កក្រើកបណ្តាញផ្សព្វផ្សាយធំៗរឿងស្រ្តីខ្មែរស្លាប់នៅកូរ៉េខាងត្បូង
- 2014-11-28 17:35:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កក្រើកបណ្តាញផ្សព្វផ្សាយធំៗរឿងស្រ្តីខ្មែរស្លាប់នៅកូរ៉េខាងត្បូង
ចន្លោះមិនឃើញ
ករណីស្រ្តីខ្មែរ ដែលត្រូវបានបុរសជាប្តីជនជាតិកូរ៉េខាងត្បូង ប្រើល្បិចឲ្យលេបថ្នាំងងុយគេងរួច បើកឡានទៅបំបុកឡានដឹកទំនិញទម្ងន់៨តោនបណ្តាលឲ្យប្រពន្ធស្លាប់ ដើម្បីទទួលលុយធនារ៉ាប់រងជិត ៩ លានដុល្លារ បាននាំឲ្យមានការភ្ញាក់ផ្អើលពីសាធារណៈជន ពិសេសបណ្តាញផ្សព្វផ្សាយធំៗ នៅកូរ៉េខាងត្បូង។
ករណីនេះបានកើតឡើងកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៤ កន្លងមកនេះ។ ប៉ូលីសកូរ៉េខាងត្បូងបានបើកការស៊ើបអង្កេតរកឃើញករណីខាងលើថ្មីៗនេះ បន្ទាប់ពីបុរសជាប្តីបានដាក់ពាក្យយកប្រាក់ធនារ៉ាប់រងដែលមានប្រមាណ ៩ លានដុល្លារ។ ស្រ្តីរងគ្រោះមានឈ្មោះ អ៊ី ស៊ីឡែន មានស្រុកកំណើតភូមិក្តល់លើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានរៀបការជាមួយបុរសជនជាតិកូរ៉េ កាលពីឆ្នាំ២០០៨ មានកូនស្រីមួយអាយុ៥ ឆ្នាំ និងមានកូនក្នុងផ្ទៃ៧ ខែ។ នៅថ្ងៃកើតហេតុកូនស្រីអាយុ៥ ឆ្នាំមិនស្ថិតក្នុងហេតុការណ៍នោះទេ។
ក្រសួងការបរទេសកម្ពុជា ព្រមទាំងស្ថានទូតខ្មែរប្រចាំនៅស្ថានទូតកូរ៉េខាងត្បូង កាលពីម្សិលមិញបានបញ្ជាក់ ជុំវិញករណីឃាតកម្មខាងលើ។ ជាងនេះទៀតស្ថានទូតខ្មែរប្រចាំនៅកូរ៉េខាងត្បូងបានចេញទិដ្ឋាការ (Visa ) ដោយមិនគិតថ្លៃដល់ភ្នាក់ងារទូរទស្សន៏ SBS TV ដើម្បីចុះទៅថតនិងធ្វើព័ត៌មាន អំពីករណីប្តីកូរ៉េ បានសម្លាប់ប្រពន្ឋជាជនជាតិខ្មែរនេះដែរ។
ជុំវិញករណីជនសង្ស័យជាប្តី ធ្លាប់បានរៀបការជាមួយនឹងស្រ្តីកូរ៉េ មានកូនស្រីអាយុ១៦ ឆ្នាំម្នាក់បន្ទាប់មកធ្លាប់រៀបការជាមួយនឹងស្រ្តីជនជាតិចិន និងឆ្នាំ២០០៨ បានរៀបការជាមួយនឹងស្រ្តីខ្មែរជាជនរងគ្រោះ។
ក្រសួងការបរទេសកម្ពុជា បានណែនាំស្ថានទូតកម្ពុជានៅកូរ៉េខាងត្បូង ប្តឹងទាមទារសំណងជំងឺចិត្តជូនគ្រួសារសព និងសំណងសម្រាប់ចិញ្ចឹមកូនស្រី ដែលនៅរស់រានមានជីវិត។ ចំពោះករណីខាងលើនេះ លោកជំទាវប្រធានាធិបតី នៃសាធារណៈរដ្ឋកូរ៉េ មានការចាប់អារម្មណ៍យ៉ាងខ្លាំង៕
អត្ថបទ៖មៃ សុខលីម