ទៀត​ហើយ! ផ្សារ​កអណ្តើក​ត្រូវ​ភ្លើង​ឆេះ​ស្ទើរ​គ្មាន​សល់

  • 2014-11-26 13:24:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​វេលា​ម៉ោង​ប្រហែល​១ យប់​មិញ​នេះ អគ្គីភ័យ​បាន​លេប​ត្របាក់​ផ្សារ​កអណ្តើក​ស្ទើរ​ទាំង​មូល និង​រីក​រាលដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត​នៅ​ក្បែរ​នោះ។ ហេតុការណ៍​នេះ បាន​កើត​ឡើង​នៅ​ភូមិ​ប្រាសាទ ឃុំ​ប្រាសាទ ស្រុក​កំពង់​ត្របែក ខេត្ត​ព្រៃវែង តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​១។

 

លោក​គង់ គឹមសួរ ដែល​ជា​ប្រជាពលរដ្ឋ​ម្នាក់​នៅ​កន្លែង​កើត​ហេតុ បាន​ឲ្យ​ដឹង​ថា ភ្លើង​ចាប់​ឆេះ​សន្ធោ​សន្ធៅ​នៅ​ម៉ោង​ប្រហែល​១ រំលង​អាធ្រាត្រ។ តូប​ស្ទើរ​ទាំង​អស់​នៅ​ក្នុង​ផ្សារ ត្រូវ​ភ្លើង​ឆេះ​រាប​ដល់​ដី ឯ​ផ្ទះ​ប៉ុន្មាន​ខ្នង​ទៀត​ក៏​ទទួល​រង​ការ​ខូច​ខាត​ដែរ។ "ភ្លើង​ហ្នឹង​ឆេះ​ខ្លាំង​ប្រហែល​ជា​ម៉ោង​១..... តួប​ក្នុង​ផ្សារ​ឆេះ​ខ្ទេច​អស់​ហើយ សល់​តែ​កន្លែង​លក់​ត្រី​តូចៗ.... ហើយ​ផ្ទះ​ក៏​ឆេះ​ដែរ តែ​មិន​ដឹង​ប៉ុន្មាន​ខ្នង ព្រោះ​មនុស្ស​រញ៉េរញ៉ៃ ហើយ​ផ្សែង​ខ្លាំង​ពេក​អត់​ហ៊ាន​ចូល​ទៅ​ជិត​ទេ"។ នេះ​បើ​តាម​លោក​គង់ គឹមសួរ ប្រាប់ Sabay កាល​ពី​មុន​នេះ​បន្តិច។

 

 

ទោះ​យ៉ាង​ណា នៅ​ម៉ោង​ជាង​៣ ភ្លើង​នោះ​ចាប់​រលត់​ទៅ​វិញ​បន្តិច​ម្ដងៗ ដោយ​សារ​មាន​ការ​អន្តរាគមន៍​ពី​រថយន្ត​ពន្លត់​អគ្គីភ័យ​ខេត្ត​ស្វាយរៀង ១​គ្រឿង និង​ក្រោយ​មក​បន្ថែម ៣​គ្រឿង​ទៀត ពី​ខេត្ត​ព្រៃវែង។ គេ​នៅ​មិន​ទាន់​ដឹង​ថា ការ​ខូច​ខាត​នោះ​មាន​ទំហំ​ប៉ុនណា​នៅ​ឡើយ​ទេ។

 

ផ្សារ​ករអណ្តើក គឺ​ជា​ទីប្រជុំជន​ដ៏​ធំ​មួយ​នៃ​ស្រុក​កំពង់​ត្របែក ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​១ ដែល​មាន​ចម្ងាយ​ប្រមាណ​ជាង ៩០​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ៕   https://www.youtube.com/watch?v=jU40A9hXwgo&feature=youtu.be   https://www.youtube.com/watch?v=eT_Zpyhb_GU&feature=youtu.be   https://www.youtube.com/watch?v=Hu_lj85xpUM&feature=youtu.be   រាយការណ៍៖ គង់​ វិសាល  

អត្ថបទថ្មី