Mourinho ​ឌឺ​​ Sergio Ramos ​​ថា​មិន​មែន​ជា​គ្រូ​ពេទ្យ​ទេ

  • 2014-11-24 23:10:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ក្លិប​តោ​ខៀវ​ Chelsea ​លោក Jose Mourinho ​បាន​និយាយ​ថា​​ខ្សែ​ការពារ​ Sergio Ramos ​មិន​មែន​ជា​គ្រូ​ពេទ្យ​ដែល​អាច​ដឹង​ថា​នរណា​ឈឺ​ នរណា​ជា ​អាច​ចូល​បាន​ឬ​អត់​នោះ​ទេ។ ពាក្យ​សម្ដី​នេះ​កើត​ឡើង​ពេល​ដែល​ Ramos ​បាន​និយាយ​ថា​ Diego Costa ​និង Cesc Fabregas មិន​គួរ​ចូល​លេង​នោះ​ទេ ​ពេល​​​ Chelsea ប៉ះ​​ West Brom ​ចុង​សប្ដាហ៍​កន្លង​ទៅ ព្រោះ​ពួកគេ​កំពុង​មាន​របួស​ស្រាប់​មិន​អាច​លេង​ឱ្យ​ជម្រើស​ជាតិ​អេស្ប៉ាញ​​បាន​ផង។

 

 

ក្នុង​បទ​សម្ភាសន៍​ជាមួយ Mirror ​លោក Mourinho ​បាន​និយាយ​ថា៖ “តាំង​ពី​ខ្ញុំ​ស្គាល់​ Ramos ​មក​ ខ្ញុំ​មិន​ដែល​ដឹង​ថា​គេ​ធ្លាប់​បាន​រៀន​ពេទ្យ​នោះ​ទេ រូប​គេ​គ្រាន់​តែ​ជា​ខ្សែ​ការពារ​ល្អ​ម្នាក់​ប៉ុណ្ណោះ។ ដូច្នេះ​គេ​មិន​អាច​សម្រេច​ថា​នរណា​អាច​លេង​បាន​ឬ​អត់​នោះ​ទេ មាន​តែ​ក្រុម​គ្រូពេទ្យ​ទេ​ដែល​អាច​ដឹង​ពី​រឿង​នេះ។ Costa ​និង Fabregas ​មិន​បាន​លេង​នៅ​ជម្រើស​ជាតិ ​ប៉ុន្តែ​គេ​អាច​លេង​បាន​នៅ​ក្លិប​អាជីព។ ដូច​ Kompany ​អីចឹង​ គេ​មិន​លេង​ក្នុង​ជម្រើស​ជាតិ​បែលហ្សិក ​ប៉ុន្តែ​គេ​អាច​លេង​នៅ Man City ​បាន”។

 

 

លើស​ពី​នេះ​ទៅ​ទៀត​ បុរស​វ័យ​៥១​ឆ្នាំ​ខាង​លើ​ក៏​បាន​បាញ់​ខាង​ជម្រើស​ជាតិ​អេស្ប៉ាញ​ផង​ដែរ​ថា៖ “ខ្ញុំ​ជឿជាក់​លើ​គ្រូពេទ្យ​របស់​ខ្ញុំ​១០០%​ ប្រសិន​បើ​លោក Del Bosque ​មិន​ជឿ​លើ​គ្រូពេទ្យ​គេ​ទេ​ នោះ​មិន​មែន​ជា​រឿង​របស់​ខ្ញុំ​ឡើយ។ មុន​ប្រកួត​ ខ្ញុំ​ក៏​បាន​សួរ​ពួកគេ (ពេទ្យ​ Chelsea)​ ដែរ​ថា​ Costa ​អាច​លេង​បាន​ឬ​អត់ ហើយ​គេ​ក៏​ប្រាប់​ខ្ញុំ​ថា​ អាច​លេង​បាន​គ្មាន​បញ្ហា​អ្វី​នោះ​ទេ ដូច្នេះ​គ្មាន​ហេតុផល​ណា​ខ្ញុំ​មិន​ដាក់​គាត់​លេង​នោះ​ទេ”។

 

 

 

នៅ​ចាំ​បាន​ថា កាល​ Chelsea ​ប៉ះ West Brom ​នា​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​នេះ​ លោក Mourinho ​បាន​ដាក់​ទាំង Costa ​និង Fabregas ​លេង​ទាំង​អស់ ហើយ​មិន​ត្រឹម​តែ​ពីរ​នាក់​នេះ​លេង​បាន​នោះ​ទេ  Diego Costa ​ថែម​ទាំង​អាច​រក​គ្រាប់​បាល់​បាន​ទៀត​ផង​ត្រឹម​នាទី​ទី​១១៕​

 

ចុច​អាន៖ ដឹង​អត់ សំបុត្រ​ចូល​មើល​បាល់​​​អង់គ្លេស​ ​ក្រុម​ណា​ថ្លៃ​ជាង​គេ?

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖insidespanishfootball