ត្រៀមខ្លួនចូលរួមមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី ៥ហើយឬនៅ?
- 2014-12-03 19:10:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រៀមខ្លួនចូលរួមមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី ៥ហើយឬនៅ?
ចន្លោះមិនឃើញ
ចាប់ពីថ្ងៃទី ០៥ ដល់១០ ធ្នូខាងមុខ មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី ៥ នឹងចាប់ផ្ដើមបើកដំណើរការឲ្យសាធារណជនបានចូលរួមទស្សនាដោយសេរីនូវភាពយន្តល្អៗរបស់កម្ពុជា និងភាពយន្តអន្តរជាតិផ្សេងទៀត។
គោលបំណងនៃព្រឹត្តិការណ៍វិស័យសោតទស្សន៍ធំបំផុតប្រចាំឆ្នាំនេះគឺដើម្បីផ្លាស់ប្ដូរវប្បធម៌រវាងប្រទេសដែលចូលរួម បទពិសោធន៍ និងគំនិតថ្មីៗក្នុងចំណោមអ្នកជំនាញភាពយន្ត និងយុវជនសម័យថ្មី។
ភាពយន្តខ្មែរ ៤ រឿងដែលត្រូវបានសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់នឹងត្រូវដាក់បញ្ចាំងជាពិសេសឲ្យមហាជនបានទស្សនា។ ភាពយន្តទាំងនោះរួមមានរឿង "ដុំហ្វីលចុងក្រោយ" “The Gate” “កុំស្មានបងភ្លេច ខ្មែរបាត់បង់តន្ត្រីរ៉ក់" និងរឿង "Down This Road”។ ក្រៅពីនេះ មានភាពយន្តខ្មែរ និងភាពយន្តបរទេសជាច្រើនផ្សេងទៀតក៏នឹងត្រូវដាក់បញ្ចាំងនាឱកាសនោះដែរ។
បើតាមសម្ដីលេខាទីពីរ របស់ស្ថានទូតនៃសាធារណរដ្ឋកូរ៉េប្រចាំប្រទេសកម្ពុជា លោកស្រី KIM Hye-won នាពិធីពិសាភោជនាហារ និងសំណេះសំណាលជាមួយអ្នកសារព័ត៌មាននៅភោជនីយដ្ឋាន "Le Seoul” ម្សិលមិញថា ស្ថានទូតសាធារណរដ្ឋកូរ៉េនឹងរៀបចំកម្មវិធីពិសេសសម្រាប់ចូលរួមកម្មវិធីភាពយន្តដ៏ធំប្រចាំឆ្នាំមួយនេះ។ លោកស្រីថា ភាពយន្ត ៥ រឿងនឹងត្រូវបានដាក់បង្ហាញរួមមានរឿង "មនុស្សចចក" “សត្វកំណាច" “គ្រួសារវិលវិញ" “ដោះលែងខ្ញុំទៅ" និង "របាំងមុខ"។ ក្រៅពីការចាក់បញ្ចាំងរឿងទាំង ៥ រឿងនេះ ស្ថានទូតក៏មានរៀបចំពិព័រណ៍រូបថតដើម្បីធ្វើឲ្យកម្មវិធីកាន់តែចាប់អារម្មណ៍មួយកម្រិតទៀត។
ភាពយន្តដែលចូលរួមដាក់បង្ហាញក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី ៥នឹងត្រូវដាក់បញ្ចាំងតាមរោងភាពយន្តធំៗមួយចំនួនដូចជា រោងភាពយន្ត Major Cineplex, Platinum Cineplex (ផ្សារសូរិយា), Legend (ផ្សារទំនើបស៊ីធីម៉ល), វិទ្យាស្ថានបារាំង មជ្ឈមណ្ឌលបុប្ផាណា និងនៅមជ្ឈមណ្ឌលទីក្រុងកោះពេជ្រ។
មហោស្រពភាពយន្តអន្តរជាតិកម្ពុជាត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលបុប្ផាណា និងគណៈកម្មការភាពយន្តកម្ពុជាតាំងពីឆ្នាំ ២០១០មកនៅរៀងរាល់ដើមខែធ្នូ។ កម្មវិធីដ៏មហោឡារិកនេះទទួលបានការឧបត្ថម្ភពីក្រុមហ៊ុន Sabay និងក្រុមហ៊ុនជាច្រើនទៀត។ កុំភ្លេចចូលរួមទស្សនាឲ្យបានកុះករណា!
អត្ថបទ៖ សីហា