គេ​ថា​យុវវ័យ​ខ្មែរ​កាន់​តែ​ស្រវឹង​ទៅ​ៗ?

  • 2014-09-27 17:14:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​អ្នក​យល់​យ៉ាង​ណា​ចំពោះ​​យុវវ័យ​សេព​គ្រឿង​ស្រវឹង​នៅ​កម្ពុជា? សំណួរ​នេះ មាន​មតិ​មួយ​ចំនួន​បាន​លើក​ឡើង​ថា យុវវ័យ​បច្ចុប្បន្ន​កំពុង​លង់លក់​នៅ​ក្នុង​គ្រឿង​ស្រវឹង​​ ដែល​បង្កើត​ឲ្យ​មាន​អំពើ​ហិង្សា​ផ្សេងៗ ក៏​ប៉ុន្តែ មួយ​ចំនួន​បាន​ច្រាន​ចោល​ចំពោះ​ការ​លើក​ឡើង​ខាង​លើ​នេះ។

 

ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​បណ្ដាញ​សារព័ត៌មាន​បាន​រាយការណ៍​អំពី​យុវវ័យ​សេព​គ្រឿង​ស្រវឹង​ជោកជាំ​​​ហើយ​បណ្ដាល​ឲ្យ​កើត​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍ និង អំពើ​ហិង្សា​​នានា ដូចជា វាយតប់​គ្នា​នៅ​ក្នុង​ពិធី​រាំរែក (ក្រុម​បង​តូច-ក្រុម​បង​ធំ) និង អំពើ​ហិង្សា​ក្នុង​គ្រួសារ​ជាដើម។

 

សូមចុចអាន៖ អីចឹង​តើ​បាន​​​ទាំង​ប្រុស​ទាំង​ស្រី​កើត​ស្រែង​កន្លែង​សម្ងាត់

 

 

លោកស្រី​ គាង​ ហ៊ុច ​គ្រូបង្រៀន​ភាសា​ចិន​នៅ​សាលា​ឯកជន​មួយ​លើក​ឡើង​ថា យុវជន​ខ្មែរ​ចាប់​ផ្ដើម​និយម​សុរា និង ​គ្រឿងស្រវឹង​ដទៃ​ទៀត​ច្រើន​ឡើង​ៗ​ពី​​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។

 

“ពីមុន គេ​ឃើញ​តែ​ប្រុស​ដែល​មាន​វ័យ​ច្រើន មាន​ប្រពន្ធ​មាន​កូន មាន​ភាព​ស្មុគស្មាញ រឺ ហត់នឿយ​ការ​រក​ស៊ី​​មុខ​របរ​អី​​គេ​នាំ​គ្នា​ផឹក តែ​ឥឡូវ​​ក្មេងៗ​សិស្សសាលា​មិន​ទាន់​ចេះ​រកលុយ​ក៏​ចេះ​ញៀន​ស្រា​ ក្មេង​កំលោះ​ៗ​អត់​មាន​ប្រពន្ធ​ក៏​ផឹក​គ្រប់​កន្លែង ផឹក​សេរី​តាម​ផ្លូវ​។ ឥឡូវ​ដល់​ស្រី​ទៀត​ស្រីៗ​ក៏​ផឹក​ដែរ ខ្លះ​ស្រវឹង​អត់​ដឹង​អី​យប់​កណ្ដាល​អាធ្រាត្រ​ស្រែក​ឈ្លោះ​គ្នា​ឡូឡា​ពេញ​ផ្លូវ"។ លោកស្រី​​បន្ទោស​ថា ភាព​សេរី​​ និង ​​ការ​ផ្សព្វផ្សាយ​​ដោយ​ចំហ​​ពី​​គ្រឿង​​ស្រវឹង​​តាម​​កញ្ចក់​​ទូរទស្សន៍ តាម​ការ​ប្រគំ​តន្ត្រី​នានា​ ជា​កត្តា​លើក​ទឹក​ចិត្ត​ដ៏​សំខាន់​ចំពោះ​យុវវ័យ​អោយ​សាកល្បង​គ្រឿងស្រវឹង​។

 

ក៏ប៉ុន្តែ​យុវជន​ ហួត ស៊ីថុល​ បាន​បដិសេធ​ចំពោះ​ការ​លើក​ឡើង​ខាងលើ។ គេ​បាន​អះអាង​ថា គ្រឿងស្រវឹង​មិនមែន​ជា​ដើម​ហេតុ​នៃ​អំពើ​ហិង្សា​​គ្រោះថ្នាក់​ចរាចរណ៍ រឺ អសីលធម៌​នានា​ទេ​​អាស្រ័យ លើ​ចរិត​មនុស្ស។

 

“គេ​គួរ​ចែក​ការ​សេព​គ្រឿងស្រវឹង​ជា​ពីរ​ផ្នែក​មុន ​និង ​និយាយ​ដាក់​បន្ទុក។ តាមពិត​វា​ជា​ភេសជ្ជៈ​ដែល​ពិភពលោក​គេ​អនុញ្ញាត​​អោយ​​ហូប​​ស្រប​ច្បាប់។ សំខាន់​នៅ​ស្រុក​ណា​​ក៏​​ដោយ លើ​​អាយុ ​១៨ ឆ្នាំ​ គេ​​អាច​​ផឹក​​ហើយ​។​ តែវា​មាន​កម្រិត​របស់​វា​ក្នុង​ការ​ផឹក។ បើ​គ្រាន់តែ​គេ​ឃើញ​ផឹក​មួយ​កែវ​ពីរ​តាម​ផ្លូវ​បន្ទាប់​ពី​ធ្វើការ​ហត់ មានអី​ត្រូវ​រិះគន់​ទៅ​​កុំ​តែ​ផឹក​ព្រឹក​ទល់​ល្ងាច ច័ន្ទ ដល់ ​អាទិត្យ​អាហ្នឹង​បាន​មាន​បញ្ហា។​ ពិសេស​អ្នក​ផឹក​ត្រូវ​ដឹង​ដែរ​​ខ្លួន​ទៅ​រួច​ប៉ុណ្ណា ផឹក​ហ្នឹង​ទៅ​ផ្ទះ​រួច​អត់ ផឹក​ហ្នឹង​ក្រោក​ទៅ​ធ្វើ​ការ​រួច​អត់។ ចំណែក​និយាយ​ថា យុវជន​មិនបាន​មាន​ប្រពន្ធ​​កូន​ស្មុគស្មាញ​អី​ហ្នឹង គាត់​និយាយ​ពី​ជំនាន់​គាត់​ភ្លេច​ថា​ជំនាន់​នេះ​យុវជន​គេ​មា​ន​សកម្មភាព​សំខាន់​ច្រើន​ណាស់​ក្នុង​សង្គម គេ​ទទួលបន្ទុក​រក​ប្រាក់​ជួយ​គ្រួសារ​ជាច្រើន​មិនមែន​ដូច​ពី​សង្គម​ចាស់​ទៀត​ទេ។ មួយទៀត​រឿង​វាយ​ហិង្សា​អី​ហ្នឹង​​ខ្ញុំ​គិត​ថា​ មនុស្ស​ហ្នឹង​វា​មនុស្ស​ហិង្សា​ហ្មង គឺ​មនុស្ស​ហ្នឹង​មាន​ចេតនា​ចង់​ធ្វើ​អញ្ចឹង តែ​វា​យក​ស្រា​ធ្វើ​លេស​ទេ​។”

 

យ៉ាងណាមិញ ​កញ្ញា ស្រីមុំ ​ម្ចាស់ហាង​សាច់​ក្លែម​​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ បាន​បញ្ចេញ​ទស្សនៈ​ដែរ​ថា ហាង​នាង​បើក​លក់​ជាង​ ១០ ឆ្នាំ​ ហើយ មិនដែល​មាន​បញ្ហា​អ្វី​កើត​ឡើង​ទេ។ នាង​ទទួល​ស្គាល់​ថា​ មាន​យុវវ័យ​កាន់​តែ​ច្រើន​ដែល​ចេះ​ហូប​ស្រា​។

 

“តែ​គាត់​មក​ហូប​ច្រើន​ហូប​ប៊ីយ៊ែ ហើយ​មិន​ហូប​ដល់​ស្រវឹង​ខ្លាំង​ទេពូ គឺ​ហូប​ល្មមៗ ម្នាក់​ពីរ​បី​ដប​​អី​ហ្នឹង​​​ ហើយ​ច្រើន​តែ​​ថ្ងៃ​​ពួក​គាត់​​បើក​ប្រាក់​ខែ គឺ​ខ្ញុំ​​លក់​ដាច់ ។”

 

ចុះ​អ្នក​អាន​ហូប​គ្រឿង​ស្រវឹង​ដែរ? ​ចាប់​អារម្មណ៍​យ៉ាងណា​ដែរ​​ចំពោះ​​មតិយោបល់​​ទាំង​អស់​​ខាង​លើ?

 

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

 

 

 

អត្ថបទពេញនិយម