Facebook ឲ្យ WHO អាច​ Boost Post ឥតគិតលុយតាមចិត្តចង់

  • 2020-03-04 06:31:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​ប៉ុន្មាន​ម៉ោង​មុន​នេះ Mark Zuckerberg បាន​លើក​ឡើង​នូវ​ប៉ុន្មាន​ចំណុច​ដែល​ Facebook បាន​រួម​ចំណែក​ជួយ ជា​ការ​ឆ្លើយ​តប​នឹង​​ការ​រីក​រាល​ដាល​​នៃ​វីរុស​កូរ៉ូណា​ថ្មី ដែល​មាន​ឈ្មោះ​ផ្លូវ​ការ​ថា COVID-19។

ការ​ឆ្លើយ​តប​របស់ Facebook គឺ​ផ្ដោត​លើ​ចំណុច​សំខាន់​ចំនួន​បី គឺ​មាន​ផ្ដល់​នូវ​ព័ត៌មាន​ពិត បញ្ឈប់​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត និង​​ផ្ដល់​ទិន្នន័យ​សម្រាប់​ការ​ស្រាវជ្រាវ។

ដើម្បី​ផ្ដល់​ព័ត៌មាន​ដែល​ពិត Facebook បាន​នាំ​អ្នក​ប្រើ​ប្រាស់​ដែល​ស្វែង​រក​ព័ត៌មាន​អំពី​វីរុស​កូរ៉ូណា​នៅ​​លើ​បណ្ដាញ​របស់​ខ្លួន​ ទៅ​កាន់​អង្គការ​សុខភាព​ពិភពលោក​ហៅ​កាត់ WHO ឬ​អាជ្ញាធរ​សុខភាព​តាម​​មូលដ្ឋាន​។ បន្ថែម​ពី​នេះ​ក៏​មាន​ការ​លោត​សារ​ជា​ដំណឹង​ដោយ​ស្វ័យប្រវត្តិ​នៅ​លើ News Feed សម្រាប់​អ្នក​ដែល​ស្ថិត​ក្នុង​ប្រទេស​​ដែល​អង្គការ WHO បាន​រាយការណ៍​អំពី​​ករណី​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស។

​​​ស្ថាបនិក​ Facebook បាន​បញ្ជាក់​ដែរ​ថា​ Facebook បាន​ផ្ដល់​ជូន​នូវ​​ការ​ Boost ដោយ​ឥត​គិត​ថ្លៃ​​ដល់​ WHO ឲ្យ​ប្រើ​ប្រាស់​បាន​តាម​ចិត្ត​។ Facebook ក៏​ផ្ដល់​ការ​​នូវ​ក្រេដីត​នៃ​ការ Boost រាប់​សិប​លាន​ដល់​អង្គភាព​ដទៃ​ទៀត​ផង​ដែរ និង​បាន​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​អ្នក​ជំនាញ​សុខភាព​ពិភពលោក​ ដើម្បី​ផ្ដល់​ព័ត៌មាន​ដែល​ពួក​គេ​ត្រូវ​ការ​។

ដើម្បី​បញ្ឈប់​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត Facebook បាន​លុប​ចេញ​នូវ​ការ​អះអាង​មិន​ត្រឹម​ត្រូវ​ និង​បាន​បិទ​មិន​ឲ្យ​ Boost នូវ​មាតិកា​ដែល​បង្ក​​ភាព​ភ័យ​ខ្លាច​ដល់​មហាជន​ផង​ដែរ។ ចុង​ក្រោយ​នោះ​គឺ Facebook បាន​ផ្ដល់​​នូវ​ទិន្នន័យ​ដល់​ក្រុម​អ្នក​ស្រាវជ្រាវ​ ដើម្បី​ស្វែង​យល់​​អំពី​ការ​រីក​រាល​ដាន​នៃ​វីរុស ថា​មាន​ការ​វិវត្ត​យ៉ាង​ណា​ខ្លះ៕

ប្រភព៖ Techcrunch   ប្រែ​សម្រួល៖ សុខហេង