បាត់មុខ​យូរ តេង សាម៉ៅ ត្រឡប់​មក​វិញ​ជាមួយ​នឹង​ការ​ឲ្យ​លុយ​ធីប

  • 2014-12-06 16:50:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​វេទមន្ត​តាម​ដង​ផ្លូវ (Street Magic) របស់​ខ្មែរ​លោក តេង សាម៉ៅ បាន​ត្រឡប់​មក​វិញ​ហើយ បន្ទាប់​ពី​ខក​ខាន​បញ្ចេញ​ឃ្លិប​វីដេអូ​សប្បាយ​ៗ​តាម​ដង​ផ្លូវ​ជាមួយ​ប្រជាពលរដ្ឋ​ជា​យូរ​មក។ មក​លើក​នេះ កាន់​តែ​ប្លែក លោក​បាន​ផ្លាស់​ពី​របៀប​លេង​ជាមួយ​សន្លឹក​បៀរ នឹង​លេង​ពី​របៀប​ផ្ដល់​លុយ​ធីប។

 

តាម​រយៈ​វីដេអូ​ជាង​២នាទី គេ​ឃើញ​លោក តេង សាម៉ៅ បាន​ដើរ​ចូល​ហាង​កាហ្វេ​ទំនើប​មួយ​កន្លែង។ លោក​បាន​ទទួល​ចំណី​អាហារ​ខ្លះ​ៗ​នៅ​ទី​នោះ ហើយ​បន្ទាប់​ពី​គិត​លុយ សាម៉ៅ ទារ​រក​វិក្កយបត្រ​របស់​លោក។ តាម​ពិត គឺ​អ្នក​លេង​វេទមន្ត​រូប​នេះ ចង់​ជូន​ប្រាក់​ធីប​ដល់​បុគ្គលិក​របស់​ហាង​កាហ្វេ ប៉ុន្តែ​របៀប​នៃ​ការ​ជូន​របស់​លោក ខុស​ប្លែក​ពី​គេ ពោល​គឺ​លោក​បាន​ប្រើ​ទេពកោសល្យ​របស់​លោក​ប្រែ​ក្លាយ​ក្រដាស​វិក្កយបត្រ​មួយ​សន្លឹក​នោះ​ទៅ​ជា​ក្រដាស​ប្រាក់​ដុល្លារ​សហរដ្ឋ​អាមេរិក។

 

 

លោក ថ្លែង​ថា "ធម្មជាតិ​ជា​មនុស្ស យើង​គួរ​តែ​រៀន​ឲ្យ​ប្រសើរ​ជាង​រៀន​សុំ​ពី​គេ ពី​ព្រោះ​វា​ជា​សន្ដាន​ចិត្ត​នៃ​ការ​ចែក​រំលែក"។ ប្រិយមិត្ត​ជា​ច្រើន បាន​ចូល​រួម​ផ្ញើ​សារ​គាំទ្រ​សកម្មភាព​របស់​លោក សាម៉ៅ។ ប៉ុន្តែ​ពួក​គេ​នៅ​មាន​ចម្ងល់​មួយ​ថា តើ​ក្រដាស​ប្រាក់​ធីប​ដែល​លោក​បាន​ផ្ដល់​ជូន​ទៅ​បុគ្គលិក​ហាងកាហ្វេ និង​សន្តិសុខ​នោះ ពិត​ឬ​យ៉ាង​ណា?

 

លោក បាន​ប្រាប់ Sabay យ៉ាង​ខ្លី​ថា "ពិត"។ "អាច​ទៅ​សួរ​អ្នក​ទទួល​ប្រាក់​ពី​ខ្ញុំ​បាន...ថា​ពិត ឬ​ក្លែង​កា្លយ ហើយ​ចាយ​បាន​ឬ​អត់!”។ លោក សាម៉ៅ បន្ថែម​ជាមួយ​សំណើច​សើច​ក្អាកក្អាយ។

 

អ្នក​លេង​វេទមន្ត​ថ្ពិន​ភ្នែក​មក​ពី​ខេត្ត​បាត់​ដំបង​រូប​នេះ ប្រាប់​ទៀត​ថា លោក​នៅ​មាន​សកម្មភាព​សប្បាយ​ប្លែក​ៗ​មួយ​ចំនួន​ទៀត ត្រៀម​ផ្ដល់​ជន​ប្រិយមិត្ត ក៏​ដូច​ជា​អ្នក​គាំទ្រ​ទាំង​អស់​គ្នា។

 

ដូច្នេះ...រង់​ចាំ​តាម​ដាន​ទាំង​អស់​គ្នា...តែឥឡូវ​​មើល​ពី​របៀប​ជូន​លុយ​ធីប​សិន !!!

អត្ថបទ៖ ទារិកា

អត្ថបទថ្មី