អាថ៌​កំបាំង ៥ ​យ៉ាង ធ្វើ​ឲ្យ​ក្រុម ពែកមី ល្បី​ដល់​ឥឡូវ!

  • 2014-09-25 22:15:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​និយាយ​ពី​ក្រុម​កំប្លែង​របស់​ទូរទស្សន៍ CTN ឬ​ក្រុម​នាយ ពែកមី ប្រាកដ​ជា​ធ្វើ​ឲ្យ​ទស្សនិកជន​នឹក​ឃើញ​ពី​សកម្មភាព ​នៃ​ការ​សម្ដែង​នានា​ នាំ​ឲ្យ​ទប់​សំណើច​មិន​បាន។ ប៉ុន្តែ​ទស្សនិកជន ហាក់​មើល​រំលង​ លោក សុវណ្ណរិទ្ធី ហៅ​តា​វ៉ិចទ័រ ដែល​ជា​ផលិតករ​ល្បី​ឈ្មោះ និង ​ជា​បុគ្គល​នៅ​ពី​ក្រោយ​ភាព​ល្បីល្បាញ​នៃ​ក្រុម​កំប្លែង​ខាង​លើ ដែល​បាន​ដឹក​នាំ​ក្រុម​តាំង​ពី​ចំណុច​ចាប់​ផ្ដើម​រហូត​បច្ចុប្បន្ន។

សូមចុចអាន៖ សុខ សីឡាលីន ច្រៀង​បទ​អង់គ្លេស​បាន​ល្អ​ទស្សនិកជន​មាន​ដឹង​ថា រៀន​ដល់​ណា​អត់?

តាម​រយៈ​បទ​សម្ភាស​នា​ពេល​កន្លង​មក​ជាមួយ Sabay បុរស​មិន​សូវ​ចេញ​មុខ​រូប​នេះ ​បាន​ទម្លាយ​ចេញ​នូវ​អាថ៌កំបាំង ​៥ ​ចំណុច​ សំខាន់​របស់​ក្រុម​ដូច​ខាង​ក្រោម។ តើ​ចំណុច​ទាំង​នោះ​មាន​អ្វី​ខ្លះ?

១. កំណត់​ប្រធានបទ ឬ​ចំណង​ជើង៖ តើ​មនុស្ស​បច្ចុប្បន្ន​ចូល​ចិត្ត​អ្វី? ហើយ​គួរ​ដាក់​ចំណង​ជើង​រឿង​បែប​ណា? ជា​សំណួរ​ដែល​លោក វ៉ិចទ័រ តែង​សួរ​ខ្លួន​ឯង នៅ​ពេល​ដែល​ចាប់ផ្ដើម​សរសេរ​រឿង។ "ឧទាហរណ៍​ថា មនុស្ស​បច្ចុប្បន្ន​ចូលចិត្ត​លេង​Facebook។ ពូក​គេ​ប្រាកដ​ជា​ស្គាល់​អ្វី​ទៅ​ពាក្យ like, comment, confirmជា​ដើម"។ ដូច្នេះ​លោក​អាច​ដាក់​ចំណង​ជើង​រឿង​កំប្លែង​ថា"Confirm តែ​មិន​ព្រម​Like” អញ្ចឹង​ទៅ។

២. រៀប​ចំ​សាច់​រឿង៖ "ខ្ញុំ​សួរ​ខ្លួន​ឯង​ថា តើ​រឿង​ត្រូវ​បញ្ចប់​យ៉ាង​ដូចម្ដេច? និង​គួរ​រៀប​ចំ​ដំណើរ​រឿង​បែប​ណា​ល្អ?”។ ពេល​វេលា​មិន​ច្រើន​នោះ​ទេ​សម្រាប់​ការ​សម្ដែង​លើ​ឆាក​របស់​ក្រុម ហើយ​ត្រូវ​លៃ​ពេល​វេលា​យ៉ាង​ណា​ឲ្យ​គោរព​តាម​ពេល​វេលា និង​ទស្សនិកជន​អាច​យល់​ពី​ខ្លឹម​សារ​នៃ​រឿង​ចង់​និយាយ ក្រៅ​ពី​សំណើច​របស់​ពូក​គាត់។

៣. ឆ្លង​យោបល់៖ ភាពយន្ត​ទូទៅ តួ​សម្ដែង​គ្រាន់​តែ​ធ្វើ​តាម​អ្នក​និពន្ធ ឬ​ដឹក​នាំ​រឿង​ប៉ុណ្ណោះ​តាម​អ្វី​ដែល​រៀប​ចំ​រួច​ស្រេច ដោយ​មិន​បាច់​ខ្វល់ខ្វាយ​អ្វី​ទាំង​អស់។ ប៉ុន្តែ​ចំពោះ​រឿង​កំប្លែង​វិញ ក្រោយ​ពី​ការ​រៀប​ចំ​ជា​ឆ្អឹង​រឿង​រួច​រាល់​ហើយ​នោះ លោក​ត្រូវ​យក​សាច់​រឿង​ឆ្លង​យោបល់​សមាជិក​ក្រុម។

៤. កំណត់​តួ​សម្ដែង៖ នរណា​គួរ​សម្ដែង​​ជា​តួ​អ្វី ដែល​ត្រូវ​សាច់​រឿង​បំផុត? តួ​សម្ដែង​ជា​ផ្នែក​មួយ​របស់​រឿង​មិន​អាច​ខ្វះ​បាន ប្រសិន​បើ​ជ្រើសរើស​តួ​បាន​ត្រឹមត្រូវ​នោះ​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​ផ្ទុះ​សំណើច​របស់​ទស្សនិកជន​ដែរ។

៥. តួ​សម្ដែង៖ ក្រៅ​អំពី​ការ​ប្រែប្រឹង​របស់​អ្នក​ដឹក​នាំ​រឿង​ហើយ​នោះ តួ​សម្ដែង​ម្នាក់ៗ​គួរ​ព្យាយាម​បង្កើត​អ្វី​ដែល​ថ្មី​ឲ្យ​អស់​ពី​លទ្ធភាព​រៀង​ខ្លួន ដូច​ជា​ពាក្យពេចន៍​កំប្លែង​ជា​ដើម។ សមាជិក​ក្រុម​ទាំង​អស់​ត្រូវ​ហាត់​សម​ការ​សម្ដែង​ឲ្យ​ស្ទាត់​មុន​ពេល​ដែល​បង្ហាញ​លើ​ឆាក អាច​និយាយ​បាន​ថា ស្ទើរ​ដល់​នាទី​ចុង​ក្រោយ​នៃ​ការ​ឡើង​សម្ដែង​ក៏​នៅ​តែ​ហាត់​ដែរ៕

អត្ថបទ៖ សំ ជំនាញ