១០ចំណុច​បង្ហាញ​ថា​ Mac ខុស​ពី PC Windows

  • 2014-12-05 22:22:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​អ្នក​ប្រើ​ប្រាស់​មួយ​​ចំនួន​គិត​ថា​​កុំព្យូទ័រ​យួរ​ដៃ Mac ​មាន​សារប្រយោជន៍​យ៉ាង​ច្រើន​​និង​ស្អាត​ជាង PC ​​ប្រើ​​ Windows OS។ អ្នក​ខ្លះ​និយាយ​ថា Mac មាន​រាង​ស្ដើង​និង​ស្រាល​ ដែល​មើល​ទៅ​ពិត​ជា​គួរ​ឲ្យ​ស្រឡាញ់។​ ចំណែក​​ឯ​​អ្នក​ខ្លះ​ទៀត​យល់​ថា​​ PC Windows ងាយ​ស្រួល​ប្រើ​​និង​មាន​សារប្រយោជន៍​ច្រើន​ជាង​ Mac ព្រោះ​​អាច​ប្រើ​​កម្មវិធី​និង​​លេង​​ហ្គេម​​​ទំហំ​ធំ​បាន​ដោយ​មិន​មាន​បញ្ហា។ តាម​ពិត​ទៅ​ទាំង Mac ទាំង​ PC Windows សុទ្ធ​តែ​មាន​ចំណុច​ខ្លាំង​រៀង​ៗ​ខ្លួន។ អញ្ចឹង​តើ​ចំណុច​ខ្លាំង​និង​ចំណុច​ខ្សោយ​រវាង​កុំព្យូទ័រ​យួរ​ដៃ​​ទាំង​ពីរ​មាន​អ្វី​ខ្លះ?

 

១. Mac ​ល្បី​ឈ្មោះ​ខាង​ការ​​រចនា​​ផ្នែក​រូបរាង

 

 

​រាល់​ផលិតផល​របស់ Apple ជាពិសេស​ Mac ​តែង​តែ​ត្រូវ​ចំណាយ​ពេល​​យ៉ាង​យូរ​ដើម្បី​​ឲ្យ​​រូប​រាង​​របស់​វា​មើល​ទៅ​គួរ​ជា​ទី​ពេញ​ចិត្ត​​សម្រាប់​អ្នក​ប្រើ​ប្រាស់​។​ ​មិន​ត្រឹម​តែ​ការ​រចនា​ផ្នែក​ខាង​ក្រៅ​នោះ​ទេ​ដែល​ស្រស់​ស្អាត​ សូម្បី​តែ​ផ្នែក​ខាង​ក្នុង​របស់ Mac ក៏​ត្រូវ​បាន​រចនា​យ៉ាង​ល្អិត​ល្អន់​ផង​ដែរ​។ ហេតុ​ដូចនេះ​ហើយ​ទើប​ Mac ជា​ផលិត​ផល​មួយ​ជា​ទី​គាប់​ចិត្ត​សម្រាប់​មនុស្ស​មួយ​ចំនួន​ធំ​។

 

២. Mac មាន​តម្លៃ​ថ្លៃ​ជាង PC Windows​​​

 

 

​អ្នក​ណា​ក៏​ដឹង​ដែរ​ថា ​គ្រប់​កុំព្យូទ័រ​យួរ​ដៃ Mac តែង​តែ​មាន​គុណ​ភាព​ហើយ​តម្លៃ​ទៀត​សោត​ក៏​ថ្លៃ​ ដល់​ថ្នាក់​អ្នក​ខ្លះ​ញញើត​នឹង​ទិញ​ក៏​មាន​។ ដោយ​ឡែក​ PC Windows វិញ​​ត្បិត​ថា​​​មួយ​ចំនួន​ ​(ដូចជា Lenovo Yoga Pro 3ជា​ដើម​) មាន​តម្លៃ​ថ្លៃ​ដូច​ Mac ក៏​ពិត​មែន តែ​ក៏​នៅ​មាន​​ PC ខ្លះ​លក់​ក្នុង​តម្លៃ​ថោក​​ត្រឹម​ ២០០‍‍ ឬ ៣០០ ដុល្លារផង​ដែរ​។

 

៣. PC Windows ផ្ដល់​ភាព​ងាយ​ស្រួល​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​លេង​ហ្គេម​

 

 

​​ចំពោះ​អ្នក​ដែល​ចូល​ចិត្ត​លេង​ហ្គេម​ភាគ​ច្រើន​ចូល​ចិត្ត​​ប្រើ PC Windows ជា​ជាង Mac ដោយ​សារ PC Windows អាច​ដំឡើង​ហ្គេម​ទំហំ​ធំ​បាន​ ដោយ​គ្រាន់​តែ​បន្ថែម​ RAM ​​ឲ្យ​បាន​រាង​​ធំ​បន្តិច​ជា​ការ​ស្រេច។ ​​

 

៤. អ្នក​​ប្រើ​ Mac​ តែង​តែ​​ទទួល​បាន​ការ​បម្រើ​សេវាកម្ម​​​ប្រសើរ​ជាង​ PC Windows​​​​​

 

 

ជា​ទូទៅ​អ្នក​ដែល​ទិញ​កុំព្យូទ័រ Mac តែង​តែ​ទទួល​បាន​ License ដែល​ងាយ​ស្រួល​ពេល​ដែល​អ្នក​ចង់​ Update ដំឡើង Version ខណៈ​ដែល PC Windows គ្មាន​នោះ​ទេ (សម្រាប់​ប្រទេស​កម្ពុជា)​។ មួយ​វិញ​ទៀត​ Apple មាន​​កន្លែង​ផ្ដល់​សេវាកម្ម​ជួសជុល​​ (Apple Store) យ៉ាង​ច្រើន​ទូទាំង​ពិភពលោក។ ដូច្នេះ​ពេល​ដែល​​ Mac របស់​អ្នក​មាន​បញ្ហា​អ្វី​មួយ​អ្នក​អាច​យក​វា​ទៅ​ Apple Storeប្រចាំ​ការ​ណា​មួយ​នៅ​ក្បែរ​ខ្លួន​ដើម្បី​ទទួល​សេវាកម្ម​ជួសជុល។  ​​​​​

 

៥. Mac អាច​ទប់​ទល់​នឹង​ Malware ឬ​មេរោគ​កុំព្យូទ័រ​ (Virus) ផ្សេង​ៗ​

 

 

ក្រុមហ៊ុន​ផលិត​ Software កម្ចាត់​មេរោគ​ AVG ធ្លាប់​បាន​ឲ្យ​ដឹង​ថា​ Mac មាន​សុវត្ថិភាព​ជាង PC   Windows តែ​ក្រុមហ៊ុន​នេះ​​ក៏​បាន​​​និយាយ​ផ្ទុយ​មក​វិញ​ថា​ វា​នឹង​​មិន​ស្ថិតស្ថេរ​យូរ​អង្វែង​នោះ​ទេ ដែល​ថា​ Mac នឹង​មិន​ចេះ​ឆ្លង​មេរោគ​នោះ។ ជាក់ស្ដែង​​​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​តែង​តែ​មាន​ព័ត៌មាន​ចុះ​ផ្សាយ​ជា​ហូរហែ​ពី​ការ​វាយ​ប្រហារ​ទៅ​លើ​ Mac ពី​សំណាក់​ Hacker។ យ៉ាង​ណា​ក៏​ដោយ​ Apple និយាយ​ថា​ខ្លួន​បាន​បន្ថែម​ប្រភេទ Encryption និង​មុខងារ​ពិសេស​ៗ​ទៅ​លើ OS X Yosemite ដើម្បី​ផ្តល់​សុវត្ថិភាព​កាន់​តែ​ប្រសើរ​ចំពោះ Mac ។ ​​​​​​ ៦. Mac និង PC Windows មាន​សោភ័ណភាព​​ខុស​ៗ​គ្នា

 

 

ចំពោះ Windows 8.1 មាន​ Tiled Interface ដែល​អាច​ឲ្យ​អ្នក​រក​កម្មវិធី ​ព័ត៌មាន​ រូបភាព Contact ឬ​ចូល​ទៅ​កាន់ Windows Store បាន​យ៉ាង​រហ័ស តែ​សម្រាប់​អ្នក​ខ្លះ​​​​អាច​យល់​​ថា​ Tiled Interface បែប​នេះ ​​រញ៉េរញ៉ៃ​ទៅ​វិញ​។ ចំណែក​ឯ​ Mac OS X វិញ​ត្បិត​តែ​មិន​មាន​ Tiled Interface ដូច Windows ​8.1 តែ​វា​មាន​ DockBar នៅ​ (ផ្នែក​ខាង​ក្រោម​កុំព្យូទ័រ) និង TaskBar (នៅ​ផ្នែក​ខាង​លើ)​​ ដែល​ងាយ​ស្រួល​និង​រហ័ស​​ពេល​ចង់​បើក​កម្មវិធី​ ឬ​ចូល​ក្នុង​​ Settings ណា​មួយ។

 

៧. PC Windows មាន​ជម្រើស​សម្បូរ​បែប​​ជាង Mac

 

 

បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​​ធំ​ជា​ច្រើន​ដូចជា HP, Acer, Lenovo, Dell និង​ក្រុម​ហ៊ុន​ផលិត​កុំព្យូទ័រ​ផ្សេង​ៗ​ទៀត​ដែល​បាន​ផលិត PC Windows ជា​ច្រើន​ម៉ូដ​និង​ច្រើន​ជម្រើស​សម្រាប់​តម្រូវ​ចិត្ត​អ្នក​ប្រើ​ប្រាស់​ទាង​អស់។ ប៉ុន្តែ​ចំពោះ Mac វិញ​​បង្កើត​ឡើង​ដោយ Apple តែ​ឯង​ ដូច្នេះ​អាច​និយាយ​បាន​ថា​មិន​សូវ​ជា​មាន​ជម្រើស​ច្រើន​សម្រាប់​ឲ្យ​អ្នក​ប្រើ​ប្រាស់​ជ្រើស​រើស​ដូច PC Windows នោះ​ទេ។

 

៨. PC Windows នា​សម័យ​ទំនើប​បំពាក់​ដោយ  Touchscreen

 

 

ដូច​ដែល​បាន​រៀប​រាប់​ក្នុង​ចំណុច​ទី​៧​ អញ្ចឹង​ថា PC Windows មាន​ជម្រើស​សម្បូរ​បែប​ជាង Mac ព្រោះ​កុំព្យូទ័រ​ខ្លះ​អាច​ប្រើ​រហូត​ដល់​ទៅ Touchscreen ឯណោះ (ដូចជា Lenovo Yoga Pro 3, Dell Precision M3800, Dell Venue 11 Pro, Asus Transformer Book T100...)។ ដោយ​ឡែក​ចំពោះ Mac នៅ​មិន​ទាន់​មាន​កុំព្យូទ័រ​ដែល​អាច​ប្រើ​ Touchscreen ​បាន​នោះ​ទេ។

 

៩. បើ​និយាយ​ពី​ OS វិញ​ Windows មាន​ទាំង​លើ​កុំព្យូទ័រ​និង Tablet តែ​ OS X ​ វិញ​មាន​​​លើ​កុំព្យូទ័រ​ Macតែ​មួយ​ប៉ុណ្ណោះ។

 

១០. PC Windows និង Mac ប្រើ Shortcut Key ផ្សេង​ៗ​ពី​គ្នា​

 

 

នៅ​លើ PC Windows ពេល​ដែល​អ្នក​ចង់​ Print Screen រូបភាព​ទាំង​មូល​លើ​កុំព្យូទ័រ​ ត្រូវ​ចុច​ប៊ូតុង Windows ឲ្យ​ជាប់​និង​​ចុច​ PrtScn (Printscreen) ឬ​ក៏​​ប្រើ​កម្មវិធី​ Snipping Tool ដែល​អាច​កាត់​រូប​​ដែល​បាន​ Printscreen ហើយ​។ ចំពោះ​ Mac បើ​ចង់​យក​រូប Screenshot ដែល​អាច​កាត់​បាន​អ្នក​គ្រាន់​តែ​ចុច​ Command+shift+4នោះ​ជា​ការ​ស្រេច​។ នៅ​មាន​​ Shortcut Key ​នៅ​លើ​ PC Windows និង Macជា​ច្រើន​ទៀត​ដែល​ខុស​គ្នា។

 

**មាន​ចំណុច​ពិសេស​ៗ​ជា​ច្រើន​​​ដែល​ Mac និង​ PC Windows មាន​ផ្សេង​ៗ​ពី​គ្នា តែ​ចំណុច​មួយ​ដែល​ពិសេស​បំផុត​សម្រាប់ Mac គឺ​វា​មាន​កម្មវិធី Boot Camp ដែល​អាច​ឲ្យ​អ្នក​ដំឡើង Windows បាន​ដោយ​គ្រាន់​តែ​ចែក Space នៅ​លើ Hard Drive តែ​ប៉ុណ្ណោះ។

 

អានព័ត៌មានបច្ចេកវិទ្យា​សំខាន់​ៗ​ចុច​ត្រង់នេះ​

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត ប្រភព៖ ​​​businessinsider

អត្ថបទថ្មី