មក​ដឹង​៣ប្រភេទ​កីឡា​ពេញ​និយម​បំផុត​នៅ​កម្ពុជា​ ទាំង​មើលផ្ទាល់​ និង​តាម Youtube

  • 2020-03-26 05:55:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​កម្ពុជា​បច្ចុប្បន្ន​នេះ​មាន​ច្រើន​ប្រភេទ​កីឡា​ និង​ច្រើន​សហព័ន្ធ​ផ្សេងៗ​គ្នា​សរុប​ទៅ​មិន​តិច​ជាង​ ៣០​ប្រភេទ​នោះ​ទេ។​ ឥលូវ​នេះ​យើង​ងាក​មក​ចាប់​អារម្មណ៍​ ៣ប្រភេទ​កីឡា​ ដែល​ពេញ​និយម​សម្រាប់​ប្រជាជន​នៅ​កម្ពុជា​ ទាំងទស្សនា​ក៏​ដូច​ជា​ហ្វឹកហាត់​លេង​កម្សាន្ត​នោះ​រួម​មាន​ ប្រដាល់​ បាល់ទាត់​ និង​បាល់ទះ។​

កីឡាប្រដាល់

កីឡាប្រដាល់​គុន​ខ្មែរ៖​ កីឡា​មួយ​នេះ​គឺ​ជា​ប្រភេទ​កីឡា​បុរាណ​របស់​ខ្មែរ​ ដែល​មាន​ជា​យូរលង់​មក​ហើយ​ អាច​និយាយ​ថា​គ្រាប់​តែ​កើត​មក​ឃើញ​មាន​ប្រដាល់​គុន​ខ្មែរ​នេះ​តែ​ម្ដង។​ ដូច្នេះ​ហើយ​ភាគ​ច្រើន​បុរស​ៗ​គឺ​ចូលចិត្ត​ទស្សនា​ការ​ប្រកួត​កីឡា​មួយ​នេះ​ណាស់​ មិន​ត្រឹម​តែ​ប៉ុណ្ណេះ​ទេ​នៅ​តាម​បណ្ដា​ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក​មួយ​ចំនួន​ធំ​មាន​រៀបចំ​ការ​ប្រកួត​ជា​ច្រើន​ ក្នុង​១សប្ដាហ៍​សរុប​ការ​ប្រកួត​ជាង​១០​កម្មវិធី​ផ្សេង​គ្នា។​

អ្នក​ទស្សនាប្រដាល់

លើស​ពី​នេះ​ទៀត​នោះ​រាល់​កម្មវិធី​បុណ្យ​ធំៗ​ដូច​ជា​បុណ្យ​ទន្លេ​ បុណ្យ​សមុទ្រ​ និង​ប្រពៃណី​ចំនួន​ទៀត​ គេ​មិន​ចោល​ឡើយ​កម្មវិធី​ប្រដាល់។​ អ្នក​នៅ​ទីក្រុង​មួយ​ចំនួន​ ឥលូវ​នេះ​ចាប់​អារម្មណ៍​ និង​ហាត់​ប្រដាល់​ជា​លក្ខណៈ​សុខភាព​ជា​ច្រើន​ផង​ដែរ​តាម​បណ្ដា​ក្លឹប​ឯកជន។​ យ៉ាង​ណា​មិញ​រាល់​ចប់​ការ​ប្រកួត​មួយ​ៗ​គេ​ឃើញ​មាន​អ្នក​ទស្សនា​វីដេអូ​ប្រកួត​ឡើង​វិញ​រាប់​ពាន់​ រាប់​ម៉ឺន​នាក់ មិន​ថា​នៅ​តាម​ហ្វេសបុក​ ឬ​យូធូប​នោះ​ទេ។​

អ្នក​ទស្សនាប្រដាល់

កីឡាបាល់ទាត់៖​ កីឡា​មួយ​នេះ​ជា​ប្រភេទ​កីឡា​បរទេស​នោះ​ទេ​ ប៉ុន្តែ​វា​បាន​ពេញ​និយម​ទូទាំង​ពិភពលោក​ទៅ​ហើយ​ ចំណែក​កម្ពុជា​ក៏​ដូច​គ្នា​ដែរ។​ បើ​និយាយ​ពី​ការ​ប្រកួត​ជម្រើស​ជាតិ​ជា​លក្ខណៈ​ប្រចាំ​ប្រទេស​វិញ​ គឺ​ប្រជាជន​កម្ពុជា​គ្រប់​ស្រទាប់​វណ្ណៈ​ពេញ​និយម​ និង​គាំទ្រ​ខ្លាំង​មែនទែន​រហូត​ពេញៗ​កីឡដ្ឋាន​ជាតិ​ម្ដងៗមិន​តិច​ជាង​ ៥-៦ម៉ឺន​នាក់​ឡើយ។​ ប៉ុន្តែ​បើ​ការ​ប្រកួត​លីគ​វិញ​ហាក់​មាន​ភាព​ស្ងប់ស្ងាត់​នា​ពេល​កន្លង​មក​ ទើប​តែ​ចាប់​ផ្ដើម​កម្រើក​ជា​ថ្មី​នៅ​រដូវ​កាល​ចុង​ក្រោយៗ​នេះ​ទេ។​ ម្នាក់​ៗ​ហាក់​ចាប់​អារម្មណ៍​ខ្លាំង​នៅ​ពេល​ក្រុម​ធំៗ​ប៉ះ​គ្នា​ ស្រប​ពេល​ក្រុម​និមួយៗ​មាន​អ្នក​គាំទ្រ​ប្រចាំក្លឹប​តែ​ម្ដង។​

កីឡាបាល់ទាត់

ការ​ទិញ​ដូរ​កីឡាករ​ខ្មែរ​-បរទេស​ មក​ពង្រឹង​ក្រុម​រួម​និង​ការ​អភិវឌ្ឍន៍​ប្រជែង​គ្នា​ផង​នោះ ​ធ្វើ​ឲ្យ​អ្នក​តាមដាន​រឹតតែ​ចង់​មើល​ការ​ប្រកួត​របស់​ពួកគេ។​ ក្រៅ​តែ​ពី​ចូលចិត្ត​ទស្សនា​ហើយ​នោះ​ វិស័យ​បាល់ទាត់​បាន​ក្លាយ​ជា​កីឡា​លេង​កម្សាន្ត​ដ៏​ពេញ​និយម​សម្រាប់​យុវជន​ខ្មែរ​នៅ​ពេល​សម្រាក​ពី​ការងារ​ ឬ​ការ​សិក្សា។​

អ្នក​ទស្សនាបាល់ទាត់

កីឡាបាល់ទះ៖​ ជា​កីឡា​ដែល​ចូល​កម្ពុជា​យូរ​ដែរ​ហើយ​ និង​ជា​ប្រភេទ​កីឡា​ពេញ​មួយ​សម្រាប់​ប្រជាជន​កម្ពុជា​ជា​ពិសេស​អ្នក​នៅ​តាម​ជនបទ​ ស្រែ​ចម្ការ​តែ​ម្ដង។​ បើ​ទោះ​ជា​សហព័ន្ធ​បាល់ទះ​មិន​សូវ​មាន​សកម្មភាព​ច្រើន​ក្ដី​ យ៉ាង​ណា​ក៏​នៅ​តែ​ពេញ​និយម​ទស្សនា​ និង​លេង​កម្សាន្ត​នា​ពេល​បច្ចុប្បន្ន​នេះសម្រាប់ខ្មែរ។​ សព្វ​ថ្ងៃ​នេះ​គេ​ឃើញ​មាន​ក្លឹប​វិសាខា​ ដែល​មាន​សកម្មភាព​ច្រើន​ និង​សំបូរ​ធនធាន។​ រាល់​ការ​ប្រកួត​មិត្តភាព​នានា​ឃើញ​មាន​អ្នក​ចូល​ទស្សនា​នៅ​ក្លឹប​បាល់ទះ​វិសាខា​ច្រើន​ រួម​និង​ការ​ទស្សនា​តាម​វីដេអូ​ការ​ប្រកួត​ក្រៅ​ប្រទេស​ផង​ដែរ។​

កីឡាបាល់ទះ

ងាក​មក​ប្រជាជន​ខាង​ក្រៅ​វិញ​គឺ​ស្រឡាញ់​ចូលចិត្ត​ទស្សនា​តែ​ម្ដង​ រាល់​ការ​ប្រកួត​ធំៗ​គឺ​នៅ​ឈរ​មើល​ផ្ទាល់​ៗ​ជុំ​កន្លែង​ប្រកួត។​ បើ​អ្នក​នៅ​ជនបទ​វិញ​ក្នុង​ភូមិ​និមួយៗ​តែងតែ​មាន​តារាង​បាល់ទះ​ស្ទើរ​គ្រប់​កន្លែង​។ នៅ​ពេល​ល្ងាច​ ឬ​ពេល​បុណ្យ​ទាន​ជួបជុំ​គ្នា​ម្ដងៗ​ពួកគេ​តែង​លេង​កីឡា​មួយ​នេះ​កម្សាន្ត។​ ចំពោះ​វីដេអូ​ការ​ប្រកួត​ក្នុង​ស្រុក​សម្រាប់​គូ​ពិសេសៗ​ក៏​មាន​អ្នក​ចូល​ទស្សនា​រាប់​ពាន់ រាប់ម៉ឺនាក់​អ្នក​ដែរមិន​ចាញ់​២ប្រភេទ​កីឡា​ខាង​លើ​ទេ៕​

អ្នក​ទស្សនាបាល់ទះ (រូបភាព Print Screen លើយូធូប)

អត្ថបទ៖ នួន ស៊ីណា​