​​ប្រធាន​សហព័ន្ធ​​ប្រដាល់​ថា វង្ស ណយ រមិល​គុណ រី​ឯគ្រូ​បង្វឹក​សុំ​យក​តែ​រួច​ខ្លួន​

  • 2014-09-29 14:30:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ​កូន​នាគ​​ វង្ស​ ណយ​ លេខ​មុខ​លើ​បដា​ផ្សព្វផ្សាយ​របស់​កម្មវិធី​ប្រដាល់ Max Muay Thai នៅ​ប្រទេស​ថៃ ប៉ុន្តែ​ដំណឹង​នេះ​ទាំង​គ្រូ​បង្វឹក​របស់​វង្ស ណយ និង​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​សុទ្ធ​តែ​មិន​ទទួល​ខុស​ត្រូវ។

 

លោក​ ឈិត​ សារឹម​ ដែល​ជា​គ្រូ​បង្វឹក​នៅ​ក្លិប​កងពល​ធំ​អន្តរាគមន៍​លេខ​៣១​បាន​លើក​ឡើង​ថា៖ «អត់​បាន​ដឹង​ពី​រឿង​នេះ​ទេ​ ខ្ញុំ​អត់​ទទួល​ខុស​ត្រូវ​ទេ​ ហើយ​ខ្ញុំ​នឹង​រាយការណ៍​ជូន​ទៅ​សហព័ន្ធ​ ដើម្បី​កុំ​ឲ្យ​មាន​ការ​ស្ដី​បន្ទោស​ ឬ​ទម្លាក់​កំហុស​លើ​ខ្ញុំ»។

 

លោក​គ្រូ​បន្ត​ថា​ ​វង្ស​ ណយ​ នា​ពេល​នេះ​អត់​ស្ដាប់​បង្គាប់​ទេ​ ហើយ​ធ្វើ​ឫក​ធ្វើ​ពារ​សំបើម​ណាស់​ ទាម​ទារ​តម្លៃ​ខ្លួន​ខ្ពស់​ហួស​ហេតុ។ លោក​បញ្ជាក់​ថា​ នេះ​ជា​រឿង​បុគ្គល​ ដូច្នេះ​បុគ្គល​ជា​អ្នក​ទទួល​ខុស​ត្រូវ​ដោយ​ផ្ទាល់។

 

ស្រដៀង​គ្នា​នេះ​ដែរ​ លោក​ តែម​ ម៉ឺន​ ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​បាន​បញ្ជាក់​ដែរ​ថា​ កីឡាករ​ វង្ស ណយ​ មិន​បាន​មាន​ផ្ដល់​ដំណឹង​អី​មក​សហព័ន្ធ​ទេ​ ហើយ​កំពុង​ឲ្យ​ក្រុម​ការងារ​ពិនិត្យ​មើល​ព័ត៌មាន​ និង​រៀប​ចំ​ឯកសារ​ ដើម្បី​ទុក​សម្រេច​យ៉ាងណា​ ជាមួយ​ស្ថាប័ន​ពាក់​ព័ន្ធ​នៅ​ពេល​ក្រោយ។

 

លោក​សង្កត់​ធ្ងន់​ថា ៖ «ក្មេង​ហ្នឹង​ខ្ញុំ​ជួយ​បណ្ដុះ​ និង​ជ្រោមជ្រែង​តាំង​ពី​តូច​ តាំង​ពី​មិន​ទាន់​ចេះ​វ៉ៃ​ ប៉ុន្តែ​ដល់​ឥឡូវ​គេ​ចេះ​ច្រើន​ គេ​ស្គាល់​ច្រើន​ បែរ​ជា​មាន​បាតុភាព​ផ្សេងៗ​ទៅ​វិញ​ និយាយ​ឲ្យ​សាមញ្ញ​ទៅ​គឺ​រមិល​គុណ»។

 

ប្រធាន​សហព័ន្ធ​ខាង​លើ​បន្ថែម​ថា​ បើ​ទោះ​បី​ជា​ចេញ​ទៅ​លក្ខណៈ​បុគ្គល​ក៏​ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​សហព័ន្ធ​ដែរ​ លុះ​ត្រា​តែ​ទៅ​ធ្វើ​អ្វី​ផ្សេង​ក្រៅ​ពី​ប្រដាល់​ ទើប​មិន​បាច់​សុំ​សហព័ន្ធ។

 

ដោយ​ឡែក​ ខាង​សាមី​ខ្លួន​កីឡាករ​ វង្ស​ ណយ​ មិន​អាច​ធ្វើ​ការ​ទាក់​ទង​ដើម្បី​ធ្វើ​ការ​បំភ្លឺ​ជុំវិញ​ការ​លើក​ឡើង​ខាង​លើ​នេះ​នោះ​ទេ​ ពីព្រោះ​ទូរស័ព្ទ​មិន​អាច​ទាក់​ទង​បាន។

 

នៅ​លើ​គេហទំព័រ​របស់​ថៃ​មួយ​បាន​បង្ហាញ​ពី​កីឡាករ​ជា​ច្រើន​រូប​ ដែល​នឹង​ត្រូវ​ប្រកួត​ក្នុង​កម្មវិធី​Max Muay Thai នៅ​ផាត់តាយ៉ា​ ប្រទេស​ថៃ​ នា​ថ្ងៃ​ទី​០៥​ ខែ​តុលា​ ឆ្នាំ​២០១៤​ ហើយ​ក្នុង​នោះ​ក៏​មាន​កីឡាករ​ វង្ស ណយ​ ម្នាក់​ដែរ​ដែល​នឹង​ត្រូវ​ចូល​រួម​ប្រកួត​ ខណៈ​ដែល​រូប​គេ​ធ្លាប់​បាន​ប្រកាស​ថា​លា​ឈប់​ពី​វិស័យ​កីឡា​ប្រដាល់​ទៅ​ហើយ​នោះ។

 

កន្លង​មក​ក៏​មាន​កីឡាករ​ប្រដាល់​មួយ​ចំនួន​ បាន​ចេញ​ទៅ​ប្រកួត​ដោយ​ពុំ​មាន​ផ្ដល់​ដំណឹង​ ឬ​ទទួល​បាន​ការ​អនុញ្ញាត​ពី​សហព័ន្ធ​ដែរ​ ប៉ុន្តែ​ក្រោយ​ទទួល​ការ​អប់រំ​ ណែនាំ​រួច​មក​ ពួក​គេ​បាន​គោរព​តាម​ច្បាប់​ទម្លាប់​របស់​សហព័ន្ធ​ឡើង​វិញ៕

 

 

អត្ថបទ៖ អៀង សូទ្រី