៥ យ៉ាងដែលមិនគួរបង្ហោះនៅលើ Facebook
- 2014-11-25 14:07:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥ យ៉ាងដែលមិនគួរបង្ហោះនៅលើ Facebook
ចន្លោះមិនឃើញ
Facebook បានក្លាយជាប្រព័ន្ធបណ្តាញសង្គមដ៏ល្បីល្បាញនិងមានប្រជាប្រិយភាពមួយនាពេលបច្ចុប្បន្ន។ មានមនុស្សរាប់លានកំពុងលេងនូវប្រព័ន្ធបណ្តាញសង្គមមួយនេះ។ ពួកគេបានចំណាយពេលជាច្រើននៅលើបណ្ដាញសង្គមនេះដើម្បីបង្ហោះរូបភាព វីដេអូ chat និង ការងារជាច្រើនទៀតដើម្បីចែករំលែកអោយមនុស្សគ្រប់រូបបានដឹង។ ប៉ុន្តែមានរឿងមួយចំនួនដែលអ្នកមិនគួរអោយគេដឹងនោះទេ។ ដូច្នេះ Sabay សូមណែនាំនូវរឿង ៥ យ៉ាងដែលអ្នកមិនគួរបង្ហាញនៅលើ Facebook ៖
១ ថ្ងៃខែឆ្នាំកំណើតពេញរបស់អ្នក ឬ គ្រួសារអ្នក
ភាគច្រើននៃប្រិយមិត្ត Facebook ច្រើនសប្បាយរីករាយជាមួយនឹងការជូនពរនៅលើ Wall ពីសំណាក់មិត្តភក្តិនៅថ្ងៃខួបកំណើតរបស់ខ្លួន។ វាធ្វើឲ្យអ្នកមានអារម្មណ៍កក់ក្ដៅ ពេលដឹងថាមានមនុស្សច្រើនចងចាំអ្នក និងខ្វល់ខ្វាយពីអ្នក។ ដោយហេតុនេះអ្នកមិនបានគិតដល់ទេថា ការដាក់ថ្ងៃខែឆ្នាំកំណើតពិតប្រាកដរបស់អ្នកទៅក្នុងFacebookប្រៀបដូចជាការផ្ដល់អត្តសញ្ញាណរបស់អ្នកទៅកាន់ជនអាក្រក់ដែលប៉ុនប៉ងប្រព្រឹត្តទង្វើអាក្រក់មកលើអ្នកដោយមធ្យោបាយណាមួយអីចឹង។
២ ទំនាក់ទំនងពិតប្រាកដរបស់អ្នក
មិនថាអ្នកនៅលីវ ឬ មានគ្រួសារនោះទេ រឿងដែលល្អនោះគឺអ្នកមិនគួរបង្ហាញវាជាសាធារណៈអោយគេដឹងនោះទេ។ ជនឆ្លៀតឱកាសមួយចំនួនតែងតែចង់ដឹងថា តើអ្នកមានដៃគូ ឬអត់។ ប្រសិនបើអ្នកប្តូរនូវ Status របស់អ្នកថា "single” នោះវាបង្ហាញដល់ពួកគេយ៉ាងច្បាស់ថា អ្នកកំពុងចូលរ៉ាដារបស់ពួកគេហើយ។ អីចឹង បើគេចង់តាមចែចង់អ្នកប្រាកដជានឹងបង្កើតសកម្មភាពរំខានអ្នកជាថ្មី ហើយបើដឹងថា អ្នកនៅផ្ទះតែឯងទៀត គេអាចមានគំនិតមិនល្អមករកអ្នកដល់ផ្ទះផងក៏មិនដឹង។
៣ ទីតាំងពិតប្រាកដរបស់អ្នក
មានមនុស្សជាច្រើនដែលចូលចិត្តអោយគេដឹងពីទីតាំងដែលអ្នកកំពុងតែស្ថិតនៅដោយការ Check-in នៅកន្លែងស្អាតៗ។ ជាពិសេសគឺពេលវិស្សមកាល ជាពេលដែលអ្នកគួរបារម្ភបំផុត បើអ្នកបង្ហោះអួតពីទីកន្លែងដែលអ្នកទៅលេង ក្នុងរយៈពេលណាមួយនោះ។ មិត្្តភក្ដិក្នុង Facebook របស់អ្នកដែលជាចោរប៉ុនប៉ងលួចព្រទ្យសម្បត្តិរបស់អ្នកនៅរយៈពេលនេះ ប្រាកដជាដឹងច្បាស់ណាស់ថា អ្នកមិននៅផ្ទះទេ ដូច្នេះហើយវាជាឱកាសមាសសម្រាប់ពួកវាមិនខាន។ អីចឹង បើចង់អួតឲ្យមិត្តភក្ដិច្រណែនពេលបានទៅកន្លែងល្អៗ ចាំមកដល់ផ្ទះសិនទៅសឹមបង្ហោះ។
៤ ពេលនៅផ្ទះតែឯង
រឿងមួយទៀតដែលអ្នកលេង Facebook ឧស្សាហ៍បញ្ចេញឲ្យគេដឹងគឺថា "អផ្សុកណាស់ នៅផ្ទះម្នាក់ឯងទៀតហើយ" ក្នុងបំណងចង់ឲ្យមានអ្នកចូលមក Comment ឬ Chat សាសង។ រវល់តែស៊ីអារម្មណ៍បែបនេះ អ្នកប្រហែលជាភ្លេចគិតថា មិត្តភក្ដិនៅក្នុង Facebook ដែលអ្នកមិនធ្លាប់ស្គាល់ ឬ Hacker ដែលអាចលួចចូលគណនីរបស់អ្នក អាចទៅរកអ្នកដល់ផ្ទះដើម្បីប្លន់ ប្រសិនបើគេដឹងពីទីតាំង តាមរយៈការ Check-in បង្ហាញទីតាំងផ្ទះរបស់អ្នកនាពេលកន្លងមក។
៥ បង្ហោះរូបភាពកូន និង Tag ឈ្មោះពួកគេ
ជាការពិតណាស់ឪពុកម្ដាយគ្រប់រូបតែងតែស្រលាញ់កូន និងព្យាយាមធ្វើគ្រប់យ៉ាងដើម្បីអោយកូនរបស់ពួកគេមានសុវត្ថិភាព។ ប៉ុន្តែការស្រលាញ់ខ្លះក៏បានធ្វើអោយកូនជាទីស្រលាញ់របស់អ្នកមានគ្រោះថ្នាក់ដែរ។ ជាក់ស្ដែងដូចជាមានមនុស្សជាច្រើនបានបង្ហោះរូបភាពកូនរបស់ពួកគេមកជាមួយឈ្មោះ ថ្ងៃ ខែ ឆ្នាំកំណើតពិតប្រាកដពេញ។ អ្នកត្រូវគិតថាមានមនុស្សខ្លះអាចមានបំណងអាក្រក់មកលើកូនអ្នក។ ជួនកាលជនទាំងនេះអាចយកនូវព័ត៌មានទាំងនោះ មកបន្លំយកកូនអ្នកទៅធ្វើអាជីវកម្មក៏មិនដឹង។ ឧស្សាហ៍ពេលចេញពីរៀន ពេលអ្នកមិនទាន់ទៅដល់គេអាចទៅយកដោយប្រាប់ឈ្មោះពេញរបស់កូនអ្នក និងឈ្មោះសាច់ញាតិ ឬមិត្តភក្ដិជិតដិតរបស់អ្នកដែលធ្លាប់ Tag ឲ្យនៅលើរូបថតកូនៗអ្នកកន្លងមក៕
ប្រែសម្រួល៖ សំនៀង ប្រភព៖ netsecurity