បាក់ខែងកន្លែងហួសពីការកម្សាន្ត និងញ៉ាំអាហារ
- 2014-11-28 15:43:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បាក់ខែងកន្លែងហួសពីការកម្សាន្ត និងញ៉ាំអាហារ
ចន្លោះមិនឃើញ
ផ្លូវ ជាតិលេខ៦A ចុះពីស្ពានជ្រោយចង្វា ឆ្ពោះទៅបាក់ខែងតែងមមាញឹកស្ទើររាល់ថ្ងៃ ប៉ុន្តែចុងសប្ដាហ៍ ឬថ្ងៃសម្រាកហាក់ប្លែកបន្តិច ត្រង់មនុស្សម្នាជាច្រើន ជាពិសេសយុវវ័យតែម្ដងដឹកគ្នាជាគូៗតម្រង់ទៅបាក់ខែងនោះ ដើម្បីអង្គុយទទួលទានអាហារក្នុងកញ្ចុះ ដែលសង់តាមបណ្ដោយដងទន្លេមេគង្គ។
តើមានអ្វីពិសេសនៅបាក់ខែងទៅហ្ន? ចុងសប្ដាហ៍នេះ Sabay សូមនាំមិត្តយុវវ័យ ដែលមិនធ្លាប់បានឮ ឬធ្លាប់បានទៅកន្លែង Hangout ដ៏ពេញនិយមមួយនេះ បានស្គាល់កន្លែងនេះបន្ថែម។
បាក់ខែង មានចម្ងាយប្រមាណជា៥ ឬ៦គីឡូម៉ែត្រពីស្ពានជ្រោយចង្វា។ ប្រជាជនដែលមានដីតាមបណ្ដោយមាត់ទន្លេមេគង្គលើ បានសង់កញ្ចុះ បើកជាភោជនីយដ្ឋាននានាក្បែរមាត់ទន្លេនោះ។ មនុស្សម្នាជាច្រើននិយមទៅទទួលទានអាហារនៅទីនោះណាស់ មិនថាថ្ងៃចុងសប្ដាហ៍នោះទេ។
យុវតីដួង ដានី ដែលនិយមចូលចិត្តទៅទីនោះយូរៗម្ដងតែពីរនាក់សង្សារ ឲ្យដឹងថា នៅទីនោះធ្វើឲ្យគេស្រឡះមុខស្រឡះមាត់ ពីព្រោះភោជនីយដ្ឋានសង់នៅជាប់មាត់ទន្លេ ទទួលខ្យល់បរិសុទ្ធពីទន្លេបានល្អ។ កញ្ញាថា នៅភ្នំពេញរាល់ថ្ងៃមានភាពស្អុះស្អាប់ណាស់ មិនសូវមានកន្លែងដកដង្ហើមបរិសុទ្ធបែបនេះទេ ដូច្នេះទីនោះជាកន្លែងដ៏ល្អសម្រាប់កញ្ញាចង់ទៅកម្សាន្ត។
ទន្ទឹមនឹងនោះ សង្សាររបស់ដានី យុវជន រិទ្ធ រដ្ឋាយល់ថា ទីនោះជាកន្លែងរ៉ូមែនទិកសម្រាប់គូស្នេហ៍សាងអនុស្សាវរីយរួមគ្នា ស្វែងយល់ចិត្តគ្នាទៅវិញ។
ប៉ុន្តែយុវជនរតនៈ ដែលនិយមមកទីនោះដែរមានហេតុផលផ្សេងទៅវិញ។ រតនៈថា គេអាចមកញ៉ាំអាហារដ៏សម្បូរបែប និងណាត់ជួបមិត្តភ័ក្ដិទាំងក្រុមតូច និងក្រុមធំបានយ៉ាងងាយស្រួល។ ចំណែកមិត្តភ័ក្ដិរបស់គេក៏ចូលចិត្តការណាត់ជួបនៅទីនោះដែរ។
យុវជន សម្បត្តិឯណេះវិញយល់ថា បាក់ខែងបែរជាកន្លែងជួបមិត្តភ័ក្ដិសម្រាប់លេងបៀកម្សាន្តទៅ វិញ ដោយមិនខ្វល់អ្វីឡើយ បើទោះបីនៅកន្លែងនោះ មានមនុស្សជាច្រើនទៅកម្សាន្តពុំសូវដាច់ក្ដី។
ចុះយុវវ័យផ្សេងវិញធ្លាប់ទៅកម្សាន្តទៅបាក់ខែងបំណងអ្វីដែរ?
អត្ថបទ៖ មាស រ័ត្ន
រូបថត៖ ទូរសព្ទដៃ