Peugeot បង្ហាញរូបរាងឡានភីកអាប់ដំបូងរបស់ខ្លួន

  • 2020-02-21 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​រថយន្ត​បារាំង​ Peugeot បាន​បង្ហាញ​ចេញ​រថយន្ត​ភីកអាប់​ដំបូង​របស់​ខ្លួន​ជា​ម៉ូដែល landtrek ដែល​នឹង​ចេញ​លក់​មុន​គេ​នៅ​អាមេរិក​ឡាទីន និង​អាហ្វ្រិក​ មុន​ទៅ​ដល់​ទីផ្សារ​ដទៃ​ទៀត។

រថយន្ត​នេះ​មាន​​ប្រើ​ប្រាស់​ការ​ឌីហ្សាញ​ដូច​ជា​រថយន្ត​ដទៃ​ទៀត​របស់ Peugeot ដែរ ដោយ​មាន​ផ្ទាំង​ប៉ាណា​ធំ​នៅ​ផ្នែក​ខាង​មុខ​ មាន​ឡូហ្គោ​រូប​តោ​នៅ​ពី​លើ មាន​អំពូល​មុខ​ធំ និង​ជា​អំពូល​ប្រភេទ LED។

រថយន្ត​ភីកអាប់​របស់ Peugeot មាន​ជម្រើស​ជា​ប្រភេទ​ ៦ កៅអី (កៅអី​បី​ខាង​មុខ និង​បី​ខាង​ក្រោយ) និង​មាន​ជា​ប្រភេទ​កៅអី​ ៥ (២ កៅអី​ខាង​មុខ​ និង ៣ កៅអី​ខាង​ក្រោយ)។ ផ្នែក​ខាង​ក្នុង​មាន​ចង្កូត​រចនា​ពីរ​ពណ៌, មាន​អេក្រង់​កម្សាន្ត​ទំហំ ១០ អ៊ីញ, មាន Apple CarPlay/Android Auto, មាន Bluetooth, មាន​រន្ធ USB, មាន​ Hard Drive ទំហំ ១០GB, ម៉ាស៊ីន​ត្រជាក់​ពីរ​តំបន់ និង​ចំណុច​ពិសេស​ជា​ច្រើន​ទៀត។

សម្រាប់​ផ្នែក​សុវត្ថិភាព​វិញ រថយន្ត​ Peugeot Landtrek គឺ​មាន​មុខងារ Lane Departure Warning, កាមេរ៉ា​​អាច​មើល​ជុំវិញ ៣៦០ ដឺក្រេ, មុខងារ Hill Descent Control, មាន​មុខងារ ASR និង​មុខងារ Trailer Swing Control ផង​ដែរ។

ជម្រើស​ម៉ាស៊ីន​មាន​ពីរ​គឺ​ម៉ាស៊ីន​ម៉ាស៊ូត​ចំណុះ ១,៩ លីត្រ អាច​បង្កើត​កម្លាំង​បាន​ ១៤៨ សេះ ភ្ជាប់​នឹង​ប្រអប់​លេខ​​ដៃ ៦ វគ្គ ដែល​មាន​កម្រិត​ស៊ី​ប្រេង​ ៧,៨ លីត្រ ក្នុង ១០០ គ.ម។ មួយ​ទៀត​គឺ​ម៉ាស៊ីន​សាំង ២,៤ លីត្រ ប្រភេទ Turbocharged ដែល​មាន​កម្លាំង ២០៧ សេះ ភ្ជាប់​នឹង​ប្រអប់​លេខ​ដៃ ៦ វគ្គ ឬ​លេខ​ស្វ័យ​ប្រវត្តិ ៦ វគ្គ ដោយ​មិន​ទាន់​ដឹង​អំពី​កម្រិត​ស៊ី​ប្រេង​នៅ​ឡើយ។

សម្រាប់​តម្លៃ និង​កាល​បរិច្ឆេទ​ចេញ​លក់ មិន​ទាន់​មាន​ការ​ប្រកាស​ចេញ​ពី​ក្រុមហ៊ុន Peugeot នៅ​ឡើយ​ទេ៕​​​

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សុខហេង