Samsung ត្រូវបង្ខំចិត្តបិទរោងចក្រផលិតទូរសព្ទតម្លៃថ្លៃ ព្រោះវីរុសកូរ៉ូណា

  • 2020-02-24 01:45:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ផ្ទុះ​នៃ​វីរុស​កូរ៉ូណា (COVID-19) បាន​ឆក់​យក​ជីវិត​មនុស្ស​ជាង ២ ពាន់​នាក់​នៅ​ជុំវិញ​ពិភពលោក ហើយ​វា​ក៏​បាន​ប៉ះពាល់​ដល់​ឧស្សាហកម្ម​បច្ចេកវិទ្យា​យ៉ាង​ធ្ងន់​ផង​ដែរ។ ជាក់​ស្ដែង​កម្មវិធី​សមាជ​ទូរសព្ទ​ធំ​ជាង​គេ​ប្រចាំ​ឆ្នាំ Mobile World Congress ដែល​ត្រូវ​ចាប់​ផ្ដើម​នា​ថ្ងៃ​ទី ២៤ ខែ​កុម្ភៈ​នេះ​ត្រូវ​បាន​រំសាយ​ចោល ហើយ​សង្វាក់​ផលិតកម្ម​ផ្គត់ផ្គង់​​ស្មាតហ្វូន​នៅ​ប្រទេស​ចិន​ក៏​នឹង​ត្រូវ​ប៉ះពាល់​ដែរ។

ពេល​នេះ​ដំណឹង​ចេញ​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​ បាន​ប្រាប់​ថា​ Samsung បាន​បិទ​រោងចក្រ​​ផលិត​ស្មាតហ្វូន​នៅ Gumi បន្ទាប់​ពី​មាន​បុគ្គលិក​ម្នាក់​ឆ្លង​​វីរុស​កូរ៉ូណា។ រោងចក្រ​នេះ គឺ​ជា​កន្លែង​ដែល Samsung ផលិត​ Galaxy Fold និង Galaxy Z Flip ដែល​នឹង​បន្ត​បិទ​រហូត​ដល់​ថ្ងៃ​ទី ២៤ ខែ​កុម្ភៈ ហើយ​​នៅ​ជាន់​ដែល​បុគ្គលិក​ឆ្លង​រោគ ​ធ្វើ​ការ​នឹង​ត្រូវ​បិទ​រហូត​ដល់​ថ្ងៃ​ទី ២៥ ខែ​កុម្ភៈ។

ក្នុង​ព័ត៌មាន​ដែល​បញ្ចេញ​ដោយ Samsung បាន​និយាយ​ថា​បុគ្គលិក​របស់​ខ្លួន​ដែល​មាន​ទំនាក់ទំនង​ជា​មួយ​បុគ្គលិក​ឆ្លង​រោគ​នឹង​ត្រូវ​នៅ​ដាច់​ដោយ​ឡែក​ ហើយ​ត្រូវ​ធ្វើ​តេស្ត​រក​មើល​ថា​មាន​ឆ្លង​វីរុស​ COVID-19 ឬ​អត់។

ការ​បិទ​រោងចក្រ​ Gumi នេះ ទំនង​ជា​មិន​ប៉ះពាល់​ធ្ងន់​ដល់​​ Samsung នោះ​ទេ ដោយ​សារ​រោងចក្រ​នេះ​មាន​ចំណែក​ភាគ​រយ​តិច​សម្រាប់​ចំនួន​ផលិត​​ស្មាតហ្វូន​​សរុប​របស់ Samsung៕​​​​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង