ស្រីស្អាត​ចោល​ការងារ​នៅ​អាមេរិក មក​លេង​អាស៊ី​ធ្លាយ​ដល់​​កម្ពុជា

  • 2014-12-05 18:43:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​​ជា​ច្រើន​នៅ​អាមេរិក និង​អឺរ៉ុប ចាប់​ផ្ដើម​ងាក​មក​មើល​អាស៊ី​ជា​គោល​ដៅ​ទេសចរណ៍​អាទិភាព ដោយសារ​តំបន់​នេះ​ពោរពេញ​ទៅ​ដោយ​ភោគផល​ធម្មជាតិ និង​បុរាណ​វត្ថុ​នានា​​រាប់​មិន​អស់។ ក្នុង​ចំណោម​នោះ ដែន​ដី​សុវណ្ណភូមិ​កម្ពុជា​ដែល​មាន​អង្គរវត្ត ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក និង​ជា​ប្រាសាទ​ឧទ្ទិស​សាសនា​ធំ​ជាង​គេ ក៏​បាន​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ជា​ច្រើន​ផង​ដែរ។

 

នាង Jennifer Diamond និង​នាង Hilary Walke ពេល​កំពុង​ដើរ​លេង​នៅ​អង្គរវត្ត

 

កាល​ពី​ពេល​ថ្មី​ៗ​នេះ គេហទំព័រ Business Insider បាន​ចុះ​ផ្សាយ​ពី​ជីវិត​ផ្សង​ព្រេង​របស់​នារី​រូប​ស្រស់​ពីរ​នាក់ ដែល​លះបង់​ការងារ​នៅ​ក្រុង​ញូយ៉ក សហរដ្ឋអាមេរិក ដើម្បី​ចំណាយ​ពេល ៧​ខែ ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ប្រទេស​ជាច្រើន​ក្នុង​តំបន់​អាស៊ី ដែល​ក្នុង​នោះ​មាន​ទាំង​ប្រទេស​​កម្ពុជា​ផង។

 

នារីទាំងពីរនាក់ កំពុងទិញកាហ្វេនៅភ្នំពេញ

​​​

ការ​ពិត​ដំណើរ​កម្សាន្ត​របស់​ពួក​គេ​បាន​ចាប់​ផ្ដើម​តាំង​ពី​ខែ​កញ្ញា ឆ្នាំ​មុន ប៉ុន្តែ​ក្រោយ​ពេល​ពួក​គេ​ត្រលប់​ទៅ​ដល់​សហរដ្ឋអាមេរិក​វិញ ទើប​ផ្ញើ​រូប​ទាំង​អស់ និង​បទ​ពិសោធន៍​ដែល​ធ្លាប់​ជួប​ប្រទះ​ក្នុង​ប្រទេស​នានា​នៅ​តំបន់​អាស៊ី ឲ្យ​គេហទំព័រ​ដ៏​ធំ​នៅ​អាមេរិក​ធ្វើ​ការ​ចុះ​ផ្សាយ។

 

ដៃគូ​ដែល​រួម​ដំណើរ​ជាមួយ​គ្នា​ទាំង​ពីរ​នាក់​មាន​ នាង Jennifer Diamond និង​នាង Hilary Walke ដែល​មាន​វ័យ ២៦​ឆ្នាំ​ដូច​គ្នា។ ពួក​គេ​បាន​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ក្នុង​ប្រទេស​ចំនួន ១២​នៅ​អាស៊ី និង​រាប់​អាន​មិត្ត​ជា​ច្រើន បង្កើត​បាន​ជា​អនុស្សាវរីយ៍​ចង​ចាំ​មិន​ភ្លេច។

 

ពួក​គេ​បាន​ប្រាប់​ថា ដំណើរ​កម្សាន្ត​ធ្វើ​ទៅ​តាម​សាច់រឿង​ក្នុង​សៀវភៅ The Lost Girls ដែល​នារី​បី​នាក់​កំពុង​រស់នៅ​ក្រុង​ញូយ៉ក បាន​លា​ឈប់​ពី​ការងារ​ដើម្បី​ធ្វើ​ដំណើរ​ជុំ​វិញ​ពិភពលោក​រយៈពេល​មួយ​ឆ្នាំ។ បន្ទាប់​ពី​គិត​រួច ពួក​គេ​បាន​កក់​សំបុត្រ​យន្តហោះ​មក​ទីក្រុង​តូក្យូ​ដោយ​គ្មាន​ការ​ស្ទាក់​ស្ទើរ។

 

ស្នាម​ញញឹមកុមារ​កម្ពុជា ថត​ដោយ​អ្នកទេសចរ​ស្រី​ទាំងពីរ​នាក់

 

​នាង Hilary​ បាន​ប្រាប់ Business Insider "ដើម្បី​ត្រួស​ត្រាយ​ផ្លូវ​ធ្វើ​ដំណើរ យើង​មើល​ផែន​ទី... ហើយ​មើល​ប្រទេស​ដែល​យើង​ចង់​ទៅ... យើង​មិន​អាច​រៀប​គម្រោង​ដើរ​លេង ៧​ខែ ទុក​មុន​ទេ... ត្រូវ​បត់​បែន​តាម​កាលៈទេសៈ​ទើប​សប្បាយ"។

 

នាង Hilary បាន​បន្ត​ទៀត​ថា "យើង​​អង្គុយ​នៅ​ផ្ទះ​តូច​ជាប់​ឆ្នេរ​សមុទ្រ ជាមួយ​មិត្ត​ភក្តិ​ថ្មី​នៅ​ទីនោះ ហើយ​លេង​បៀរ ដេញ​ហ្គីតា ច្រៀង​ចម្រៀង សើច​ជាមួយ​គ្នា... អត់​បារម្ភ​យើង​នៅ​លើ​កោះ​ទេ។ យើង​ពិត​ជា​ចង់​រស់នៅ​បែប​នោះ​រហូត​ណាស់"។

 

ពួក​គេ​ទាំង​ពីរ​នាក់ បាន​ត្រលប់​ទៅ​ដល់​អាមេរិក​វិញ ដោយ​សុវត្ថិភាព និង​បន្សល់​ទុក​អនុស្សាវរីយ៍​ជា​ច្រើន​នៅ​លើ​ទឹក​ដី​អាស៊ី។ បន្ទាប់​ពី​ទៅ​ដល់​អាមេរិក​វិញ ពួក​គេ​បាន​ចែករំលែក​បទ​ពិសោធន៍ និង​រូប​ថត​ទាំង​អស់​នេះ ដល់​មនុស្ស​គ្រប់​គ្នា​តាម​គេហទំព័រ Business Insider៕ ​​

 

ខាង​ក្រោម​ជា​កម្រង​រូប​ភាព ដែល​ពួក​គេ​ថត​បាន​នៅ​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ី៖

 

 

 

 

 

 

 

ចុចអាន៖ ២៦​ឆ្នាំ ដើរ​លេង​បាន ២១៥​ប្រទេស ដោយ​ឡាន​កញ្ចាស់​មួយ

 

ប្រែ​សម្រួល៖ គង់ វិសាល

ប្រភព៖ Business Insider

អត្ថបទថ្មី