ខាត់ សុឃីម កំពុង​បណ្ដុះ​កូន​ប្រុស​នាយ ឡោស៊ី ឲ្យ​ស្នង​ឪពុក

  • 2014-11-20 17:33:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូន​ប្រុស​របស់​តារា​កំប្លែង ឡោស៊ី ត្រៀម​ស្នង​ឪពុក​របស់​ខ្លួន ដោយ​បច្ចុប្បន្ន​កំពុង​រស់នៅ និង​រៀន​សូត្រ​ជំនាញ​សិល្បៈ​ក្នុង​គ្រួសារ​របស់​អ្នកនាង ខាត់ សុឃីម រយៈ​ពេល​ជាង​៥​ខែ​មក​ហើយ និង​មាន​ឈ្មោះ​សម្រាប់​ប្រើ​ក្នុង​អាជីព​កំប្លែង​ថា នាយ ម៉ាឡេត។ នេះ​បើ​តាម​អ្នក​នាង ខាត់ សុឃីម។

 

នាយ ម៉ាឡេត កូន​ប្រុស​នាយ ឡោស៊ី(រូប​ពី​ក្រោយ​ខាង​ឆ្វេង​អ្នក​នាង ខាត់ សុឃីម)

ខាត់ សុឃីម៖ “ខ្ញុំ​មាន​ការ​សោកស្ដាយ​មែន​ទែន ព្រោះ​ពេល​ដែល​បង​ ឡោស៊ី ធ្លាក់​កូដ​មិន​ទាន់​បាន​ជួយ​គាត់​ផង ស្រាប់​តែ​ជួប​រឿង​អាក្រក់​បាត់បង់​ជីវិត​ទៅ"។

 

អ្នក​នាង​ចាត់​ទុក​ថា នេះ​ជា​ការ​តបស្នង​សងគុណ​ចំពោះ​វិញ្ញាណក្ខន្ធ​របស់​នាយ ឡោស៊ី។ ម្យ៉ាង​ទៀត​នាង​មាន​ចិត្ត​អាណិត​អាសូរ​ចំពោះ​ក្មេង​ប្រុស​ខាង​លើ ដែល​កំពុង​ជួប​ការ​លំបាក ក្រោយ​ពី​ឪពុក​របស់​គេ​ទទួល​អនិច្ចកម្ម​ទៅ។ ខាត់ សុឃីម រំលឹក​ថា នាយ ឡោស៊ី ជា​អ្នក​មាន​គុណ​ម្នាក់ ធ្លាប់​ជួយ​យឹតយោង​នាង និង​ប្អូន​ប្រុស ខាត់ ចំរើន ឲ្យ​មាន​ឱកាស​បាន​សម្ដែង ដើម្បី​រក​កម្រៃ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​អំឡុង​ជាង​១០​ឆ្នាំ​មុន កាល​ក្រ​លំបាក។

 

គណៈកម្មការ​កម្មវិធី Cambodia's Got Talent រូប​នេះ​សម្រេច​ចិត្ត នាំ​កូន​ប្រុស​របស់​តារា​កំប្លែង ឡោស៊ី មក​រស់​នៅ​ក្នុង​គ្រួសារ ហើយ​ចាត់​ទុក​ដូច​ជា​ប្អូន​បង្កើត ដោយ​បង្ហាត់​បង្រៀន​ជំនាញ​ភ្លេង​ខ្មែរ និង​បច្ចេកទេស​កំប្លែង​ទៀត​ផង។ អ្នក​នាង​បង្ហើប​ថា នឹង​បញ្ចូល​ឈ្មោះ​ក្មេង​ប្រុស​ខាង​លើ ជា​សមាជិក​ថ្មី​នៃ​គ្រួសារ​ម្នាក់​ទៀត ខណៈ​ឪពុក​របស់​នាង​យល់​ព្រម​ទៅ​ហើយ។

 នាយ ម៉ាឡេត

អ្នក​នាង​បន្ថែម​ថា ​បច្ចុប្បន្ន​នេះ ម៉ាឡេត អាច​ច្រៀង, កំប្លែង និង​លេង​ភ្លេង​បាន​ខ្លះ​ហើយ ព្រោះ​រូប​គេ​ក៏​មាន​ទេពកោសល្យ​សិល្បៈ មិន​ខុស​ពី​ឪពុក​របស់​គេ​ប៉ុន្មាន​ដែរ។ ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា នៅ​ត្រូវ​ការ​ពេល​វេលា​យូរ​ទៀត ក្នុង​ការ​បង្ហាត់​បង្រៀន​ក្មេង​ប្រុស​នេះ ឲ្យ​ស្គាល់​ពី​បែបបទ​សម្ដែង ធ្វើ​យ៉ាង​ណា​បំពេញ​ចិត្ត​ទស្សនិកជន។

 

បើ​យោង​តាម​តារា​ស្រី​រូប​នេះ ដំណក់​ឈាម​របស់​អតីត​តារា​កំប្លែង​នាយ ឡោស៊ី នឹង​មាន​ឱកាស​សម្ដែង​តាម​កញ្ចក់​ទូរទស្សន៍ ដរាប​ណា​រូប​គេ​មាន​ការ​ខិតខំ​ប្រឹងប្រែង ស្វែង​យល់​ពី​អាជីព​នេះ ឲ្យ​បាន​ច្បាស់លាស់​បន្ថែម​ទៀត។ អ្នក​នាង​អះអាង​ថា គ្រួសារ​ត្រកូល"ខាត់" នៅ​តែ​ជា​អ្នក​ជួយ​ជ្រោមជ្រែង​ក្មេង​ប្រុស​ម្នាក់​នេះ​បន្ត​ទៀត៕

 

ស្ដាប់​៩​បទ របស់​ ប៊ុត សីហា ប្រលង​The Voice Cambodia

អត្ថបទ​ផ្សេង​ទៀត​ពាក់ព័ន្ធ​អ្នក​នាង ខាត់ សុឃីម នៅ​ទី​នេះ!!!

 

អត្ថបទ៖ សំ ជំនាញ

អត្ថបទថ្មី