សម្ដេចតេជោ៖ កម្ពុជាលើកទឹកចិត្តឲ្យលក់ផលិតផលអនឡាញ តែស្នើឲ្យស្លៀកពាក់សមរម្យ

  • 2020-02-24 04:38:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«យើងចង់ឲ្យពលរដ្ឋចេះរកស៊ី ហើយលើកទឹកចិត្តឲ្យមានការលក់ផលិតផលអនឡាញ ប៉ុន្ដែបញ្ហាភាពសិចស៊ី បង្ហាញចេញមក វាមិនមែនជាបញ្ហាលក់ផលិតផលនោះទេ»។ នេះជាការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្ដិភាព កាលពីព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ ២០២០។

សំណួរជុំវិញការលក់អនឡាញ ស្លៀកពាក់សិចស៊ី ដែលបានចោទសួរ ដោយលោក មាស រិទ្ធី អគ្គនាយករងស្ថានីយទូរទស្សន៍ហង្សមាស សម្ដេចតេជោ ហ៊ុន សែន បានឆ្លើយតប​ថា យើងចង់ឲ្យពលរដ្ឋចេះរកស៊ី E-commerce ឬ E-Goverment ប៉ុន្ដែការផ្សព្វផ្សាយលក់ផលិតផលស្លៀកពាក់សិចស៊ី វាមិនមែនជាបញ្ហាលក់ផលិតផលនោះទេ។

កាលពីសប្ដាហ៍មុន សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យចាត់វិធានការអ្នកបញ្ចេញកេរខ្មាសលក់អនឡាញ ដែលសកម្មភាពទាំងនោះបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសស្ត្រីខ្មែរ។

ប៉ុន្ដែបទបញ្ជានេះត្រូវបាន ក្រុមអង្គការសង្គមស៊ីវិលធ្វើការងារលើកស្ទួយសិទ្ធិស្ត្រី និងសមភាពយេនឌ័រចាត់ទុកសាររបស់ សម្ដេចតេជោ ហ៊ុន សែន នេះថា ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិស្វ័យសម្រេច សិទ្ធិសម្ដែងមតិ អារម្មណ៍ និងជម្រើសរាងកាយរបស់ស្ត្រី។

ឆ្លើយតបនឹងក្រុមប្រតិកម្មនេះដែរ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់អំពីបទបញ្ជារបស់សម្ដេចថា ចំណាត់ការនេះ គឺធ្វើឡើងតាមសំណើរបស់ ក្រុមប្រឹក្សាជាតិដើម្បីស្រ្តី ដែលជាតួអង្គការពារឲ្យស្រ្តី ហើយបញ្ជានេះ គឺដើម្បីការពារតម្លៃឲ្យស្រ្តីខ្មែរ។

ក្រោយដាក់ចេញ​នូវ​បទបញ្ជា​របស់សម្ដេចតេជោ ហ៊ុន សែន អ្នក​លក់​ផលិតផល​អនឡាញ​តាម​បណ្តាញសង្គម បញ្ចេញសាច់ និងកន្លែងកេរ្តិ៍ខ្មាស​ ដែល​មាន​ឈ្មោះ វ៉ែន រចនា ហៅ ថៃ ស្រីនាង ត្រូវ​បាន​តំណាងអយ្យការ​សម្រេចចោទប្រកាន់ តាមមាត្រា៣៨ មាត្រា​៣៩ កថាខណ្ឌទី៣ នៃច្បាប់ស្តីពីការធ្វើអាជីវកម្មផ្លូវភេទ។ តាមច្បាប់​នេះ អាច​នឹងប្រឈមជាប់ទោសចាប់ពី ១ខែ ដល់ ១ឆ្នាំ និងមាត្រា ២៤៩ នៃក្រមព្រហ្មទណ្ឌ និង​បាន​បញ្ជូន​ទៅ​ចៅ​ក្រម​ស៊ើប​សួរ​ដើម្បី​ចាត់​ការ​បន្ត​តាមនីតិវិធី៕ ព័ត៌មាន​លម្អិតចុចអាន ត្រង់នេះ