ការពិតអីចឹងសោះ បានម៉ូតូជិះចេះតែឆាប់អស់សាំង!
- 2014-12-04 15:45:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការពិតអីចឹងសោះ បានម៉ូតូជិះចេះតែឆាប់អស់សាំង!
ចន្លោះមិនឃើញ
ម៉ូតូជាមធ្យោបាយដ៏ចាំបាច់ សម្រាប់ពលរដ្ឋក្នុងការជិះធ្វើដំណើរជារៀងរាល់ថ្ងៃ។ ប៉ុន្តែការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ ជាហេតុធ្វើឲ្យពួកគេម្នាក់ៗដែលជាអ្នកប្រើប្រាស់ តែងតែខ្វល់ខ្វាយជាខ្លាំងពីការចំណាយខ្ពស់លើការប្រើប្រាស់ថាមពល។
ជួប Sabay លោក ឯល សុខា ប្រធានផ្នែកបច្ចេកទេសរបស់ក្រុមហ៊ុន Suzuki បានបង្ហាញពីគន្លឹះមួយចំនួន ដើម្បីសន្សំសំចៃលើការប្រើប្រាស់ថាមពល សម្រាប់ប្រិយមិត្តស្វែងយល់។
លោកឯល សុខា បានបង្ហើបប្រាប់ថា ក្រៅពីប្រព័ន្ធបច្ចេកទេសរបស់ម៉ូតូ មានចំណុចគន្លឹះមួយចំនួនទៀត ដែលអ្នកប្រើប្រាស់ម៉ូតូគួរសិក្សាស្វែងយល់ ដើម្បីជួយសន្សំសំចៃលើការប្រើប្រាស់ថាមពលឲ្យបានកម្រិតអតិបរមា។ អ្នកប្រើប្រាស់ត្រូវអនុវត្តវិធីពីរយ៉ាងគឺការថែទាំ និងវិធីក្នុងការជិះឲ្យបានត្រឹមត្រូវ។ តើត្រូវមានការថែទាំនិងវិធីជិះយ៉ាងណាខ្លះ?
វិធីថែទាំ៖
ការពិនិត្យជាទៀងទាត់លើការប្រើប្រាស់ប្រេងម៉ាស៊ីន៖ ប្រសិនកម្រិតប្រេងម៉ាស៊ីនប្រើលើសឬមិនគ្រប់ចំណុះកំណត់ អាចធ្វើឲ្យប៉ះពាល់ដល់គ្រឿងម៉ាស៊ីន ដែលធ្វើឲ្យម៉ាស៊ីនរត់មិនបានស្រួលនិងនាំឲ្យស៊ីសាំង។ អ្នកប្រើប្រាស់ត្រូវយកចិត្តទុកដាក់ និងត្រួតពិនិត្យប្រេងឲ្យបានទៀងទាត់។ តាមការកំណត់ ១.០០០ គីឡូម៉ែត្រ ត្រូវតែផ្លាស់ប្តូរប្រេងម្តង។
ការត្រួតពិនិត្យសម្ពាធខ្យល់ក្នុងកង់៖ ចំណុចនេះក៏ត្រូវមានការប្រុងប្រយ័ត្នខ្ពស់នោះដែរ។ ជាធម្មតាកាលណាសម្ពាធខ្យល់កង់ធូរពេក ធ្វើឲ្យម៉ាស៊ីនប្រឹងអូសនិងត្រូវប្រើកម្លាំងខ្លាំងជាមូលហេតុដ៏ចម្បងមួយធ្វើឲ្យម៉ូតូឆាប់ស៊ីសាំង។
ត្រួតពិនិត្យច្រវាក់ម៉ូតូ និងផ្សេងៗទៀតជាប្រចាំថ្ងៃ៖ ត្រូវមើលថាតើច្រវាក់ម៉ូតូហ្នឹងរឹតតឹងពេក ឬក៏រលុងពេក ធ្វើយ៉ាងណាឲ្យសមស្របដើម្បីកុំឲ្យប៉ះពាល់ដល់ដំណើរការម៉ាស៊ីន។
ក្រៅពីវិធីថែទាំ លោកក៏បានលើកឡើងពីការជិះមិនបានត្រឹមត្រូវក៏ជាមូលហេតុធ្វើឲ្យម៉ូតូឆាប់ស៊ីសាំង។
លោកថា យោងតាមបទពិសោធន៍ការជិះដែលប្រើប្រាស់ថាមពលអស់តិច គឺត្រូវជិះក្នុងល្បឿនថេរពី ៣០ ទៅ ៤០ គីឡូម៉ែត្រក្នុងមួយម៉ោង។ កាលណាជិះល្បឿនកាន់តែខ្លាំង ការស៊ីសាំងក៏កាន់តែច្រើន។ សម្រាប់ល្បឿន ៣០ ទៅ ៤០ គីឡូម៉ែត្រនៅក្នុងទីក្រុង សមស្របសម្រាប់ការជិះធ្វើដំណើរ។
ជៀសវាងការចាប់ហ្រ្វាំងខ្លាំងពេក និងមូលហ្គែរបង្ខំ៖ កាលណាចាប់ហ្វ្រាំងខ្លាំងនិងបង្ខំ ធ្វើឲ្យអស់ល្បឿន ហើយនៅពេលត្រូវការសាងលេខឡើងវិញត្រូវការមូលហ្គែរខ្លាំង ដែលនេះធ្វើឲ្យការចំណាយសាំងកាន់តែខ្ពស់។
ការបញ្ចូលលេខត្រូវឲ្យសមស្របជាមួយល្បឿន៖ ការបញ្ចូលលេខត្រូវប្រើប្រាស់ឲ្យបានសមស្រប ជាមួយល្បឿន ដោយមិនត្រូវបញ្ចូលលេខភ្លាមៗ ដោយត្រូវរត់ដេប៉ាក្នុងរយៈចម្ងាយសមស្របទើបត្រូវបញ្ចូលលេខតាមលំដាប់លំដោយ ដើម្បីកុំឲ្យម៉ាស៊ីនរត់ខ្លាំងនាំឲ្យស៊ីសាំង។ ចំណុចមួយទៀតការជៀសវាងបញ្ឆេះម៉ាស៊ីន និងមូលហ្គែរចោល ជាពិសេសនៅពេលឈប់សំចតឬនៅកន្លែងស្តុបដែលអាចនាំឲ្យស៊ីសាំង។
ក្រៅពីនេះកត្តាការដឹកលើសទម្ងន់ ក៏ជាមូលហេតុធ្វើឲ្យម៉ូតូឆាប់ស៊ីសាំង ដោយសារការដឹកធ្ងន់ធ្វើឲ្យម៉ាស៊ីនប្រឹងអូសទាញ ដែលចុងក្រោយក្រៅពីធ្វើឲ្យឆាប់ខូចម៉ាស៊ីន និងនាំឲ្យស៊ីសាំង។
លោកថា ចំណុចខាងលើនេះ ជាគន្លឹះខ្លះៗសម្រាប់កាត់បន្ថយការប្រើប្រាស់សាំង ហើយដែលប្រិយមិត្តដែលអ្នកប្រើប្រាស់ម៉ូតូជាមធ្យោបាយអាចយកទៅអនុវត្ត ដើម្បីកាត់បន្ថយការចំណាយបានមួយចំណែកលើការប្រើប្រាស់ប្រេងឥន្ធនៈ។
អាន៖ មនុស្សយន្តសម័យឥឡូវអាចបោកនិងបត់ខោអាវបានទៀត!
អាន៖ ធ្វើស្រោមទូរសព្ទ iPhone 6 ដោយខ្លួនឯងចំណាយតែ២០០រៀលទេ
អាន៖ Vespa ម៉ូតូល្បីទសវត្សរ៍ឆ្នាំ៧០ បច្ចុប្បន្នទាំងខ្មែរ និងបរទេសនៅតែនិយមចូលចិត្តជិះ
អត្ថបទ៖ ប៊ុណ្ណារ៉ា