ពេទ្យជំនាញព្រមានថា បើចេញរោគសញ្ញា ២នេះ អាចជាដំណាក់កាលដំបូងនៃការឆ្លង Covid-19

  • 2020-03-21 09:22:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​សិក្សា​ថ្មី​មួយ​របស់​ពេទ្យ​ចិន​ឲ្យ​ដឹង​ថា បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​ដូចជា​ការ​រាគ​រូស និង​ក្អួត អាច​ជា​រោគ​សញ្ញា​ដំបូង​នៃ​ការ​ឆ្លង​មេរោគ​ថ្មី​កូរ៉ូណាវីរុស។

យោង​តាម​ការ​សិក្សា​ដែល​ធ្វើ​ទៅ​លើ​អ្នក​ជំងឺ ២០៤​នាក់​ក្នុង​ទីក្រុង Wuhan បាន​រក​ឃើញ​ថា​អ្នក​ជំងឺ ៩៩​នាក់ (៤៨,៥%) បាន​ចេញ​រោគ​សញ្ញា​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​ដែល​ជា​ដំណាក់​កាល​ដំបូង។ លើស​ពី​នេះ​ទៀត ៨៣%​នៃ​អ្នក​ជំងឺ បាត់បង់​ចំណង់​អាហារ និង ២៩% មាន​ការ​រាគ​រូស ខណៈ​ដែល ០,៨% មាន​អាការ​ក្អួត ហើយ ០,៤​%​ឈឺ​ពោះ។ អ្នក​ជំងឺ​ភាគ​ច្រើន ក៏​មាន​បញ្ហា​ជា​ផ្លូវ​ដង្ហើម ដូច​ជា​ក្អក​ស្ងួត និង​ពិបាក​ដក​ដង្ហើម។ ការ​សិក្សា​ដែល​ធ្វើ​ឡើង​ដោយ​អ្នក​ជំនាញ​ចិន​នេះ ត្រូវ​បាន​ពិនិត្យ​ពិច័យ​ និង​ទទួល​ស្គាល់​ដោយ​អ្នក​ជំនាញ​អាមេរិក ហើយ​បោះ​ពុម្ភ​ផ្សាយ​នៅ​ក្នុង American Journal of Gastroenterology។ បន្ថែម​ពី​នេះ ការ​សិក្សា​ឲ្យ​ដឹង​ថា បញ្ហា​រំលាយ​អាហារ​នឹង​មាន​សភាព​កាន់​តែ​ធ្ងន់ធ្ងរ​ទៅ នៅ​ពេល​ដែល​វីរុស​វាយ​ប្រហារ​កាន់​តែ​ខ្លាំង​ឡើង។

គួរ​បញ្ជាក់ថា មកទល់ពេលនេះ​ជំងឺ​ឆ្លង Covid-19 ដែល​ផ្ទុះឡើង​ក្នុង​ប្រទេស​ចិន​កាល​ពី​ចុង​ឆ្នាំ​មុន បាន​សម្លាប់​មនុស្ស​ជាង ១​ម៉ឺន​នាក់ហើយនៅទូទាំងពិភពលោក ខណៈ​ដែល​ជាង ២៥​ម៉ឺន​នាក់​ផ្សេង​ទៀត​ឆ្លង​វីរុស៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ រ័ត្ន