ឯម រៀម គូររូបជនរងគ្រោះទូលស្លែង ដាក់លក់១ផ្ទាំង២០០០ដុល្លារ
- 2014-11-22 17:12:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឯម រៀម គូររូបជនរងគ្រោះទូលស្លែង ដាក់លក់១ផ្ទាំង២០០០ដុល្លារ
ចន្លោះមិនឃើញ
បណ្ឌិតច្នៃម៉ូដ លោក ឯម រៀម យប់មិញនេះ បានសម្ពោធស្នាដៃគំនូររបស់ខ្លួន ដោយលោកបានគូររូបចម្លងចេញពីរូបថត ជនរងគ្រោះក្នុងសារមន្ទីរប្រល័យពូជសាសន៍ ទួលស្លែង ហើយបានដាក់លក់ក្នុងមួយផ្ទាំ២០០០ដុល្លារ។
គំនូរនោះមានទាំងអស់១៥ផ្ទាំង ដោយលោកបានប្រើពេលជាង១ឆ្នាំក្នុងការគូរ។ បណ្ឌិតច្នៃម៉ូដល្បីឈ្មោះ លោក ឯម រៀម បានប្រាប់ Sabay ថា ប្រធានបទដែលលោកចង់បង្ហាញនៅក្នុងរូបភាព មានឈ្មោះថា "លេខដែលត្រូវរស់"។ លោកបានពន្យល់ថា មូលហេតុដែលនាំឲ្យលោក យកប្រធានបទនេះ មកតាំងបង្ហាញ ក៏ព្រោះតែរាល់ជនរងគ្រោះជាប់ឃុំឃាំងក្នុងសារមន្ទីរប្រល័យពូជសាសន៍ ទួលស្លែង ក៏ដូចជាប្រជាជនខ្មែរទូទាំងប្រទេស ដែលធ្លាប់ឆ្លងកាត់របបខ្មែរក្រហម មានអ្នកខ្លះត្រូវស្លាប់ មានអ្នកខ្លះទៀតបានជួយផុតពីសេចក្ដីស្លាប់។
លោកបានបន្តថា របបខ្មែរក្រហម គឺជារឿងពិតដែលប្រជាជនខ្មែរគ្រប់រូប មិនអាចបំភ្លេចបានឡើយ។ ពិព័រណ៍គំនូររបស់លោក ក៏ជាសារមួយដើម្បីរួមចំណែកធ្វើឲ្យមានការចងចាំនៃរបបខ្មៅងងឹតនោះផងដែរ។
ចំពោះផ្ទាំងសំពត់សម្រាប់គូរូបភាព បណ្ឌិតរូបនេះបានយកបាវធ្វើពីក្រចៅដែលប្រជាជនខ្មែរសម័យដើមតែងប្រើប្រាស់ ហើយបច្ចុប្បន្នមិនសូវមានឡើយ។ ចំណុចនេះលោកចង់ប្រាប់ថា ជាគំនិតមួយ ដើម្បីអភិរក្សផងដែរ ដើម្បីឲ្យក្មេងជំនាន់ក្រោយបានដឹង។
ការលើកឡើងទាំងប៉ុន្មានខាងលើមិនអាចបរិយាយពីអត្ថន័យនៃផ្ទាំងគំនូរបានឡើយ ព្រោះ ឯម រៀម ប្រាប់ថាគ្រប់ផ្ទាំងគំនូររបស់លោកបង្កប់ដោយអត្ថន័យច្រើន ដូច្នេះហើយគឺត្រូវការពេលវេលាច្រើនដើម្បីពន្យល់។
ផ្ទាំងគំនូរដែលបានតាំងបង្ហាញនៅយប់មិញនេះ នៅភោជនីយដ្ឋាន Chinese House តាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ ជិតកំពង់ផែភ្នំពេញ មិនមែនជាស្នាដៃទី១របស់លោកឡើយ បណ្ឌិតច្នៃម៉ូដម្នាក់នេះ ធ្លាប់បានបង្ហាញស្នាដៃជាច្រើនមកហើយ ដែលបាន និងកំពុងដាក់លក់នៅតាមសណ្ឋាគារធំក្នុងប្រទេសកម្ពុជា ក្នុងនោះដែរ លោកក៏ធ្លាប់យកស្នាដៃ ទៅចូលរួមតាំងពិព័រណ៍នៅក្រៅប្រទេសជាច្រើនមកហើយ៕
អត្ថបទ៖ ខុត សីហា