គិតត្រឹមពេលនេះក្រុមហ៊ុនរថយន្តធំៗចំនួន ១៣ សម្រេចបិទរោងចក្រផលិត

  • 2020-03-19 02:37:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រប​ពេល​ដែល​កូវីដ​១៩ បន្ត​រីក​រាល​ដាល​ពាស​ពេញ​ពិភពលោក​ ក្រុមហ៊ុន​ផលិត​រថយន្ត​ជា​ច្រើន​បាន​បិទ​រោងចក្រ​ផលិត​របស់​ខ្លួន ដើម្បី​កាត់​បន្ថយ​ការ​ចម្លង​កូវីដ​១៩​នេះ។ គិត​ត្រឹម​ពេល​នេះ មាន​​ក្រុមហ៊ុន​ផលិត​រថយន្ត​​ចំនួន ១៣ បាន​សម្រេចបិទ​រោងចក្រ​របស់​ខ្លួន ដែល​​ភាគ​ច្រើន​ស្ថិត​នៅ​តំបន់​អឺរ៉ុប ៖

១. Ford

Ford បាន​សម្រេច​ចិត្ត​បិទ​រោងចក្រ​នា​ថ្ងៃ​ទី ១៨ ខែ​មីនា​ សម្រាប់​រោងចក្រ​នៅ​ទ្វីប​អាមេរិក​ខាង​ជើង​ ដែល​នឹង​បិទ​រហូត​ដល់​ថ្ងៃ​ទី ៣០ ខែ​មីនា។ ចំណែក​រោងចក្រ​នៅ​ទ្វីប​អឺរ៉ុប​នឹង​ត្រូវ​បិទ​ជា​បណ្ដោះ​អាសន្ន​ចាប់​ពី​ថ្ងៃ​ទី ១៩ ខែ​មីនា​ ដែល​រំពឹង​ថា​នឹង​បិទ​ជា​ច្រើន​សប្ដាហ៍។

២. General Motors

GM ក៏​នឹង​នឹង​ចាប់​ផ្ដើម​ផ្អាក​ប្រតិបត្តិការ​ផលិត​របស់​ខ្លួន​ទាំង​អស់​​នៅ​ទ្វីប​អាមេរិក​ខាង​ជើង​ចាប់​ពី​ថ្ងៃ​ទី ១៩ ខែ​មីនា រហូត​ដល់​ ៣០ ខែ​មីនា ហើយ​ការ​ចាប់​ផ្ដើម​ផលិត​ឡើង​វិញ​នឹង​ត្រូវ​ត្រួត​ពិនិត្យ​យ៉ាង​ដិត​ដល់។

៣. Honda

ក្រុមហ៊ុន​ជប៉ុន​នេះ គឺ​ជា​ក្រុមហ៊ុន​ដំបូង​នៅ​អាមេរិក​ដែល​ប្រកាស​ពី​ការ​ផ្អាក​ផលិតកម្ម​ទ្រង់ទ្រាយ​ធំ។ ចាប់​ពី​ថ្ងៃ​ទី ១៨ ខែ​មីនា រោងចក្រ​នៅ​អាមេរិក​ខាង​ជើង​ទាំង​អស់​នឹង​ផ្អាក​ដំណើរ​ការ​រយៈពេល ៦ ថ្ងៃ។ អំឡុង​ពេល​ ៦ ថ្ងៃ​នេះ Honda គ្រោង​ធ្វើ​ការ​សម្អាត​នៅ​គ្រប់​ទីតាំង​ទាំង​អស់ ហើយ​បាន​ប្រកាស​ពី​ការ​ផ្ដល់​ប្រាក់​កម្រៃ​ពេញ​លេញ​ដល់​បុគ្គលិក ទោះ​មាន​ការ​ផ្អាក​ប្រតិបត្តិការ​​ក្ដី។

៤. Daimler

ក្រុមហ៊ុន​អាល្លឺម៉ង់​ដែល​កាន់​កាប់​ម៉ាក Mercedes-Benz មួយ​នេះ បាន​និយាយ​​កាល​ពី​ថ្ងៃ​អង្គារ​ថា​នឹង​បញ្ឈប់​​ផលិតកម្ម​ទាំង​អស់​នៅ​អឺរ៉ុប​ ក្នុង​រយៈពេល​យ៉ាង​តិច​ ២ សប្ដាហ៍។ ហេតុផល​គឺ​ដោយ​សារ​មាន​បញ្ហា​ទាក់ទង​នឹង​សង្វាក់​ផលិតកម្ម​ផ្គត់ផ្គង់ និង​ដើម្បី​ការពារ​បុគ្គលិក​ពី​ការ​ចម្លង​វីរុស​ផង​ដែរ។

៥. Porsche

នៅ​ថ្ងៃ​ទី ១៨ ខែ​មីនា Porsche បាន​ប្រកាស​ថា​រោងចក្រ​នៅ​អាល្លឺម៉ង់​នឹង​ត្រូវ​បិទ​រយៈពេល​យ៉ាង​តិច​ ២ សប្ដាហ៍​ដូច​ជា​ Daimler ដែរ។ Porsche និយាយ​ថា​បញ្ហា​សង្វាក់​ផលិតកម្ម​ផ្គត់ផ្គង់​ធ្វើ​ឲ្យ​ខ្លួន​មិន​អាច​បន្ត​ការ​ផលិត​បាន​ដូច​ធម្មតា។

៦. Rolls-Royce

ក្រុមហ៊ុន​​ផលិត​រថយន្ត​ប្រណីត​របស់​អង់គ្លេស បាន​និយាយ​នា​ថ្ងៃ​ទី ១៨ ខែ​មីនា ថា​អាច​នឹង​ផ្អាក​ផលិតកម្ម​នៅ​រោងចក្រ​នៅ​ចក្រភព​អង់គ្លេស​រយៈពេល ២ សប្ដាហ៍ ចាប់​ពី​ថ្ងៃ​ទី ២៣ មីនា។

៧. PSA Group

ក្រុមហ៊ុន​ដែល​កាន់​កាប់​ម៉ាក Peugeot, Citron, DS, Opel និង Vauxhall នេះ បាន​ប្រកាស​ថា​រោងចក្រ​ទាំង​អស់​របស់​ខ្លួន​នៅ​ទូទាំង​អឺរ៉ុប​នឹង​ត្រូវ​បិទ​ជា​ដំណាក់​កាល ដែល​គ្រោង​នឹង​បើក​ដំណើរ​ការ​ឡើង​វិញ​នា​ថ្ងៃ​ទី ២៧ ខែ​មីនា​ទាំង​អស់។

៨. Volkswagen

នៅ​ថ្ងៃ​ទី ១៧ ខែ​មីនា សម្ព័ន្ធ Volkswagen ប្រកាស​ថា​នឹង​ផ្អាក​ផលិតកម្ម​នៅ​រោងចក្រ​ជា​ច្រើន​​ទូទាំង​អឺរ៉ុប រួម​មាន​នៅ​ប្រទេស​ស្លូវ៉ាគី ព័រទុយហ្គាល់ និង​អេស្ប៉ាញ។ បច្ចុប្បន្ន​នេះ​ VW រំពឹង​ថា​ការ​ផ្អាក​នឹង​មាន​រយៈពេល ២ សប្ដាហ៍។

៩. Renault

ម៉ាក​រថយន្ត​បារាំង​បាន​និយាយ​ថា​នឹង​ផ្អាក​ផលិតកម្ម​រហូត​ដល់​មាន​ការ​បញ្ជាក់​ជា​ថ្មី​ម្ដង​ទៀត នៅ​រោងចក្រ​ចំនួន ១២ កន្លែង​នៅ​ទូទាំង​ប្រទេស​បារាំង។

១០. Toyota

ក្រុមហ៊ុន​រថយន្ត​ជប៉ុន​នេះ​បាន​បញ្ឈប់​ការ​ផលិត​នៅ​រោងចក្រ​ក្នុង​ប្រទេស​ព័រទុយហ្គាល់ កាល​ពី​ថ្ងៃ​ចន្ទ។ ក្រុមហ៊ុន​ក៏​បាន​​ផ្អាក​​ការ​ផលិត​នៅ​ប្រទេស​បារាំង​ចាប់​ពី​ថ្ងៃ​ទី ១៨ ខែ​មីនា ហើយ​នឹង​ដំណើរ​ការ​ឡើង​វិញ​នៅ​ចុង​ខែ​មីនា។ បន្ថែម​ពី​នេះ​រោងចក្រ​នៅ​ហ្វីលីពីន​នឹង​ត្រូវ​បិទ​ចាប់​ពី​ពេល​នេះ​រហូត​ដល់​អំឡុង​ខែ​មេសា ដើម្បី​ទក់​ស្កាត់​ការ​រាលដាល​នៃ​កូវីដ​១៩។

១១. Fait Chrysler Automobiles

កាល​ពី​សប្ដាហ៍​មុន ក្រុមហ៊ុន​នេះ​បាន​និយាយ​នឹង​បិទ​រោងចក្រ​ចំនួន​បួន​នៅ​អ៊ីតាលី ក្នុង​សប្ដាហ៍​នេះ​ជា​បណ្ដោះ​អាសន្ន។ រោងចក្រ​នៅ​ទី​នោះ​មាន​ផលិត​រថយន្ត​ Jeep Renegrade និង Compass រួច​ជា​មួយ​រថយន្ត Fiat 500X និង Panda ផង​ដែរ។

១២. Ferrari

កាល​ពី​ថ្ងៃ​ចន្ទ ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​អ៊ីតាលី បាន​ប្រកាស​ថា​រោងចក្រ​ទាំង​នៅ​តំបន់ Maranello និង Modena នៃ​ប្រទេស​អ៊ីតាលី ត្រូវ​បិទ​​រហូត​ដល់​ថ្ងៃ​ទី ២៧ ខែ​មីនា។

១៣. Lamborghini

​​​​​​​​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​កន្លង​ទៅ ក្រុមហ៊ុន​បាន​ប្រកាស​ថា​នឹង​ផ្អាក​ការ​ផលិត​នៅ​រោងចក្រ​ Sant’Agata Bolognese ដែល​គ្រោង​នឹង​បើក​ដំណើរ​ការ​ឡើង​វិញ​នា​ថ្ងៃ​ទី ២៥ ខែ​មីនា៕

ប្រភព៖ Cnet   ប្រែ​សម្រួល៖ សុខហេង