កក្រើក​មួយ​​រាត្រី​ សមាជិក​​គ្រួសារ​ជន​សង្ស័យ​១៤​នាក់​​ត្រូវ​​ឃាត់​​ខ្លួន​

  • 2014-12-04 17:58:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ឧកញ៉ា ​ថោង សារ៉ាត់ សម្ងំ​នៅ​ភ្នំពេញ​នៅ​ឡើយ, ឆែក​ផ្ទះ​រក​ឃើញ​​អាវុធ​៨ដើម, សមត្ថកិច្ច​ត្រៀម​ធ្វើ​សន្និសីទ​សារព័ត៌មាន,  ឧត្ដមសេនីយ៍​ល្បីៗ​បដិសេធ​មិន​អត្ថាធិប្បាយ, ឪពុកម្ដាយ​ថា​កូនប្រុស​រត់​គេច​សិន​ ឯ​គាត់​មិន​ទៅ​ណា​ទាំង​អស់, ពលរដ្ឋ​សាទរ​ប្រតិបត្តិការ​របស់​ប៉ូលិស​

 

ករណី​ឧកញ៉ា ​ថោង ​សារ៉ាត់​ ក្លាយ​ជា​ព្រឹត្តិការណ៍​រសើប​ថ្មី​មួយ ហើយ​ការ​ព័ទ្ធ​ឃាត់​ខ្លួន​ឪពុកម្ដាយ​ឧកញ៉ា​រូប​នេះ​កាល​ពី​រាត្រី​ថ្ងៃ​ពុធ​ម្សិលមិញ បាន​ក្លាយ​ជា​ប្រធានបទ​ជជែក​ថ្មី​ល្បី​ពេញប្រទេស។

 

 

 

សមត្ថកិច្ច​ត្រៀម​ធ្វើ​សន្និសីទ​សារព័ត៌មាន ឧត្ដមសេនីយ៍​ល្បីៗ​បដិសេធ​មិន​អត្ថាធិប្បាយ​

 

អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ ឧត្ដមសេនីយ៍​ គៀត ច័ន្ទថារិទ្ធ ប្រាប់​ Sabay នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា សមត្ថកិច្ច​កំពុង​ប្រមូល​ឯកសារ​ឲ្យ​បាន​គ្រប់គ្រាន់ រួច​ហើយ​នឹង​ធ្វើសន្និសីទ​កាសែត។ «ការ​តាម​ប្រមាញ់​ចាប់​ខ្លួន​លោក​ឧកញ៉ា ថោង សារ៉ាត់ កំពុង​ប្រព្រឹត្តិ​ទៅ​ ប៉ុន្តែ​សមត្ថកិច្ច​នៅ​មិន​ទាន់​ដឹង​ពី​ថា​ឧកញ៉ា​រូប​នេះ​នៅ​ទីណា​នៅ​ឡើយ។ ខ្ញុំ​សុំ​មិន​ទាន់​ផ្ដល់​ព័ត៌មាន​លម្អិត​ទេ សុំ​រង់ចាំ​ធ្វើ​សន្និសីទ​កាសែត​តែ​ម្តង​ទៅ​ប្អូន!»។

 

​ជាមួយគ្នា​នោះ​ឧត្ដមសេនីយ៍ឯក ម៉ក់ ជីតូ ប្រធាន​នាយកដ្ឋាន​កណ្ដាល​យុត្តិធម៌​នៃ​ក្រសួង​មហាផ្ទៃ​ដែល​មាន​បទពិសោធន៍​ចាស់ទុំ​លើ​សំណុំ​រឿង​ធំៗ​ជាច្រើន​បាន​ប្រាប់ ​Sabay នៅម៉ោង៩ព្រឹកនេះ ​ថា​​ លោក​មិន​បាន​លូក​ដៃ​ក្នុង​សំណុំ​រឿង​នេះ​ទេ​ ហើយ​ថា​ លោក​មិនទាន់​មាន​យោបល់​ជា​ឯកជន ឬ​​​ទស្សនៈ​ណា​មួយ​លើ​ការ​វិវឌ្ឍ​ថ្មី​នេះ​នៅ​ឡើយ។ «យើង​ជូន​ទៅ​ខាង​ក្រុង​ឲ្យ​គាត់​ធ្វើការ​នៅ​ឡើយ​ប្អូន!​»

 

ឆែកឆេរ​រកឃើញអាវុធ៨ដើម

 

គេហទំព័រ​សាលា​រាជធានី​អះអាង​ថា សមត្ថកិច្ច​រក​ឃើញ​អាវុធ​៣​ដើម​នៅ​ផ្ទះ​ឧកញ៉ា ថោង សារ៉ាត់ ​នៅ​សង្កាត់​ចាក់អង្រែក្រោម ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ​ក្នុង​​​ប្រតិបត្តិការ​ឆែកឆេរ​​​ម៉ោង ២២ និង​៤០​នាទី​យប់​ថ្ងៃ​ពុធ​ម្សិលមិញ ​ដែល​នាំ​ទៅ​ដល់​ការ​ចាប់​ឃាត់​ខ្លួន​អង្គរក្ស​៤នាក់ និង​ឪពុកម្ដាយ​ឧកញ៉ា ថោង សារ៉ាត់ ព្រម​ទាំង​សមាជិក​គ្រួសារ​ដទៃ​ទៀត​សរុប​១៤នាក់។

អាវុធ៣​​ដើម​ផ្សេង​ទៀត​​បាន​រុករក​ឃើញ​នៅ​គេហដ្ឋាន​ទី​ពីរ​របស់​គ្រួសារ​នេះ​ ហើយ​២​ដើម​ចុងក្រោយ​រក​ឃើញ​​ក្នុង​រថយន្ត​ ​ធ្វើ​ឲ្យ​ចំនួន​អាវុធ​សរុប​ឡើង​ដល់​៨ដើម។​

«យើង​ឃាត់​ខ្លួន​ឪពុកម្ដាយ​គាត់​ពី​បទ​សមគំនិត​លាក់​បាំង​ឃាតក ​និង​អ្នក​ពាក់ព័ន្ធ​» ឧត្តមសេនីយ៍​ គៀត ​ច័ន្ទថារិទ្ធ បន្ថែម​។

 

ប្រភព​សង្ស័យ ថា​ឧកញ៉ា ​ថោង សារ៉ាត់ សម្ងំ​នៅ​ភ្នំពេញ​នៅ​ឡើយ​

 

ប្រភព​មិន​ផ្លូវការ​ពី​ក្រសួង​មហាផ្ទៃ​ប្រាប់ Sabay នៅ​មុន​នេះ​បន្តិច​ថា ជនសង្ស័យ​គឺ​លោក​ឧកញ៉ា ថោង ​សារ៉ាត់​ ទំនង​ជា​ត្រូវ​បាន​ឃាត់​ខ្លួន​ម្ដង​រួច​មក​ហើយ​ដំណាល​ជាមួយ​ក្រុម​អង្គរក្ស​របស់​លោក ប៉ុន្តែ​ត្រូវ​ដោះលែង​វិញ​ដោយសារ​ថា​សមត្ថកិច្ច​មិន​ទាន់​មាន​ភស្តុតាង​គ្រប់គ្រាន់។

 

មន្ត្រី​ប៉ូលិស​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំពេញ​ម្នាក់ទៀត​ក៏​ បញ្ចេញ​យោបល់​ផ្ទាល់​មក​កាន់ ​Sabay​ នៅ​ព្រឹក​នេះ​ ថា​ករណី​គេច​ខ្លួន​របស់​ឧកញ៉ា​ ថោង​ សារ៉ាត់​ ទំនង​ជា​ពិបាក​ចាក​ចេញ​ផុត​ពី​ប្រទេស​ណាស់​ ព្រោះ​ថា​ចាប់​តាំង​ពី​ជនរងគ្រោះ​ត្រូវ​បាន​សម្លាប់​ភ្លាមៗ​ប៉ូលិស​មាន​តម្រុយ​ជាច្រើន​ទៅ​ហើយ​ គ្រាន់តែ​​មិន​អាច​បញ្ចេញ​ឲ្យ​សាធារណជន​ដឹង។ «បើ​គាត់​ទៅ​តាម​ច្រក​របៀង​ ប្រហែល​ជា​អាច​ថា​ទៅរួច​ អញ្ចឹង​បើ​ថា​វៀតណាម ថៃ​អី​ប្រហែល​​ជា​អាច​តែ​ខ្ញុំ​យល់​ថា គាត់​ទៅ​ណា​មិន​ទាន់​ឆ្ងាយ​ទេ! អាច​នៅ​ភ្នំពេញ​នេះ!»

 

ប្រភព​​មួយ​ផ្សេង​ប្រាប់ Sabay ថា ការ​ចាប់​ខ្លួន​ឧកញ៉ា​ ថោង ​សារ៉ាត់ ត្រូវ​គេ​រំពឹង​ថា​នឹង​បាន​សម្រេច​ក្នុង​២៤​ម៉ោង​ថ្ងៃ​ព្រហស្បតិ៍​នេះ​។ «ប៉ូលិស​កំពុង​ប្រតិបត្តិការ​! ​អាច​និយាយ​ថា គេ​មាន​ទីកន្លែង​និង​តម្រុយ​​ហើយ!»​

ឪពុកម្ដាយ​ថា​កូន​ប្រុស​រត់គេច​សិន​ ឯ​គាត់​មិន​ទៅ​ណា​ទាំងអស់

 

នៅ​មុន​ពេល​ដែល​ឪពុកម្ដាយ​ក្រុម​គ្រួសារ​ឧកញ៉ា​ ថោង ​សារ៉ាត់ ១៤​នាក់​សរុប​ទាំង​ឈ្នួល​បម្រើ​សុទ្ធ​តែ​ត្រូវ​បាន​ឃាត់​ខ្លួន​សាកសួរ​នៅ​ស្នងការ​ អ្នក​ស្រី​ កែវ សារី​ ដែល​អះអាង​ថា​ត្រូវ​ជា​ម្តាយ​ និង​ លោក​ ថោង ចំរើន​ ត្រូវ​ជា​ឪពុក​ ​បាន​ចេញ​មុខ​មក​ការពារ​ជំនួស​កូន​ដោយ​ប្រើ​សន្និសីទ​សារព័ត៌មាន​មួយ​​កាលពី​រសៀល​ម្សិលមិញ​។

 

អ្នក​ទាំង​ពីរ​​លើក​ឡើង​ថា ការ​ចាប់​ខ្លួន​អង្គរក្ស​របស់​គ្រួសារ​នេះ​គឺ​មិន​ត្រឹមត្រូវ​ទៅ​តាម​នីតិវិធី​ដោយ​មិន​មាន​ដីកា​បង្គាប់​ពី​តុលាការ ហើយ​ថា​សកម្មភាព​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ដំណំ​ដល់​កិត្តិយស និង​មុខរបរ​គ្រួសារ​។ «ការ​រកស៊ី​របស់ខ្ញុំ​គឺ​មិន​ដែល​មាន​ទំនាក់​ទំនង​អី​នឹង​ឧកញ៉ា អ៊ឹង ម៉េងជឺ ទាល់​តែ​សោះ ហេតុអ្វី​នគរបាល​ចាប់​អង្គរក្ស និង​ឧកញ៉ា ថោង សារ៉ាត់? យើង​ខ្ញុំ​នឹង​ប្តឹង​លោក​ស្នងការ​ ជួន សុវណ្ណ ទៅ​តុលាការ​ទាំង​៣​ថ្នាក់ ទៅ​ក្រសួង​មហាផ្ទៃ  ព្រឹទ្ធសភា រដ្ឋសភា និង​ខុទ្ទកាល័យ​សម្ដេច​នាយក​រដ្ឋមន្ត្រី»។

 

គាត់​ថា​កូនប្រុស​របស់​គាត់​បាន​គេច​ខ្លួន​មួយ​រយៈ​ដើម្បី​ការពារ​សន្តិសុខ​ផ្ទាល់​ខ្លួន ហើយ​ថា​បើ​តុលាការ​កោះ​អញ្ជើញ​ស្រប​​ទៅ​តាម​នីតិវិធី​ច្បាប់ កូន​ប្រុស​របស់​គាត់​នឹង​បង្ហាញ​ខ្លួន ដោយ​​មាន​​មេធាវី​ទៅជាមួយ។ ប៉ុន្តែ​ព័ត៌មាន​ចុងក្រោយ​ដែល Sabay បានទទួលនៅម៉ោង៩និង៤០នាទី​ព្រឹក​នេះ គឺ​គ្រួសារ​ឧកញ៉ា ថោង សារ៉ាត់ ១៤នាក់​រួម​ទាំង​ឈ្នួល​បម្រើ​ផង​ ​ត្រូវ​បាន​ឃាត់ខ្លួន​សាកសួរ​នៅ​ស្នងការ​មិនទាន់​ចេញរួច​នៅ​ឡើយ។

 

កាលពីយប់មិញ​លោក​ អ៊ិន បូរ៉ា​ ប្រធាន​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហា​ផ្ទៃ ​ត្រូវ​បាន​ស្រង់​​សម្ដី​ដោយ VOA មក​ថា ​សមត្ថកិច្ច​បាន​​រក​ឃើញ​ចម្លើយ​វិជ្ជមាន​មួយ​ចំនួន​​នៅ​ក្នុង​ការ​សាកសួរ​​ជន​សង្ស័យ។ លោក​ថា​ ពិតជា​មាន​ការ​​​​សារភាព​ពី​ករណី​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​បាញ់​សម្លាប់​លោក​ឧកញ៉ា​ អ៊ឹង ម៉េងជឺ ហើយ​ថា​ការ​​សាក​សួរ​កំពុង​បន្ត​ប្រព្រឹត្ត​ទៅ។

 

ទិដ្ឋភាព​ច្បាប់

 

ក្រមព្រហ្មទណ្ឌ​ថ្មី​របស់​ប្រទេស​កម្ពុជា​ បាន​កំណត់​​បទ​ឃាតកម្ម​គិតទុក​ជា​មុន​ថា​​ជា​បទឧក្រិដ្ឋ​ដែល​​​អាច​​​ផ្ដន្ទាទោស​​​ដាក់​ពន្ធនាគារ​លើស​ពី​៥ឆ្នាំ ឬ​ដាក់​ពន្ធនាគារ​​​​​អស់​មួយ​​ជីវិត។

 

ត្រូវ​ចាត់​ទុក​ជា​អ្នក​ផ្តើម​គំនិត​ក្នុង​បទ​ឧក្រិដ្ឋ​ ឬ​បទ​​មជ្ឈិម​ ចំពោះ​បុគ្គល​ណា​ដែល​ ១-ជំរុញ​​ឲ្យ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ ឬ​បទ​​មជ្ឈិម​​នោះ​ តាម​ការ​ណែនាំ​ ឬ​ ការ​បញ្ជា​។ ២-បង្ក​ឲ្យ​មាន​បទ​ឧក្រិដ្ឋ​ ឬ​ បទ​មជ្ឈិម​​​នោះ​ ដោយ​ផ្តល់​អំណោយ ដោយ​ការ​សន្យា ឬ​ ការ​គំរាម​កំហែង​ ការ​ញុះញង់​ ការ​លួង​លោម​ ឬ​ក៏ដោយ​​ការ​រំលោភ​អាជ្ញា​ ឬ​អំណាច​​របស់​ខ្លួន។ អ្នក​ផ្ដើម​​គំនិត​​នឹង​អាច​ត្រូវ​ផ្ដន្ទាទោស​បាន​​​លុះ​ត្រា​តែ​​បទ​ឧក្រិដ្ឋ​ ឬ​បទ​មជ្ឈិម​ត្រូវ​បាន​​សម្រេច​ ឬ​បាន​​ប៉ុន​ប៉ង​។

ត្រូវ​ចាត់​ទុក​​ជា​អ្នក​សម​គំនិត​​ក្នុង​បទ​​ឧក្រិដ្ឋ​ ឬ​​បទ​មជ្ឈិម​ ចំពោះ​បុគ្គល​​ណា​​ដែល​ជួយ​​សម្រួល​ដោយ​ចេតនា​​ដល់​ការ​ប៉ុន​ប៉ង​ ឬ​ការ​សម្រេច​បទ​ឧក្រិដ្ឋ​ ឬ​បទ​​មជ្ឈិម​​នោះ​ដោយ​ផ្តល់​ជំនួយ​ ឬ​ការ​ឧបត្ថម្ភ​របស់​ខ្លួន។ អ្នក​សម​គំនិត​​នឹង​អាច​ត្រូវ​ផ្ដន្ទាទោស​​​បាន​​លុះ​ត្រា​​តែ​បទ​ឧក្រិដ្ឋ​ ឬ​បទ​​មជ្ឈិម​​​ត្រូវ​បាន​​សម្រេច​ ឬ​បាន​ប៉ុន​ប៉ង​។ អ្នក​​សម​គំនិត​នៃ​បទ​​ឧក្រិដ្ឋ​ ឬ​បទ​​មជ្ឈិម​​ ត្រូវ​​ផ្ដន្ទាទោស​​ដូច​គ្នា​នឹង​ចារី​ដែរ។ ​

ទំនាស់​​ក្ដី​ក្ដាំង​​ទាក់ទង​នឹង​ឧកញ៉ា​ អ៊ឹង ម៉េងជឺ​

ឧកញ៉ា អ៊ឹង ម៉េងជឺ ត្រូវ​បាន​គេ​ដឹង​ថា មុន​ពេល​ត្រូវ​បាញ់​ស្លាប់​លោក​បាន​ទទួល​​​ដីកា​កោះ​ហៅ​ឲ្យ​ចូល​​បំភ្លឺ​លើ​សំណុំ​រឿង​​ក្តី​ព្រហ្ម​ទណ្ឌ​ថ្ងៃទី៨ ខែ​ធ្នូ សប្ដាហ៍​ក្រោយ​​នេះ​ដែល​ដើម​បណ្តឹង​ក៏​ជា​ឧកញ៉ា​ម្នាក់​ដែរ។ នេះ​ជា​សំណុំ​រឿង​ទំនាស់​ដី​ធ្លី​ប្រមាណ ១០ ហិចតា​ នៅ​តំបន់​បឹង​បាយ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ក្នុង​​តម្លៃ​រាប់​រយ​លាន​ដុល្លារ​អាមេរិក។

 

ជនរងគ្រោះ​ក៏​មាន​ពាក់ព័ន្ធ​នឹង​បណ្តឹង​ច្បាប់​មួយ​ចំនួន​ទៀត​ដែរ។ នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន ក្រុម​គ្រួសារ​ជនរងគ្រោះ​ត្រូវ​បាន​គេ​បរិយាយ​​ពី​ការ​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ដោយ​ហេតុផល​​សុវត្ថិភាព​។

 

ពលរដ្ឋ​សាទរ​ប្រតិបត្តិការ​របស់​ប៉ូលិស​ហើយ​បន្ត​​តាមដាន​ដោយ​ចិត្ត​ទុកដាក់

 

បណ្ដាញ​សង្គម​​នៅ​ព្រឹក​នេះ​​បង្ហាញ​ជំហរ​យកចិត្តទុកដាក់​ថែម​ឡើង​របស់​ពលរដ្ឋ​ទៅលើ​ប្រតិបត្តិការ​ថ្មី​របស់​ប៉ូលិស​លើ​សំណុំ​​រឿង​ធ្វើ​ឃាត​កណ្តាល​ក្រុង​ភ្នំពេញ​នេះ​។

«ខ្ញុំ​យល់​ថា​​ប៉ូលិស​ខ្មែរ​​មាន​ជំនាញ​ជាង​មុន ហើយ​ខ្ញុំ​ជឿ​​ថា​​គេ​មាន​ភស្តុតាង​ក្នុង​ដៃ​ច្រើន​ហើយ​​បាន​​ជា​​ហ៊ាន​ប្រាប់​យើង​ថា​​អ្នក​ណា ព្រោះ​​​ខាង​ជន​សង្ស័យ​ក៏​មិន​មែន​តូច​ដែរ ។ ​យើង​ចាំ​មើល​​សិន​ទៅ!» សុខ ករុណា និស្សិត​​វ័យ​២៣​ឆ្នាំ ​ប្រាប់ Sabay។

«នេះ​ជា​សំណុំរឿង​ដែល​​ខ្ញុំ​យក​ចិត្ត​ទុកដាក់​បំផុត! ខ្ញុំ​សុំ​​តែ​យុត្តិធម៌! ហើយ​កុំ​ឲ្យ​មាន​ល្បិច​ស្វា​លាប​​មាត់​ពពែ!» អ៊ុំ​ សុភារិទ្ធ អាយុ​២៦ឆ្នំា។

«ខ្ញុំ​មិន​ទាន់​ជឿ​អ្វីៗ​​ទេ​រង់ចាំ​សាលក្រម​ និង​ការ​បញ្ជាក់​ពី​ឫសគល់​នៃ​ឃាតកម្ម​ ទើប​ខ្ញុំ​អស់ចិត្ត! គ្រប់យ៉ាង​គួរ​តែ​មានហេតុ​ និង​មាន​ផល​របស់​វា​» សេន ទីចិន្តា អាយុ​២៥ឆ្នាំ។

 

ស្នងការ​រង​បញ្ជាក់​ប្រាប់ ​Sabay

 

លោក ជួន ណារិន ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​គេហទំព័រ  Sabay នៅ​ម៉ោង​១០​ព្រឹក​នេះ​តាម​ទូរស័ព្ទ​ថា គ្រប់យ៉ាង​គឺ​ជា​កិច្ចការ​ជំនាញ ដូច្នេះ​សមត្ថកិច្ច​កំពុង​បំពេញ​ភារកិច្ច​ក្នុង​សិទ្ធិ​លាក់​ការណ៍​សិន​​។

 

«បញ្ចប់​ការងារ​សមត្ថកិច្ច​ នឹង​ឆ្លើយ​តប​គ្រប់​យ៉ាង​ប្អូន​​ខាង Sabay» លោក​ឆ្លើយតប​បែបនេះ នៅពេល​ Sabay បាន​ដាក់​ជា​សំណួរ​ថា ជាង ១០ ម៉ោង តាំង​ពី​យប់​ថ្ងៃទី ៣ ខែ ធ្នូ សមត្ថកិច្ច​បាន​ឡោមព័ទ្ធ​ផ្ទះ​របស់​លោក ឧកញ៉ា ថោង សារ៉ាត់ តើ​រហូត​មក​ទល់​នឹង​​ពេល​នេះ​មាន​តម្រុយ​អ្វីខ្លះ​ហើយ​ឬ​នៅ? ហើយ​មហាជន​ជាច្រើន​បាន​ដាក់​ចម្ងល់​ថា តើ​ជម្លោះ​រវាង​ឧកញ៉ា អ៊ឹង ម៉េងជឺ និង ឧកញ៉ា ថោង សារ៉ាត់ ធ្ងន់ធ្ងរ​កម្រិត​ណា បាន​ឈាន​ដល់​ការ​បាញ់​ប្រហារ​ឆៅៗ​នៅ​តាម​ដង​ផ្លូវ?

 

លោក​ឆ្លើយតប​ទៀត​ថា ចំពោះ​ការ​ឃាត់​ខ្លួន​ឪពុកម្ដាយ និង​សន្តិសុខ​នៅ​បុរី ៩៩៩ គឺ​​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​មែន ការ​ឃាត់​ខ្លួន​នេះ ដោយ​សារ​តែ​កាល​ពី​ម្សិលមិញ​សមត្ថកិច្ច​ឆែកឆេរ​បាន​រក​ឃើញ​កាំភ្លើង និង​ហៅ​សន្តិសុខ​​មក​សាកសួរ​ជុំវិញ​ករណី​នេះ ​បន្ទាប់ពី​ការ​សាកសួរ​ចប់ សមត្ថកិច្ច​នឹង​ដោះលែង​វិញ​ហើយ។

 

សារព័ត៌មាន​ក្នុង​ស្រុក​រាយការណ៍​ម្សិលមិញ​ដោយ​ស្រង់​សម្ដី​​ស្នង​ការ​រង​​រាជ​ធានី​ភ្នំ​ពេញ លោក​ ជួន ណារិន មក​ថា ឧកញ៉ា ថោង សារ៉ាត់ ប្រធាន​ក្រុម​ហ៊ុន​បូរី​៩៩៩ និង ជា​ថៅកែ​សាច់​ប៉ាតេ​មាន​ជ័យ​៩៩៩ ស្ថិត​នៅ​ពី​ក្រោយ​​ឃាតកម្ម​លើ​ឧកញ៉ា អ៊ឹង ម៉េងជឺ។ ​ប្រភព​ផ្សេង​ទៀត​អះអាង​ថា​​​ អង្គរក្ស​​ឧកញ៉ា ថោង សារ៉ាត់ ចំនួន ២​នាក់ ក្នុង​ចំណោម​៣នាក់​ដែល​ត្រូវ​បាន​ឃាត់​សាកសួរ​បាន​ផ្ដិត​មេដៃ​សារភាព៕

 

អត្ថបទ៖ Sabay

អត្ថបទថ្មី