ។ ការការពារនៅតែមានសារសំខាន់។ របៀបរស់នៅប្រកបដោយសុខភាពល្អ និងរក្សាទម្ងន់ឲ្យបានសមស្របនឹងកាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃដូចជា ជំងឺលើសសម្ពាធឈាម លើសជាតិខ្លាញ់ និងជំងឺទឹកនោមផ្អែម ដែលជាកត្តាគ្រោះថ្នាក់ចម្បងនៃជំងឺបេះដូងនិងសរសៃឈាម។ កត្តាហានិភ័យទាំងនេះត្រូវដោះស្រាយឲ្យបានឆាប់ ហើយទំនងជានឹងផ្តល់លទ្ធផលល្អបំផុត។

ដោយមើលឃើញនូវភាពធ្ងន់ធ្ងរនៃបញ្ហានេះ ក្រុមហ៊ុនអាលីយ៉ង់ហ្វាម៉ាកាំបូដ ឡាបូ សាណូហ្វី ដោយមានការសហការជាមួយសមាគមគ្រូពេទ្យបេះដូងកម្ពុជា គាំទ្រអន្តរាគមន៍លើការកំណត់រកឲ្យឃើញជំងឺឲ្យបានឆាប់រហ័ស ចាប់ផ្តើមការព្យាបាល និងបង្កើនគុណភាពនៃការព្យាបាលចំពោះកត្តាហានិភ័យទាំងឡាយនៃជំងឺបេះដូងនិងសរសៃឈាម ដោយមានការចូលរួមធ្វើបទបង្ហាញពីវាគ្មិនកិត្តិយសជាវេជ្ជបណ្ឌិតឯកទេសផ្នែកជំងឺបេះដូងនិងសរសៃឈាម ព្រមទាំងចូលរួមក្នុងវេទិកាសំណួរចម្លើយជាមួយអ្នកចូលរួមទាំងអស់យ៉ាងសកម្មនិងប្រកបដោយលទ្ធផលគួរឲ្យកត់សម្គាល់។ សូមបញ្ជាក់ផងដែរថាក្រុមហ៊ុនអាលីយ៉ង់ហ្វាម៉ាកាំបូដ ឡាបូ សាណូហ្វី មានលក់ឱសថសម្រាប់ព្យាបាលជំងឺសរសៃឈាមនិងបេះដូងប្រកបដោយប្រសិទ្ធភាព ដោយឱសថទាំងនោះនាំចូលដោយផ្ទាល់មកពីប្រទេសបារាំង និងមានលក់នៅតាមឱសថស្ថាននានា ក្នុងប្រទេសកម្ពុជា៕