២ប្រកួត​របស់​ សែន​ រ៉ាដេត​ នៅ​សង្វៀន​ CNC និង​ PNN​ សរុប​បាន​លុយ​ជាង​ ១០០០​ដុល្លារ​

  • 2020-03-11 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​សាច់​ស​ សែន​ រ៉ាដេត​ ការ​វិល​មក​ជា​ថ្មី​ និង​ឡើង​សង្វៀន​បាន​២ប្រកួត​នៅ​សង្វៀន​ CNC និង​ PNN​ នេះ​គឺ​បាន​ប្រាក់​តម្លៃ​ខ្លួន​ រួម​ទាំង​ការ​ឧបត្ថម្ភ​សរុប​ទៅ​ជាង​ ១០០០​ដុល្លារ។​

កីឡាករ សែន រ៉ាដេត

សែន​ រ៉ាដេត​ បាន​ឲ្យ​ដឹង​ថា​ ២ប្រកួត​ដែល​ទើប​បាន​បញ្ចប់​នោះ​គឺ​បាន​ប្រាក់​ជាង​១០០០​ដុល្លារ​ ក្នុង​នោះ​រួម​មាន​នៅ​ CNC​ តម្លៃ​ខ្លួន​ ៤០០​ បូក​និង​ប្រាក់​រង្វាន់​១លាន​រៀល​បន្ថែម​ទៀត។​ ចំណែក​ការ​ប្រកួត​ទី២ នៅ​សង្វៀន​ PNN ​តម្លៃ​ខ្លួន​បាន​ ៤០០​ បូក​និង​ប្រាក់​រង្វាន់​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់​ ៤០​ម៉ឺន​ទៀត​ ដូច្នេះ​សរុប​ទៅ​ ១១៥០​ដុល្លារ។​ នេះ​មិន​ទាន់​បូក​និង​ការ​ជួយ​ឧបត្ថម្ភ​ទូរស័ព្ទ​១គ្រឿង​ទៀត​ផង។​

កីឡាករ សែន រ៉ាដេត (ក្រហម)

ប្អូន​ប្រុស​បង្កើត​របស់​ សែន​ រ៉ាឌី​ ខាង​លើ​បន្ត​ទៀត​ថា​ ខាង​ស្ថានីយ​ថា​នឹង​បង្កើន​តម្លៃ​ខ្លួន​បន្ថែម​ទៀត​នៅ​ពេល​ដែល​ខ្លួន​ប្រកួត​បាន​ល្អនៅ​ពេល​បន្តបន្ទាប់​ទៀត។​ រ៉ាដេត​ ក៏​បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ដែរ​ថា​ ការ​ឡើង​សង្វៀន​ជា​ថ្មី​នេះ​គឺ​បាន​តម្លៃ​ខ្លួន​ច្រើន​ ហើយ​ខាង​ស្ថានីយ​ថា​នឹង​ដំឡើង​បន្ថែម​ទៀត​ ដូច្នេះ​ខ្លួន​នឹង​ខំប្រឹង​ប្រែង​ហ្វឹកហាត់​ក៏​ដូច​ជា​ប្រកួត​ឲ្យ​សម​និង​តម្លៃ​ខ្លួន​ដែល​គេ​ឲ្យ​ខ្ពស់​បែប​នេះ។​

សែន រ៉ាដេត កំពុងបង្ហាត់​សិស្សប្អូន

រំលឹក​ដែរ​ថា​ កីឡាករ​ សែន​ រ៉ាដេត​ ផ្អាក​ឡើង​សង្វៀន​គុន​ខ្មែរ​ប្រហែល​៣ឆ្នាំ​មក​ហើយ​ ទើប​តែ​វិល​ត្រលប់​មក​វិញ​ក្នុង​ចុងខែកុម្ភៈ​ ឆ្នាំ​២០២០​ នេះ​ទេ ។​ បច្ចុប្បន្ន​នេះ​ជា​កីឡាករ​ស្ថិត​នៅ​ក្លឹប​ប៉ែនកាក​ គ្រូ​បង្វឹក​លោក​ ស៊ន​ អេលីត។​ ២ប្រកួត​របស់​ រ៉ាដេត​ ឈ្នះ​ទាំង​២ដង​ ទី១​ ឈ្នះ​ពិន្ទុ​កីឡាករ​ថៃ​ ស៊ុពើ​ វីនឧប៊ុន​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី២៩ ​កុម្ភៈ​ នៅ​សង្វៀន​ CNC។​ ប្រកួត​ទី២​ ឈ្នះ​សន្លប់​លើ​កីឡាករ​ថៃ​ អប់សៃ​ នៅ​ទឹក​ទី៥​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី៨​ មីនា​ ២០២០​ ឯ​សង្វៀន​ PNN៕​

អត្ថបទ៖ នួន ស៊ីណា​