កាមេរ៉ាលើ iPhone 2020 តម្លៃថ្លៃជាងគេនឹងមានចំណុចពីរ ពិសេសលើសគេ

  • 2020-03-24 03:19:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone ស៊េរី​ឆ្នាំ ២០២០ ដែល​មាន​តម្លៃ​ថ្លៃ​ជាង​គេ ដែល​ទំនង​ជា​ iPhone 12 Pro Max នឹង​មាន​បំពាក់​នូវ​ Sensor កាមេរ៉ា​ធំ​ជាង​មុន រួម​ជា​មួយ​មុខងារ​រក្សា​លំនឹង​ភ្ជាប់​ជា​មួយ Sensor ជំនួស​ឲ្យ​មុខងារ​រក្សា​លំនឹង​ OIS ដែល​ភ្ជាប់​លើ​ឡេន​មាន​ប្រើ​នា​ពេល​បច្ចុប្បន្ន​នេះ។

រូបភាព Concept

គេ​ធ្លាប់​បាន​ឃើញ​ការ​រាយការណ៍​អំពី​មុខងារ​រក្សា​លំនឹង​ភ្ជាប់​ជា​មួយ Sensor កាល​ពី​ខែ​ធ្នូ ឆ្នាំ​មុន។ ពេល​នោះ​ការ​ចុះ​ផ្សាយ​របស់ Digitimes មិន​បាន​បញ្ជាក់​ថា​ iPhone ម៉ូដែល​ថា​នឹង​មាន​មុខងារ​នេះ​ទេ ប៉ុន្តែ​កំណត់​ត្រា​ថ្មី​​របស់​អ្នក​វិភាគ​ល្បី​ឈ្មោះ Ming Chi-Kuo និយាយ​ថា​ មុខងារ​នេះ​នឹង​មាន​សម្រាប់​តែ iPhone លំដាប់​កំពូល​ តម្លៃ​ថ្លៃ​ជាង​គេ​ប៉ុណ្ណោះ។

អ្នក​វិភាគ​នេះ​និយាយ​ទៀត​ថា​ iPhone លំដាប់​កំពូល​ដែល​មាន​អេក្រង់​ទំហំ ៦,៧ អ៊ីញ នឹង​មាន​កាមេរ៉ា​ថ្មី​សម្រាប់​ឡេន​មេ​ ដែល​ស្គាល់​ថា​ជា​ឡេន 7P។ វា​មាន​ Sensor ទំហំ 1/1.9″ ដែល​​នៅ​លើ iPhone 11 Pro វា​មាន​ទំហំ​តែ 1/3.6″។

កំណត់​ត្រា​ថ្មី​របស់​លោក Ming Chi-Kuo មិន​មាន​ផ្លាស់​ប្ដូរ​លើ​​ម៉ូដែល iPhone ដែល​ត្រូវ​ប្រកាស​នា​ចុង​ឆ្នាំ ២០២០ នេះ​ទេ ដែល​វា​រួម​មាន​ ៖

  • iPhone អេក្រង់ OLED ទំហំ ៥,៤ អ៊ីញ (កាមេរ៉ា​ភ្លោះ)

  • iPhone អេក្រង់ OLED ទំហំ ៦,១ អ៊ីញ (កាមេរ៉ា​ភ្លោះ)

  • iPhone អេក្រង់ OLED ទំហំ ៦,១ អ៊ីញ (កាមេរ៉ា​បី​គ្រាប់ ជា​មួយ Sensor Time of Flight)

  • iPhone អេក្រង់ OLED ទំហំ ៦,៧ អ៊ីញ (កាមេរ៉ា​បី​គ្រាប់ ជា​មួយ Sensor Time of Flight)

គួរ​ដឹង​​ថា​ទំហំ Sensor រូប​ភាព​ធំ​ជាង​មុន អាច​ធ្វើ​ឲ្យ​គុណភាព​រូបភាព​កាន់​តែ​ល្អ​ប្រសើរ ជា​ពិសេស​សម្រាប់​ថា​ថត​រូបភាព​នៅ​ទី​ងងឹត មាន​ពន្លឺ​មិន​គ្រប់​គ្រាន់៕

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង