ឡូយហ្មង តារាជប៉ុន មកចូលរួមថតភាពយន្តខ្មែរស្ដីពីអគារចំណាស់មួយកណ្ដាលរាជធានីភ្នំពេញ
- 2020-02-18 03:25:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡូយហ្មង តារាជប៉ុន មកចូលរួមថតភាពយន្តខ្មែរស្ដីពីអគារចំណាស់មួយកណ្ដាលរាជធានីភ្នំពេញ
ចន្លោះមិនឃើញ
ផលិតកម្មក្នុងស្រុកមួយ ទើបបានបញ្ចេញឲ្យដឹងថា ខ្លួនបានសម្រេចរើសយកអគារចំណាស់កណ្ដាលទីក្រុងភ្នំពេញ យកមកធ្វើជាឆ្អឹងរឿងនៃខ្សែភាពយន្តរបស់ខ្លួន ដែលមានចំណងជើងថា "អ្នកស្នងអគារ" ទើបបើកពិធីក្រុងពាលីត្រៀមចេញថតថ្មីៗនេះ។
នេះរាប់ថាជាលើកទី១ ដែលភាពក្នុងស្រុកបានរើសយកអគារចំណាស់ក្នុងក្រុង យកមកផលិតជាខ្សែភាពយន្ត។ ហើយក៏កាន់តែប្លែកថែមទៀត ដោយនៅក្នុងសាច់រឿងខាងលើ គឺមានការចូលរួមសម្ដែងដោយតួសម្ដែងខ្មែរ និងជប៉ុនជាមួយគ្នាផង។ សាច់រឿងនេះផលិតដោយផលិតកម្ម "កងចក្រភីកឈ័រ" របស់ផលិតករលោក តែ ឡូយ និងក្រុមហ៊ុនវេសតិចមេឌាលីមីតធីត។
រឿងនេះ ដឹកនាំដោយអ្នកដឹកនាំរឿងពីររូប គឺលោក នេត ឥន្ទនរាសុទ្ធីដ្ឋេព និងអ្នកនាង ជា សុខយូ។ លោក សុទ្ធីដ្ឋេព បានឲ្យដឹងថា តាមផែនការ គឺលោក និងដៃគូដឹកនាំនឹងសម្រិតសម្រាំងជាពិសេសសម្រាប់រឿងនេះ អោយបានល្អបំផុត ព្រោះថា នេះជាការចូលខ្លួនលើកដំបូងបំផុតក្នុងការផលិតកុន ខណៈកន្លងមក ធ្លាប់តែផលិតរឿងប្រភេទខ្នាតខ្លីតែប៉ុណ្ណោះ។
លោក ជឿថា រឿងនេះ នឹងក្លាយជាការចងចាំមួយរបស់អ្នករស់នៅក្នុងរាជធានីអំពីអគារចំណាស់មួយនេះ។ ដូច្នេះហើយ ទើបលោកតាំងចិត្តថា នឹងធ្វើវាឲ្យបានល្អទុកជាចំណងដៃរបស់ប្រិយមិត្តនិយមគាំទ្រភាពយន្តក្នុងស្រុកទាំងអស់។ ងាកមកដៃគូដឹកនាំអ្នកនាង សុខយូ ក៏បានឯកភាពចំពោះមិត្តរួមការងារ អំពីផែនការផលិតភាពយន្តទី១ដែលលើកយកអគារចំណាស់កណ្ដាលមកផលិតជាកុននេះ ឲ្យបានល្អ។
ចំណុចពិសេសមួយទៀត គឺរឿងនេះមានការចូលរួមសម្ដែងដោយតារាប្រុសជនជាតិជប៉ុនផង។ ដូច្នេះច្បាស់ហើយថា រឿងនេះ ត្រូវបានតែផលិតឲ្យបានល្អ តម្រូវតាមទីផ្សារទាំងពីរ។
រឿង "អ្នកស្នងអគារ" មានការចូលរួមសម្ដែងដោយតារាកម្ពុជាជាច្រើនរូប និងតារាជនជាតិជប៉ុនផង ក្នុងនោះ តារាក្នុងស្រុកមាន អ្នកនាង ស្វែង សុជាតា អ្នកនាង ថន ថាណែត លោក រស់ មុន្នី និងកុមារី ម៉ានីកា។ ដោយតារាជប៉ុន គឺសម្ដែងដោយលោក យូស៊ីហីកូ ហូសូដា ហៅ ហូសូដា។ តាមគម្រោង អ្នកដឹកនាំបានគ្រោងនូវសេណារីយ៉ូ ឲ្យតារាខ្មែរប្រើប្រាស់ភាសាជប៉ុនផងសម្រាប់ទំនាក់ទំនងជាមួយតួប្រុសជប៉ុន ដែលអ្នកនាង ថន ថាណែត ប្រាប់ថា មានការលំបាកមួយចំនួនលើការងារនេះ។ ប៉ុន្តែនាងតាំងចិត្តដូចគ្នានឹងអ្នកដឹកនាំ ថានឹងប្រឹងឲ្យអស់លទ្ធភាព។
ក្រោយពីធ្វើពិធីក្រុងពាលីចេញថតថ្មីនេះ អ្នកដឹកនាំ មិនទាន់បញ្ចេញកាលបរិច្ឆេទសម្រាប់ថ្ងៃចាក់បញ្ចាំងនៅឡើយ។ ប៉ុន្តែលោកថា ការចាក់បញ្ចាំងអាចមិនប្រញាប់ពេកទេ ព្រោះដូចបញ្ជាក់ពីខាងលើ គឺលោកចង់ប្រើពេលវេលាឲ្យសមស្របសម្រាប់ការផលិតដើម្បីបានគុណភាពល្អ៕