ភាព​មិន​ប្រក្រតី​ ​ពេល​ប្រលង​បាក់​ឌុប​លើក​ទី​១​ ត្រូវ​បាន​​លាត​ត្រដាង​ដោយ ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ

  • 2014-09-27 00:06:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​ការ​​ប្រលង​​សញ្ញាបត្រ​មធ្យម​​សិក្សាទុតិយភូមិ ​(បាក់​ឌុប)​ ឆ្នាំ​នេះ​​ត្រូវ​បាន​កត់​សំគាល់​ ពី​មជ្ឈដ្ឋាន​នានា​ថា​ មាន​​​ភាព​ល្អ​ប្រសើរ​យ៉ាង​​ណា។ ប៉ុន្តែ​​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​​​​ ​​ពេល​​ប្រលង​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយលាត​ត្រដាង​​​ ក្នុង​​របាយការណ៍​របស់​ខ្លួន​​​ចំនួន​ ៩​ ទំព័រ ដែល​​​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​នេះ​។

 

ភាព​មិន​ប្រក្រតី​ទាំង​នោះ​​មាន​ ការ​លួច​ធ្វើ​អាជីវកម្ម​ថត​ចម្លង​ចំនួន​តួច​ ពិសេស​​នៅ​​ម៉ោង​ ៤ និង​៥ ទៀប​ភ្លឺ​ បេក្ខជន​ចូល​មណ្ឌល​ប្រលង​មុន​ម៉ោង​កំណត់​​ធ្វើ​ឲ្យ​ឆក​ល្វែង​ ក្នុង​ការ​ឆែក​ឆេរ​ ច្រក​ទ្វា​បើក​ធំ បេក្ខជន​ប្រមូល​ផ្តុំ​គ្នា​ សម្រុក​ចូល​ ក្នុង​មណ្ឌល​ប្រលង​ ធ្វើ​ឲ្យ​ការ​​ឆែក​​ឆេរ​មិន​បាន​ល្អិត​ល្អន់​ មណ្ឌល​ប្រលង​ខ្លះ​គ្មាន​អនុរក្ស​ស្រី​ សម្រាប់​ឆែក​​ឆេរ​បេក្ខនារី​ ការ​​ឆែក​​ឆេរ​នៅ​មណ្ឌល​​ខ្លះ​​មិន​បាន​ម៉ត់​ចត់​។ ចំណែក​ពេល​រសៀល​មិន​សូវ​មាន​​ការ​ឆែក​​ឆេរ​តឹង​រឹង​។ អប្បមាទ​ ប្រធាន​មណ្ឌល​ អនុ​ប្រធាន​មណ្ឌល​ និង​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​ តាម​អគារ​មួយ​ចំនួន​​មិន​សកម្ម​ ច្រើន​អង្គុយ​តែ​មួយ​កន្លែង​ មិន​ឧស្សាហ៍​ត្រួត​ពិនិត្យ​ នៅ​ក្នុង​មណ្ឌល​ប្រលង​ខ្លះ​មាន​លក់​ដូរ​នំ​ចំណី​ និង​ទឹក​។ អនុរក្ស​​នៅ​តាម​មណ្ឌល​​ខ្លះ​ មាន​ទូរសព្ទ​ មិន​សូវ​សកម្ម​ គ្មាន​​ការ​រាំង​ស្កាត់​កុំ​ឲ្យ​បេក្ខជន​មិន​ឲ្យ​ចម្លង​គ្នា ហើយ​មណ្ឌល​ប្រលង​មួយ​ចំនួន​រៀប​តុ​ឲ្យ​បេក្ខជន​​អង្គុយ​ជិត​ៗ គ្នា​ បេក្ខជន​​មាន​ប្រ៊ីយ៉ុង​ចូល និង​យក​ទូរសព្ទ​ចួល​បាន​(តែ​មិន​អាច​យក​មក​ប្រើ​បាន​)។ បន្ទប់​ប្រលង​ខ្លះ​មាន​ពន្លឺ​មិន​គ្រប់​គ្រាន់​ បន្ទប់​ប្រលង​ខ្លះ​មាន​​ធូលី​​​ដីហុយ​ចូល​ និង​មាន​​សម្លេង​រំខាន​ពី​ខាង​​ក្រៅ​ និង​តុ​ប្រលង​តូច​ទាប​​ទាល់​ចង្អៀត​​ទាល់​ជើង​។

 

មណ្ឌល​ប្រលង​ខ្លះ​ខ្វះ​សន្លឹក​កិច្ចការ​បេក្ខជន​ និង​សន្លឹក​ប្រធាន​វិញ្ញាសា​ប្រលង មាន​​ការ​កំណត់​មិន​ច្បាស់​លាស់​នូវ​សន្លឹក​កិច្ច​ការ​ ដែល​​ត្រូវ​ផ្តល់​ឲ្យ​បេក្ខជន​​សរសេរ​ចម្លើយ​។ នៅ​តាម​​មណ្ឌល​ប្រលង​មួយ​ចំនួន​​មាន​អាកប្បកិរិយា និង​ពោល​ពាក្យ​មិន​សមរម្យ​ ព្រម​​ទាំង​បង្ក​​​ការ​លំបាក​ដល់​អ្នក​សង្កេត​ការណ៍​​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​ដូច​ជា​មាន​ប័ណ្ណ​សម្គាល់​ខ្លួន​ហើយ​ទាមទារ​លិខិត​ឧទ្ទេស​នាម​ទៀត​ និង​កំណត់​តំបន់​សង្កេត​ការណ៍​ជា​ដើម​។ ដោយ​ឡែក​​អ្នក​សង្កេតការណ៍​ស្ម័គ្រ​ចិត្ត​មួយ​ចំនួន​​តូច​​បាន​មក​ដល់​មណ្ឌល​​ប្រលង​យឺត​យ៉ាវ​ ​ប្រមូល​ផ្តុំ​គ្នា​ជជែក​ភ្លេច​ការងារ​ ចូល​ចាប់​ព្រីយ៉ុង​ ក្នុង​បន្ទប់​ប្រលង​ ដោយ​ខ្លួន​ឯង​​ផ្ទាល់​​(ជា​គោល​ការណ៍​ត្រូវ​រាយ​ការណ៍​ជូន​អនុរក្ស​)​​។

 

ទាក់​ទង​​របាយការណ៍​ខាង​លើ​ លោក​ រស់​ សាលីន​ អ្នក​នាំ​ពាក្យ​​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​​បាន​ឲ្យ​ដឹង​ថា​ ​ភាព​អសកម្ម​​​​​​​តិចតួច​តែង​កើត​មាន​​​ជៀស​មិន​ផុត​ទេ​។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​ក្រសួង​អប់រំ​ តែង​ចាត់​​វិធាន​ការ​ទប់​ស្កាត់​​ភ្លាម​​ៗ។ តួយ៉ាង​ដូច​នៅ​ខេត្ត​តាកែវ​ ដែល​​​មាន​ពាក្យ​ចចាមអារ៉ាម​​​បែក​ធ្លាយ​វិញ្ញាសា​ ការ​ចាប់​​ខ្លួន​បេក្ខជន​ប្រលង​ជំនួស​​​បាន​​​នៅ​តាម​មណ្ឌល​មួយ​ចំនួន​ ព្រម​ទាំង​ចាត់​ការ​ចំពោះ​បេក្ខជន​ ​​យក​ទូរសព្ទ​ចូល​ជា​​ដើម​​ គឺ​យើង​​សហការណ៍​​ ជាមួយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយផ្ទាល់​តែ​ម្តង​។

 

ទោះ​យ៉ាង​ណា​ ក្នុង​របាយការណ៍​ បាន​ធ្វើ​ការ​​សន្និដ្ឋាន​ថា​ ​ការ​ប្រលង​សញ្ញាបត្រ​មធ្យម​​សិក្សាទុតិយភូមិ​(បាក់​ឌុប) ឆ្នាំ​២០១៣-២០១៤ សម័យ​ប្រលង​ ៤ សីហា ឆ្នាំ​២០១៤ ​បាន​ដំណើរ​ការ​ទៅ​​ដោយ​រលូន​ និង​មាន​​តម្លាភាព​ យុត្តិធម៌​​ត្រឹម​ត្រូវ​ ស្រប​តាម​ពាក្យ​ស្លោក​ អ្នកចេះ​ គឺ​ជាប់​របស់​សម្តេច​ ហ៊ុន​ សែន​ និង​រដ្ឋមន្រ្តី​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​​បាន​បំផុស​​ឡើង។

 

ការ​​សង្កេត​ការណ៍​របស់​​ អ ប ព និង​អ្នក​ស្ម័គ្រ​ចិត្ត​​មិន​​គ្រាន់​តែ​ចូល​រួម​ចំណែក​បង្ការ​ ទប់​ស្កាត់​ភាព​​មិន​ប្រក្រតី​មួយ​​នានា​​ប៉ុណ្ណោះ​ទេ​ គឺ​បាន​ទាំង​ជួយ​ពង្រឹង​​នូវ​ការ​ប្រើ​ប្រាស់​សិទ្ធិ​អំណាច​ ក្នុង​ការ​បំពេញ​​តួនាទី​របស់​​មេប្រយោគ​​គ្រប់​​រូប​ ព្រម​​ទាំង​ ព្រម​ទាំង​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ជាតិ​ និង​អន្តរជាតិ​ មាន​ជំនឿ​​ពិត​ប្រាកដ​​លើ​ដំណើរ​ការ​ និង​លទ្ធផល​ប្រលង​​។​

​​​

មាន​បេក្ខជន​ប្រមាណ​​ ២៥,៧២%​ ប៉ុណ្ណោះ​បាន​ប្រលង​ជាប់​​​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​(បាក់​ឌុប) ​ ក្នុង​នោះ​មាន​​បេក្ខជន​ជាប់​និទ្ទេស​ A ចំនួន​ ១១ នាក់​។ ចំពោះការ​​ប្រលង​លើក​ទី២ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០១៤៕

 

អានអត្ថបទ៖ស្ប៉ត​​​​កន្លះ​នាទី​​បាចសាច​​​ទេសចរណ៍​ខ្មែរ​​​ទៅ​ពិភពលោក​តាម CNN ​​ចំណាយ​​​ជិត​លាន​​ដុល្លារ ចុចត្រង់​នេះ

 

អត្ថបទ​៖មៃ សុខលីម