ថោង សារ៉ាត់ នៅ​បាត់ខ្លួន ឪពុក-ម្តាយ​បន្ទន់​ជំហរ​

  • 2014-12-08 02:56:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រួសារ​ជន​សង្ស័យ​អាច​មាន​ទ្រព្យ​ដល់​ទៅ​ ៨០ ​លាន​ដុល្លារ​អាមេរិក,  តុលាការ​ចេញ​ដីកា​ឃុំ​ឪពុក-​ម្តាយ, ប៉ូលិស​រាយកម្លាំង​ឃ្លាំ​នៅ​ច្រក​ភ្នំដិន​ និង ​ព្រែក​ចាក , ការ​ផ្សាយ​ព័ត៌មាន​​មិន​ពិត​លើ​ការ​ចាប់​បាន​ជន​សង្ស័យ​ អាច​ត្រូវ​ចាត់​ថា​​រារាំង​កិច្ចការ​សមត្ថកិច្ច​​ , ប៉ូលិស និង កង​រាជអាវុធហត្ថ​អះអាង​ថា​ មិន​ទាន់​រក​ឃើញ​​ជន​សង្ស័យ​នៅឡើយ​....

 

 

នៅ​ក្នុង​ការ​វិវឌ្ឍចុង​ក្រោយ​​នៃ​សំណុំ​រឿង​បាញ់​សម្លាប់​ឧកញ៉ា​ អ៊ឹង ​ម៉េងជឺ ដែល​មហាជន​​​បាន​នឹង​កំពុង​តាម​ដាន​ដោយ​យកចិត្ត​ទុកដាក់​នោះ សាលាដំបូង​បាន​សម្រេច​ឃុំខ្លួន ម្ដាយ និង ឪពុក ជន​ជាប់​សង្ស័យ​ ថោង សារ៉ាត់ ដែល​រហូតមក​ដល់​ពេល​នេះ​ជនសង្ស័យ​ជា​កូន​​​នៅ​រត់គេច​​ខ្លួន​នៅ​ឡើយ។

 

ប្រភព​នៅ​សាលា​ដំបូង​ប្រាប់ ​Sabay នៅ​ល្ងាច​មិញ​នេះ​ថា ដោយ​ជាប់​ចោទ​ពី​បទ​ លាក់​អាវុធ​ខុស​ច្បាប់ និង ព្យាយាម​រារាំង​ការងារ​សមត្ថកិច្ច លោក ថោង ​ចំរើន ​​​ជាឪពុក ​និង ​អ្នកស្រី​កែវ​ សារី​ ត្រូវ​ជាម្តាយ​ត្រូវ​បញ្ជូន​ទៅ​កាន់​ពន្ធនាគារ​ព្រៃស​​​រង់​ចាំ​ការ​ជំនុំជម្រះក្ដី​ថ្ងៃក្រោយ។ ទោះ​បី​យ៉ាងណា ប្អូនប្រុស និង ភរិយា របស់​ជនសង្ស័យ ​ថោង ​សារ៉ាត់​ ត្រូវ​បាន​​ដោះ​លែង​វិញ ​នា​​ព្រឹក​ថ្ងៃ​ទី ៧ ខែ ធ្នូ នេះ បន្ទា​ប់ពី​បាន​ឃាត់​ខ្លួន​សាកសួរ។

 

មន្ត្រី​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យដឹង​ថា ចៅ​ក្រម ស្វាយ តុច បាន​ចេញ​ដីកា ឃុំខ្លួន លោក ថោង ចំរើន និង អ្នកស្រី កែវ សារី បន្ទាប់​ពី​បាន​​សាកសួរ​ពេញ​មួយ​ព្រឹក​កាល​ពី​ថ្ងៃ​អាទិត្យ​នេះ។

 

ឳពុក​ម្តាយ​​សូមទោស​​ស្នងការក្រុង

 

នៅចំពោះមុខ​បណ្តាញ​ព័ត៌មាន មុន​ត្រូវ​បញ្ជូន​ទៅកាន់​ពន្ធនាគារ​ព្រៃ ស អ្នកស្រី កែវ សារី និង លោក ថោង ចំរើន ដែល បាន​ថ្លែង​សូមទោស​ឧត្ដមសេនីយ៍ឯក ជួន សុវណ្ណ ស្នង​ការ​នគរបាល​រាជធានី​ភ្នំពេញ ដែល​អ្នក​ទាំងពីរ បាន​ប្រើ​ពាក្យ​សម្ដី​មិន​គប្បី ដោយ​ព្រមាន​ប្តឹង​ផ្តល់​កាល​ពី​ពេលធ្វើ​សន្និសីទ​កាសែត​ដំបូង។

 

អ្នក​ទាំងពីរ​បាន​និយាយ​ប្រាប់​ក្រុម​អ្នកសារព័ត៌មានថា “ខ្ញុំ​សូមទោស​ទៅ​កាន់​ឯកឧត្ដម ជួន សុវណ្ណ ខ្ញុំ​ដឹង​ខុស ខ្ញុំ​សូម​ទោស ហើយ​ដោះលែង​មិន​ដោះ​លែង​អាស្រ័យ​លើលោក”។

 

http://youtu.be/rgj-oLVaNfE?list=UUY70LlkxiaPm2VEOvN_cmaQ

 

អ្នក​ច្បាប់​បញ្ចេញ​យោបល់

 

លោក មេធាវី សុក សំអឿន នាយក​ប្រតិបត្តិ​នៃ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា បាន​បញ្ចេញ​​យោបល់​មកកាន់ Sabay ថា ការ​សូម​ទោស មិន​អាច​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​រួច​ទោស​បាន​ទេ ប្រសិន​បើការ​ជំនុំ​ជម្រះ​រក​ឃើញ​ថា ​ពួកគាត់​មាន​កំហុស​មែន។

 

« ការ​បន្ទន់​ឥរិយាបថ​បែបនេះ​ អាច​ជា​ស្ពាន​ឆ្ពោះ​ទៅ​រក​ស្ថាន​សម្រាល​ទោស ប៉ុន្តែ ខ្ញុំ​បញ្ជាក់​មិន​អាច​រួច​ទោស​បាន​នោះទេ!» លោកបន្ថែម។

ប្រសិន​បើ​តុលាការ​រក​ឃើញ​កំហុស​ដូចការ​ចោទ​ប្រកាន់ ឪពុក-ម្ដាយ ជន​ជាប់​សង្ស័យ​ អាច​ជាប់​ពន្ធនាគារ​ពី ៦ ខែ ទៅ ៣ ឆ្នាំ និង ពិន័យ​ជា​ប្រាក់​ពី ១ លាន​រៀល​ទៅ ៦ លាន​រៀល​​តាម​ក្រម​ព្រហ្ម​ទណ្ឌ​មាត្រា ៤៩០ ពី​បទ​លាក់​ទុក និង ប្រើប្រាស់​អាវុធ​ខុសច្បាប់។

លោក​មេធាវី សុក សំអឿន ក៏បាន​លើក​បន្ថែម​នូវ​មាត្រា ៩០៦ ស្ដីពី​បទ​ជ្រៀតជ្រែក​ដោយ​ខុសច្បាប់​ទៅ​ក្នុង​ការ​បំពេញ​មុខងារ​សាធារណៈ ដែល​បើក​ផ្លូវ​ដល់​ការ​ផ្ដន្ទា​ទោស​ពី ១ ឆ្នាំ ទៅ ៣ ឆ្នាំ និង ពិន័យ​ជា​ប្រាក់ពី ពីរ​លាន​រៀល ទៅ ប្រាំ​មួយ​លាន​រៀល។

 

បណ្តាញ​ព័ត៌មាន​​ ស្ថិតក្នុងការ​តាមដាន​របស់​សមត្ថកិច្ច​​លើការ​ផ្សាយព័ត៌មាន​មិនពិត​ជុំវិញការ​ ចាប់បានជនសង្ស័យ

 

ថ្ងៃ​សៅរ៍​​ចុង​សប្ដាហ៍​មុន​នេះ ​ពាក្យ​ចចាមអារ៉ាម​បាន​សាបព្រោះ​ពេញ​ទំហឹង​ថា សមត្ថកិច្ច​ឆ្មក់​ចូល​តំបន់​មួយ​ក្បែរ ព្រំដែន​កម្ពុជា-វៀតណាម​​ ​​ដើម្បី​ចាប់​ចង លោក​ ថោង សារ៉ាត់ ។​ ខ្លះ​ថា​ចាប់​បាន​នៅ​វៀត​ណាម ហើយ​ខ្លះ​ថា ចាប់​បាន​នៅ​ច្រក​ព្រំដែន​កម្ពុជា-វៀតណាម ព្រែកចាក។

 

ឧត្តម​សេនីយ៍​មួយ​រូប​ប្រាប់ Sabay ក្នុង​លក្ខខ័ណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា ការ​បង្កើត​រឿង​មិន​ពិត​លើ​សំណុំ​រឿង​កំពុង​រសើប​ ពិសេស​ការបំភន្ត័​មតិមហាជន​ថា​សមត្ថកិច្ច​រកឃើញ​ជនសង្ស័យ​ គឺ​ស្មើ​នឹង​ ​ការ​អុកឡុក​​​ការងារប៉ូលិស​ហើយថា ​​បណ្ដាញ​ផ្សព្វផ្សាយ​​ដែល​ចេញ​ការ​ពណ៌នា​ដោយ​គ្មាន​ប្រភព និង ​គ្មាន​ការ​ទទួល​ខុស​ត្រូ​វ​ដើម្បី​តែ​ប្រយោជន៍​បុគ្គល រឺ ស្ថាប័ន​ខ្លួន​កំពុង​ទទួល​ការឃ្លាំ​មើល។

 

លោក ជួន ណារិន្ទ ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ​ បាន​បញ្ជាក់​ប្រាប់ Sabay ថា រហូត​មក​ទល់​នឹង​ពេលនេះ សមត្ថកិច្ច​នៅ​មិន​ទាន់​ចាប់​បាន​ជន​សង្ស័យ ដែល​ជា​មេខ្លោង  នៅ​ឡើយ​ទេ។“ខ្ញុំ​អត់​ដឹង​ព័ត៌មាននេះ​ទេ មានគេទូរសព្ទសួរខ្ញុំដែរ! សមត្ថកិច្ច​កំពុង​បន្ត​ធ្វើការ ដូច្នេះ​​សុំ​ទុក​អោយ​ប៉ូលិស​ធ្វើ​ការ​! »

 

លោក ឆៃ ស៊ីណារិទ្ធិ ប្រធាន​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃ​ក្នុង​នៅ​ក្រសួង​មហាផ្ទៃ​បាន​បញ្ជាក់​ដែរ​ថា សមត្ថកិច្ច​នៅ​មិន​ទាន់​ចាប់​បាន លោក ថោង សារ៉ាត់ បាន​នៅ​ឡើយ ប៉ុន្តែ​ថា ​សមត្ថកិច្ច​កំពុង​ដុតដៃ​ដុតជើង​​លើ​ករណីនេះហើយ។

 

លោក អ៊ុក សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ អះ​អាង​ភ្លាមៗ​ប្រាប់ Sabay ពេល​មានព័ត៌មាន​​ថា មាន​ការ​ចាប់​ខ្លួន​ជន​ជាប់​សង្ស័យ​នៅ​ក្នុងមូលដ្ឋាន​របស់​លោក​នោះ​ថា កម្លាំង​សមត្ថកិច្ច​បាន​បិទ​ច្រក​របៀងតូច-ធំ រួម​ទាំង​ច្រកទ្វារ​អន្តរជាតិ​ភ្នំដិន​ហើយថា ​គេនៅមិនទាន់​មាន​តម្រុយ​ទីតាំង​ដែល​ជនសង្ស័យ​អាច​នឹង​ជ្រកកោនទេ។

 

មន្ត្រី​នាំ​ពាក្យ​កង​រាជអាវុធ​ហត្ថ​ លោក ខេង ទីតូ ក៏​បាន​និយាយ​ប្រាប់ Sabay កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ​នេះ​ដែរ​ថា រហូត​មក​ទល់​នឹង​ពេលនេះ សមត្ថកិច្ច រួម​ទាំង​កម្លាំង​រាជអាវុធហត្ថ​ពុំទាន់​ចាប់​ជនសង្ស័យ លោក ឧកញ៉ា ថោង សារ៉ាត់ នៅឡើយ។ លោក​ចាត់ទុកថា ព័ត៌មាន​ថា ចាប់​បាន​ជន​សង្ស័យ គឺគ្រាន់តែ​ជាពាក្យ​ចចាមអារ៉ាម​ប៉ុណ្ណោះ។

 

លោក​បាន​បញ្ជាក់​ថា សមត្ថកិច្ច​បាន​រាយ​កម្លាំង​គ្រប់​ទីកន្លែង គ្រប់​ច្រក​ព្រំដែន ហើយ​លោក​ជឿថា លោក ថោង សារ៉ាត់ នៅ​ពួន​ក្នុង​ប្រទេសកម្ពុជា​នៅឡើយ ដែល​សមត្ថកិច្ច​នឹង​ព្យាយាម​រក​ឲ្យឃើញ ។ “វាមិន​ស្រួល​ទេ​ប្អូន​គេព្យាយាម​លាក់ខ្លួន ឯ​យើង​តាម​ចាប់ តែ​ខ្ញុំជឿថា សមត្ថកិច្ច​នឹង​រក​ឃើញ​មិនខាន”។

ករណីឃាត់ខ្លួនសាកសួរភរិយា និង ប្អូនប្រុស ជនសង្ស័យ

ករណីឃាត់ខ្លួនសាកសួរភរិយា និង ប្អូនប្រុស ជនសង្ស័យសាលា​ដំបូង​រាជធានី​បាន​សម្រេច​ដោះលែង លោក ថោង បូណា ដែល​ត្រូវ​ជាប្អូនប្រុស​បង្កើត និង អ្នកស្រី ទាវ ធីតា ភរិយាទី២ របស់លោក ថោង សារ៉ាត់ ឲ្យ​មាន​សេរីភាព កាលពី​ព្រឹកមិញ​នេះ បន្ទាប់​ពី​រក​ឃើញថា មិន​បាន​ជាប់ពាក់ព័ន្ធ​ក្នុង​សំណុំ​រឿង​សម្លាប់ ឧកញ៉ា អ៊ឹង ម៉េងជឺ។ នេះ​បើ​យោង​តាម​បណ្ដាញសារព័ត៌មាន​នានា​រាយ​ការណ៍​​នៅ​​ថ្ងៃ​អាទិត្យ​។

 

គ្រួសារ​ជនសង្ស័យមាន​ទ្រព្យប្រមាណ​ជា​៨០លានដុល្លារ​ ប្រភព​មិន​ផ្លូវការ​មក​ពី​ក្រុម​វាយ​តម្លៃ​អចលនៈវត្ថុ​ និង ទំហំពាណិជ្ជកម្ម​អះអាង​ប្រាប់ ​Sabay ថា​​ គ្រួសារ​លោក ថោង​សារ៉ាត់ មាន​ដីធ្លី មុខរបរ​អាហារ​ និង សំណង់​ដែល​មាន​ប្រាក់សរុប​​លើ​ការប៉ាន់​ស្មាន​មិន​ក្រោម ៨០ លា​ន ដុល្លា​អាមេរិក​ឡើយ។ ការ​ប៉ាន់​ប្រមាណនេះ​មិន​រាប់​បញ្ចូល​នូវ​កម្ម​សិទ្ធិ​ដី​រួមគ្នា​ជាមួយ​អ្នកដទៃ​ និង ភាគហ៊ុន​នៅ​ឯ​ក្រុមហ៊ុន​ផ្សេងៗ​ដែល​មិន​បាន​បញ្ចេញ​អោយ​ដឹង​ជា​សាធារណៈ​នោះផង។ ចំណូល​សំខាន់​របស់​គ្រួសារ​នេះ គឺប៉ាតេ ៩៩៩ ដែល​ចរាចរណ៍​ទូទំាង​ប្រទេស និង ​បាន​ទទួល​ជោគជ័យ​ជាខ្លាំង។ អ្នកស្រី​កែវ​សារី​ជា​អ្នក​ដើរ​តួនាទី​យ៉ាង​សំខាន់ ​និង សកម្ម​បំផុត​លើ​មុខរបរ​នេះ។

 

វាសនា​អង្គរក្សទាំង ៤

សាលា​ដំបូង​កាល​ថ្ងៃ​សុក្រ​សប្ដាហ៍ បាន​សម្រេច​ចោទ​ប្រកាន់​ជន​សង្ស័យ​ទាំង ៤ នាក់ ជា​អង្គរក្ស​ ឧកញ៉ា ថោង សារ៉ាត់ ពី​បទ​មនុស្សឃាត​គិត​ទុក​ជា​មុន​លើឧកញ៉ា អ៊ឹង ម៉េងជឺ និង បញ្ជូន​ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ។ ជន​សង្ស័យ​ទាំង ៤ នាក់ រួមមាន ឈ្មោះ សៀង វាសនា ជាឃាតក​ដៃ​ដល់ ឈ្មោះ លី សៅ ជា​អ្នក​បើក​ម៉ូតូ​ឌុប​ឃាតក ឈ្មោះ កុយ ច័ន្ទថុល និង មាស សម្បត្តិ ជាអ្នក​ជិះ​ម៉ូតូ​តាមពីក្រោយ។

នៅ​ក្រៅ​សាលាដំបូង​មេធាវី​ការពារ​ជន​រងគ្រោះ​អះអាង​ថា កូនក្តី​លោក​បាន​សារភាព​ហើយ៕

អត្ថបទថ្មី